កីឡាអន្តរជាតិ
អន្តរជាតិ
លោក Vilanova អតីត​គ្រូបង្វឹក Barcelona ស្លាប់​ក្នុង​អាយុ៤៥ឆ្នាំ​ដោយសារ​មហារីក
26, Apr 2014 , 12:13 am        
រូបភាព
ដោយ: រួបរួម
ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelona បានប្រកាស​នៅ​ថ្ងៃ​សុក្រ ទី២៥ ខែមេសា ឆ្នាំ២០១៤ ថា អតីត​អ្នកចាត់ការ​ទូទៅ​របស់​ខ្លួន គឺ លោក Tito Vilanova បានទទួល​មរណភាព​ហើយ​ក្នុង​អាយុ៤៥ឆ្នាំ បន្ទាប់ពី​រង​ការ​ញាំញី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដោយសារ​ជំងឺមហារីក។



កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ២០១១ លោក Vilanova បានទទួល​ការវះកាត់​យក​សាច់ដុំ​ចេញពី​បំពង់ក ប៉ុន្តែ​ជំងឺ​បាន​លាប់​ឡើងវិញ​កាលពី​ខែធ្នូ ឆ្នាំ២០១២ ។ ដោយសារ​បញ្ហា​សុខភាព​នេះហើយ ទើប​លោក Vilanova បាន​លាលែង​តំណែង​ជា​គ្រូបង្វឹក Barcelona កាលពី​ខែកក្កដា ឆ្នាំ២០១៣ ដើម្បី​បន្ត​ព្យាបាល​ជំងឺ ហើយ​លោក Gerardo Martino បាន​ចូលទៅ​ដឹកនាំ​បង្វឹក​បន្ត។

ក្លិប Barcelona បានចេញ​សេចក្តីថ្លែងការណ៍​នៅថ្ងៃនេះ​ថា៖ «FC Barcelona មានទុក្ខ​ដ៏​ក្រៀមក្រំ។ លោក Tito Vilanova បានទទួល​មរណភាព​ក្នុង​អាយុ៤៥ឆ្នាំ។ សូម​លោក​បាន​ទៅកាន់​សុគតិភព»។

លោក Tito Vilanova ដែលមាន​សញ្ជាតិ​អេ​ស្ប៉ា​ញ គឺជា​អតីត​កីឡា​យុវជន​របស់ Barcelona ហើយ កាលពី​ខែមិថុនា ឆ្នាំ២០១២ លោក​ត្រូវបានតែងតាំង​ឲ្យ​បន្តវេន​ពី​លោក Pep Guardiola ដែល​បាន​សម្រេចចិត្ត​លាលែង​ពី​បាល់ទាត់ ប៉ុន្តែ​ក្រោយមក​ទៅ​ដឹកនាំ Bayern Munich រហូតមកដល់​បច្ចុប្បន្ន។ លោក Vilanova បាន​នាំ Barcelona ឈ្នះ​ពាន La Liga សម្រាប់​រដូវ​កាល២០១២-២០១៣ ៕

© រក្សាសិទ្ធិដោយ thmeythmey.com