កីឡាអន្តរជាតិ
អន្តរជាតិ
Fulham និង Cardiff ធ្លាក់​ចេញពី​ក្របខណ្ឌ Premier League
04, May 2014 , 8:46 am        
រូបភាព
លោក Ole Gunnar Solskjær ខក​ចិត្ត​ដែលមិន​អាច​ដឹកនាំ Cardiff រក្សា​ខ្លួន​ក្នុងក្របខណ្ឌកំពូល
លោក Ole Gunnar Solskjær ខក​ចិត្ត​ដែលមិន​អាច​ដឹកនាំ Cardiff រក្សា​ខ្លួន​ក្នុងក្របខណ្ឌកំពូល
ដោយ: ថ្មីៗ
Fulham និង Cardiff City ត្រូវបាន​កាត់​ចេញពី​ក្របខណ្ឌ Premier League កាលពី​ថ្ងៃ​សៅរ៍ ក្រោយពី​ការរង​បរាជ័យ​ក្នុងការ​ប្រកួត​ជិត​បញ្ចប់​រដូវ​កាល​ដែក​បានធ្វើ​ឲ្យ​ពួកគេ​អស់​ឱកាស​ក្នុង​ការឈាន​ទៅកាន់​តំបន់​សុវត្ថិភាព។ ពួកគេ​ត្រូវ​ធ្លាក់​ទៅលេង​ក្របខណ្ឌ Champioship ជំនួស Leicester និង Burnley។



វត្តមាន​រយៈពេល១៣ឆ្នាំ​របស់ Fulham ក្នុង​ក្របខណ្ឌ​កីឡាបាល់ទាត់​កំពូល​របស់​អង់គ្លេស ត្រូវបាន​បញ្ចប់​ដោយ​ការរង​បរាជ័យ​ក្នុង​លទ្ធផល ៤-១ នៅលើ​ទឹកដី​ក្រុម Stoke City ខណៈដែល Cardiff បាន​ដាំ​ក្បាល​ចុះទៅ​កាន់​ក្របខណ្ឌ Championship ក្រោយពី​ការរង​បរាជ័យ ៣-០ នៅលើ​ទឹកដី​ក្រុម Newcastle United។

ជោគវាសនា​របស់​ក្រុម​ទាំងពីរ ត្រូវបាន​បញ្ចប់​ដោយ​ការទទួល​ជ័យជម្នះ​ដ៏​មិន​នឹកស្មាន​ដល់​ក្នុង​លទ្ធផល ១-០ របស់​ក្រុម Sunderland នៅលើ​ទឹកដី​ក្រុម Manchester United ដែល​បានធ្វើ​ឲ្យ​ក្រុម​របស់លោក Gus Poyet មាន៤ពិន្ទុ​ពីលើ​ក្រុម Fulham និង៥ពិន្ទុ​ពីលើ​ក្រុម​បា​តុ​តារាង Cardiff។

Sunderland អាច​សង្គ្រោះ​ទីតាំង​របស់ខ្លួន​ឲ្យ​មាន​សុវត្ថិភាព​តាមរយៈ​ការទទួល​ជ័យជម្នះ​ការប្រកួត​ដែល​នៅសល់​ក្នុង​ដៃ​របស់​ពួកគេ​នៅពេល​ទទួល​ក្រុម​ភ្ញៀវ West Bromwich Albion នៅ​ថ្ងៃ​ពុធ បើទោះបី​ពួកគេ​នឹងមាន​សុវត្ថិ​ភាពជា​ស្ថាពរ ប្រសិនបើ Norwich City រង​បរាជ័យ​នៅលើ​ទឹកដី​ក្រុម Chelsea នា​ថ្ងៃអាទិត្យ​នេះ​ក៏ដោយ។

ដោយ​ក្រុម​ដែល​ឡើង​ពី​ក្របខណ្ឌ Championship នោះ មាន​ចំនួន​ពីរ​ក្រុម​ហើយ​ដែល​ក្នុងនោះ​មាន Leicester ដែលជា​ម្ចាស់​ជើងឯក និង Burnley ខណៈ​ក្រុម​បួន​ទៀត Derby, QPR, Wigan និង Brighton ត្រូវ​ឆ្លងកាត់​ការប្រកួត Playoff ដើម្បី​ដណ្តើមយក​កៅអី​មួយទៀត​សម្រាប់​ក្របខណ្ឌ​កំពូល៕

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com