ប្លែកៗ
អន្តរជាតិ
លោក​អូ​បា​ម៉ា​ត្រូវបាន​គេ​ហាមឃាត់​មិនអោយ​ចូលក្នុង​យន្តហោះ​ដោយសារ​ក្លិន​ទុរេន
29, Apr 2014 , 12:27 pm        
រូបភាព
ដោយ: ថ្មីៗ
មុន​បន្តដំណើរ​ទៅកាន់​ប្រទេស​ហ្វីលីពីន​ដែលជា​ទិសដៅ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ា​ក់​អូ​បា​ម៉ា មកកាន់​តំបន់​អាស៊ី លោក​ត្រូវបាន​ក្រុម​សន្តិសុខ​សម្ងាត់ ដែលជា​ផ្នែក​មួយ​នៃ​ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក ហាមឃាត់​មិន​ចូលក្នុង​យន្តហោះ ដោយសារ​ម៉ាស៊ីន​ចាប់​ឧស្ម័ន​គ្រោះថ្នាក់ ដំណើរការ​ដោយ​ក្លិន​ទុរេន​ចេញពី​ខ្យល់​ដកដង្ហើម​លោក​អូ​បា​ម៉ា។



នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ហាក់បីដូច​ជាមាន​ភាព​សប្បាយរីករាយ​ក្នុងការ​ភ្លក់​រសជាតិ​ផ្លែឈើ​សម្បូរបែប​ជាពិសេស​គឺ​ផ្លែ ទុរេន ដែលមាន​ក្លិន​អាក្រក់ តែបើ​និយាយ​ពី​រសជាតិ​នោះ​គឺ​ផ្អែម​ឆ្ងាញ់​មិនអាច​បំភ្លេចបាន​នោះ។ តែ​រឿងរ៉ាវ​មិនគួរ​អោយ​ជឿ​មួយ​បាន​កើតមានឡើង​មុនពេល​លោក​ចាក​ចេញពី​ប្រទេស​ម៉ាឡេស៊ី​ទៅកាន់​ប្រទេស​ហ្វីលីពីន​នោះ គឺ​លោក​អូ​បា​ម៉ា ត្រូវបាន​ភ្នាក់ងារ​សន្តិសុខ​ផ្ទាល់ខ្លួន​របស់លោក​ហាម​មិនអោយ​លោក​ចូលក្នុង​យន្តហោះ ខណៈពេលដែល​លោក​ឡើងដល់​ទ្វា​យន្តហោះ​ទៅហើយនោះ។ ហើយ​លោក​ត្រូវបាន​ភ្នាក់ងារ​សន្តិសុខ​ទាំងនោះ​អញ្ជើញ​អោយចូល​ទៅក្នុង​រថយន្ត​របស់លោក និង​ធ្វើដំណើរ​ទៅកាន់​បន្ទប់​រង់ចាំ​សម្រាប់​ភ្ងៀ​វ​ពិសេស ដើម្បីអោយ​លោក​អូ​បា​ម៉ា​ខ្ពុរមាត់​ដើម្បី​បំបាត់​ក្លិន​អាក្រក់​នៃ​ផ្លែ​ទុរេន​នោះ។

អ្នកនាំពាក្យ​ម្នាក់​របស់​ភ្នាក់ងារ​សន្តិសុខ​សម្ងាត់​អាមេរិក ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ បានអោយដឹងថា វិធានការ​ដ៍​តឹងតែង​ដែល​បាន​ធ្វើឡើង​នេះ គឺ​មិនមែនជា​រឿង​សាមញ្ញ​ឡើយ ប៉ុន្តែ​ពួកគេ​ត្រូវ​តែ​ធ្វើ​ដើម្បី​ធានាថា វា​ពិត​ជាមាន​សុវត្ថិភាព​គ្រប់គ្រាន់​ហើយ​ឬ​នៅ នៅក្នុង​ដំណើរ​របស់លោក​ប្រធានាធិបតី​នៅលើ​យន្តហោះ​នោះ ហើយ​ដោយសារ​ផ្លែឈើ​នៅ​តំបន់​អា​ស៊ីមាន​ក្លិន​ខ្លាំង​ហើយ​វា​អាច​បង្កអោយមាន​បញ្ហា​ដល់​ការហោះហើរ​ផងដែរ។

លោក​បាន​បន្ថែមថា​លោក​ពិតជា​សូម​អភ័យទោស​ចំពោះ​លោក​ប្រធានាធិបតី ប៉ុន្តែ​វា​ជា​កាតព្វកិច្ច និង​ជា​វិន័យ​មួយ​ក្នុងការ​ត្រូតពិនិត្យ​លើ​ក្លិន​ចម្លែក​ដែល​អាចធ្វើអោយ​មាន​បញ្ហា​ដល់​ដំណើរ​ហោះហើរ​នៃ​យន្តហោះ​នោះ។

កាតព្វកិច្ច​របស់​ពួកគេ​គឺ​ថែរក្សា​សុវត្ថិភាព​របស់​ប្រធានាធិបតី តែបើ​ប្រធានាធិបតី​កំពុង​ប្រឈមមុខ​នឹង​គ្រោះ​ថា្នក់​ដោយ​បញ្ហា​បែបនេះ ពួកគេ​ចាំបាច់​ត្រូវការពារ​មិនអោយ​បញ្ហា​កើតមានឡើង។ ក្រុម​សន្តិសុខ​ទាំង​នោះបាន​អះអាងថា ក្រោយ​ពេលដែល​លោក អូ​បា​ម៉ា​ឡើងដល់​ជណ្តើ​យន្តហោះ លោក​បាន​និយាយ​ពាក្យ​សួស្តី​ទៅកាន់​ពួកគេ​តែ​ក្លិន​ដែល​ចេញ​មកពី​មាត់​របស់លោក​បា​រ៉ា​ក់ អូ​បា​ម៉ា   ពិត​អាចជា​ធ្វើអោយ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ការពារ​បញ្ហា​នៅក្នុង​យន្តហោះ​ដំណើរ​ការមិន​ខាន​ទេ។

ចំពោះ​លោក​អូ​បា​ម៉ា បានអោយដឹង​ផងដែរ​ថា លោក​ពិតជា​មិនអាច​អត់ធ្មត់​ចំពោះ​ការមិន​ភ្លក់​រសជាតិ​ផ្លែ​ទុរេន​នៅតាម​ដងផ្លូវ​នៅក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​នោះឡើយ ដោយសារ​វា​បាន​រំលឹក​លោក​អំពី​អនុស្សាវរីយ៍​ដែល​លោក​ធ្លាប់មាន​កាលពី​ក្មេង​ដោយ​លោក​បាន​រីក​ធំធាត់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី៕

ប្រែ​សម្រួល​ដោយ សៅ ផលនិស្ស័យ



© រក្សាសិទ្ធិដោយ thmeythmey.com