សុខភាព
អន្តរជាតិ
លោក ប៊ីល ហ្គេត៖ មូសជា​សត្វ​ដែល​សម្លាប់​មនុស្ស​ច្រើនជាងគេ​បំផុត​នៅលើ​លោក
01, May 2014 , 10:20 pm        
រូបភាព
ដោយ:
មហាសេដ្ឋី​ទី១របស់​ពិភពលោក គឺ លោក ប៊ី​ល ហ្គេ​ត (Bill Gate)បាន​ចែករំលែក​របាយការណ៍​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក នៅក្នុង​បណ្ដាញ​សង្គម Twitter របស់លោក​កាលពីពេល​កន្លងទៅថ្មីៗនេះ ដែល​របាយការណ៍​នោះបាន​បង្ហាញថា សត្វ«មូស» គឺជា​សត្វ​ដែល​សម្លាប់​មនុស្ស​អស់​ច្រើនជាងគេ​នៅលើ​ពិភពលោក។


បើ​យោងតាម​របាយការណ៍​នោះ សត្វ«មូស» បានសម្លាប់​មនុស្ស​អស់​ចំនួន ៧២៥ ០០០ នាក់​ក្នុងមួយឆ្នាំៗ តាមរយៈ​ការចម្លង​មេរោគ​ជំងឺគ្រុនចាញ់ និង​គ្រុនឈាម ខណៈពេលដែល​មនុស្ស​បាន​សម្លាប់​មនុស្ស​គ្នាឯង​ចំនួន ៤៧៥ ០០០ នាក់។

ចំណែកឯ «ពស់» បានសម្លាប់​មនុស្ស​អស់​ចំនួន ៥ ម៉ឺន​នាក់ ហើយ​សត្វ«ឆ្កែ» បានសម្លាប់​មនុស្ស​អស់ ២៥ ០០០ នាក់ ក្នុងមួយឆ្នាំៗតាមរយៈ​ការ​ខាំ​និង​ចម្លងជំងឺ​ឆ្កែឆ្កួត​ទៅកាន់​មនុស្ស។ ជាមួយគ្នានេះដែរ​សត្វ​រុយ​បឺត​ឈាម សត្វល្អិត Assassin Bug និង​ខ្យងហៀន​ទឹកសាប បានសម្លាប់​មនុស្ស​ជាង ១ ម៉ឺន​នាក់​ក្នុងមួយឆ្នាំៗ ។

របាយការណ៍​នោះ​ក៏បាន​បង្ហាញថា ក្នុងមួយឆ្នាំៗ ព្រូន​តេ​ញ៉ាស​ម្លា​ប់​ជាង ២៥០០ នាក់ ព្រូនទំពក់​សម្លាប់​មនុ​ស្ស ២០០០ នាក់ ក្រពើ​សម្លាប់​មនុស្ស​ជាង ១០០០ នាក់ ដំរីទឹក​សម្លាប់​មនុស្ស​ជាង ៥០០ នាក់ តោ និង​ដំរី​សម្លាប់​មនុស្ស​ជាង ១០០ និង​សត្វ​ឆ្កែចចក និង​ត្រី​ឆ្លាម បានសម្លាប់​មនុស្ស​អស់​ជាង ១០ នាក់​ក្នុង​មូ​យឆ្នាំៗនោះ។

ការបង្ហាញ​នូវ​ទិន្នន័យ​សត្វ​ដែល​សម្លាប់​មនុស្ស​ច្រើនជាងគេ​នេះ គឺ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​លោក ប៊ី​ល ហ្គេ​ត បានមក​កាន់​ខេត្ត​ប៉ៃលិន​ប្រទេស​កម្ពុជា ដើម្បី​ពិនិត្យ​ពី​ដំណើរការ​គម្រោង​សុខភាព​នៃ​មូលនិធិ Bill&Melinda Gates Foundation ក្នុងទិសដៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅក្នុង​ប្រទេស​កម្ពុជា។

លោក ប៊ី​ល ហ្គេ​ត បាន​សរសេរ​នៅក្នុង​ប្លុក​របស់លោក​ថា៖«ប្រសិនបើ​យើង​អាច​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា យើង​មិនអាច​ត្រឹមតែ​ជួយសង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ យើង​ថែមទាំង​អាច​រារាំង​ការ​រាលដាល​ទៅកាន់​កន្លែង​ផ្សេងទៀត»៕


© រក្សាសិទ្ធិដោយ thmeythmey.com