កីឡាអន្តរជាតិ
អន្តរជាតិ
ការ​ភ្លាត់​ស្នៀត​របស់ Liverpool នាំ​ឲ្យ Chelsea វិល​ទៅ​កាន់​ការ​ប្រជែង​វិញ
28, Apr 2014 , 9:23 am        
រូបភាព
ដោយ: ថ្មីៗ
ការ​ភ្លាត់​ស្នៀត​មួយ​ពី​សំណាក់​ខ្សែ​បម្រើ Steven Gerrard បាន​ជួយ​ឲ្យ​ក្រុម Chelsea ទទួល​ជ័យ​ជម្នះ ២-០ លើ​ក្រុម Liverpool ដែល​កំ​ពុង​តែ​នាំ​មុខ​លើ​តា​រាង Premier League នៅ​កីឡ​ដ្ឋាន Anfield កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​វិល​ទៅ​កាន់​ការ​ប្រជែង​ដណ្តើម​ពាន​វិញ​។



ប្រធាន​ក្រុម​របស់ Liverpool រូប​នេះ បាន​បាត់​បង់​ជំ​ហរ​​​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ក្នុង​តង់​ទី​១ ដែល​នាំ​ឲ្យ​ខ្សែ​ប្រយុទ្ធ Demba Ba ទទួល​បាន​បាល់ និង​ស៊ុត​បាល់​បំ​ប៉ោង​សំ​ណាញ់ ខណៈ​ដែល​ខ្សែ​បម្រើ Willian បាន​បន្ថែម​ការ​នាំ​មុខ​នៅ​ជិត​បញ្ចប់ការ​ប្រកួត​ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់​លោក Jose Mourinho ដេញ​តាម​ពី​ក្រោយ​ក្រុម​កំ​ពូល​តា​រាង​ចំនួន​២​ពិន្ទុ​។

លទ្ធ​ផល​នេះ បាន​ធ្វើ​ឲ្យ​ដំណើរ​នៃ​ការ​មិន​ស្គាល់​ចាញ់​របស់​ក្រុម Liverpool បញ្ចប់​ត្រឹម​១១​ប្រកួត ហើយ​បើ​ទោះ​បី​វា​បាន​បង្កើត​ឱកាស​ការ​ប្រជែង​ដណ្តើម​ពាន​របស់ Chelsea សារ​ជា​ថ្មី​ក៏​ដោយ ប៉ុន្តែ អត្ថ​ប្រយោជន៍​ដ៏ពិត​ប្រាកដ​នោះ​​អាច​នឹង​ធ្លាក់​ទៅ​លើ​ក្រុម Manchester City​។

Man City បាន​ទទួល​ជ័យ​ជម្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ Crystal Palace ក្នុង​លទ្ធ​ផល ២-០ ក្នុង​ការ​ប្រកួត​មួយ​គូ​ផ្សេង​ទៀតកាល​ពី​ថ្ងៃ​អាទិត្យ​។ ពួក​គេ​នឹង​ត្រូវ​លេង​ការ​ប្រកួត​ក្នុង​ដៃ​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​ផ្ទះ​ខ្លួន​ឯង​ជា​មួយ​នឹង​ក្រុម Aston Villa រយៈ​ពេល​មួយ​សប្តាហ៍ មុន​នឹង​ឈាន​ដល់​សប្តាហ៍​ចុង​ក្រោយ​នៃ​រដូវ​កាល​នេះ​។

Man City និង Chelsea សុទ្ធ​សឹង​លេង​មុន​ក្រុម Liverpool នៅ​សប្តាហ៍​ក្រោយ ដោយ Man City នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅប្រកួត​នៅ​លើ​ទឹក​ដីក្រុម Everton ហើយ Chelsea ត្រូវ​ទទួល​ភ្ញៀវ Norwich City មុន​នឹង​ក្រុម Liverpool របស់​លោក Brendan Rodgers ធ្វើ​ដំណើរ​ទៅកាន់​ទឹក​ដី Palace នៅ​ថ្ងៃ​ចន្ទ​៕

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com