អន្តរជាតិ
បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​គ្របដណ្តប់​កិច្ចប្រជុំ​កំពូល​អាស៊ាន
11, May 2014 , 1:31 pm        
រូបភាព
ដោយ: ថ្មីៗ
នៅ​ថ្ងៃអាទិត្យ​នេះ​បណ្តា​មេដឹកនាំ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន បាន​ជួបប្រជុំគ្នា​នៅក្នុង​ទីក្រុង​ណៃ​ពី​ដោរ ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ប្រារព្ធ​ឡើង​នូវ​កិច្ចប្រជុំ​កំពូល​លើក​ទី២៤ តែ​បញ្ហា​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ស្របពេល ដែលមាន​ការកើនឡើង​នូវ​ភាព​តានតឹង និង​ការកើនឡើង​នូវ ការព្រួយបារម្ភ​ចំពោះ​សកម្មភាព​ថ្មី​របស់​ក្រុង​ប៉េកាំង​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។



ស្តាប់សំឡេង លោក អ៊ឹង ចំរើន


កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៤ ដែលមាន​ការចូលរួម​ពី​បណ្តា​មេដឹកនាំ​ជា​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​ទាំងអស់ កំពុង​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​រដ្ឋធានី Naypyidaw នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ដែលជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ២០១៤នេះ ហើយ​កិច្ចប្រជុំ​នេះ​បានចាប់ផ្តើម​មួយថ្ងៃ​ក្រោយពេល​ប្រទេស​វៀតណាម និង​ហ្វីលីពីន កំពុង​ប្រមុខ​ដាក់គ្នា​ខ្លាំង​ជាមួយ​ចិន លើ​ដែនទឹក​ដែលមាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

បណ្តា​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ខ្លាំង​បំផុត ចំពោះ​ការវិវត្ត​ទៅមុខ​នៃ​បញ្ហា​នេះ នៅក្នុង​សេចក្តីថ្លែងការណ៍​គ្នា​មួយ​ដែល​ចេញផ្សាយ​មួយថ្ងៃ​មុនពេល​មាន​កិច្ចប្រជុំ​កំពូល ដែល​សេចក្តី​ថ្លែង​ការ​នេះ​ស្វែងរក​ការ​សាមគ្គី​និង​រួបរួមគ្នា​របស់​សមាជិក​ទាំង១០នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​ភាគី​ជម្លោះ​ដែលជា​ប្រទេសជិតខាង​មហា​យក្ស​ចិន​នោះ។

កិច្ចប្រជុំ​កំពូល​លើក​ទី២៤ នេះ​ត្រូវបាន​រៀបចំ​ឡើងជា​លើកដំបូង ដោយ​ប្រទេស​ប្រជាធិបតេយ្យ​ថ្មីថ្មោង​មី​យ៉ាន់​ម៉ា កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង ហើយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក្លាយជា​ប្រធានបទ​សំខាន់​ដែល​នឹងត្រូវ​យកមក​ពិភាក្សា​នៅក្នុង​ជំនួប​នេះ។

ភាព​តានតឹង​បាន​បន្ត​កើនឡើង​ខ្លាំង​នៅក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​នាវា​វៀតណាម និង​នាវា​របស់​ចិន ដែល​កើតឡើង​ដោយសារ​វៀតណាម​បាន​ព្យាយាម​រារាំង​ចិន​មិនអោយ​តម្លើង​ឧបករណ៍​បូម​យក​ប្រេង​នៅក្បែរ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល។ នេះ​មិនមែនជា​លើក​ទី១ ទេ ដែល​ប្រទេស​កុម្មុយនីស្ត​ទាំងពីរ ចិន​និង​វៀតណាម​ប៉ះទង្គិច​គ្នា​នៅក្នុង​តំបន់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ  ព្រោះ​ប្រទេស​ទាំងពី​ធ្លាប់​ប៉ះទង្គិច​គ្នា​ជា​ច្រើនដង​មកហើយ ហើយក៏​បណ្តាលអោយមាន​មនុស្ស​របួស និង​ស្លាប់​ជាច្រើន​នាក់​ផងដែរ។

មនុស្ស​ជាច្រើន មាន​ចំងល់​ថា តើ​មី​យ៉ាន់​ម៉ា ក្នុងនាម​ជា​ប្រធាន​របស់​អាស៊ាន នឹង​រក្សា​ជំហរ​របស់ខ្លួន​បែបណា​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​សមា​គម​ន៍​ទាំងមូល ខណៈពេលដែល​ខ្លួន​ជា​សម្ព័ន្ធមិត្ត​ជិត​ស្និ​ទ្ធិ​របស់​ចិន​តាំងពី​យូរយារ​ណាស់​មកហើយ ពោល​គឹ​តាំងពី​របប​យោធា​នៅមាន​ឥទ្ធិពល​ម្ល៉េះ​នោះ។

តែ​យ៉ាងណា​មី​យ៉ាន់​ម៉ា​ខ្លួនឯង​ធ្លាប់បាន​អះអាង​ជាស្រេច​ហើយ​ថា សម្រាប់​តួនាទី​ជា​ប្រ​ធា​អាស៊ាន មី​យ៉ាន់​ម៉ា​បាន​រៀនសូត្រ​ច្រើន​អំពី​អ្វីដែល​កើតមានឡើង​ពីមុន ជាពិសេស​បញ្ហា​ដែល​កើតមានឡើង​នៅ​កម្ពុជា ខណៈពេលដែល​កម្ពុជា​ប្រធាន​អាស៊ាន​កាលពី​ឆ្នាំ ២០១២នោះ។

គួរ​បញ្ជាក់ថា ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​មាន​ភាគី​ជាប់​ពាក់ព័ន្ធ​ចំនួន៦មានដូចជា ចិន វៀតណាម ហ្វីលីពីន ម៉ា់ឡេស៊ី ប្រ៊ុយណេ និង​តៃវ៉ាន់ ហើយ​ប្រទេស​ចិន​ជា​ប្រទេស​បានទាមទារ​យក​នូវ​ដែនទឹក​ស្ទើរតែ​ទាំងអស់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ប៉ុន្តែ​យ៉ាងណា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នេះ មាន​ផ្នែកខ្លះៗត្រូវបាន​ទាមទារ​ដោយ​ប្រទេស​ប្រាំ​ផ្សេងទៀត ដោយ​ពួកគេ​មាន​អំណះអំណាង​ផ្នែក​ច្បាប់ និង​ប្រវត្តិសាស្ត្រ​ដើម្បី​ការពារ​ការទាមទារ​នេះ​ផងដែរ។

ចំពោះ​ការដោះស្រាយ​បញ្ហា​នេះ ប្រទេស​ចិន​ចង់បាន​នូវ​ការពិភាក្សា​ទ្វេភាគី​ជាមួយ​រដ្ឋតូចៗដែល​កំពុងមាន​ជម្លោះ​ជាមួយ​ខ្លួន ស្រប​ពេលដែល​បណ្តា​ភាគី​ជម្លោះ​ផ្សេងទៀត​ចង់បាន​កិច្ច​ពិ​ភាក្សា​ជា​ពហុភាគី៕

ប្រែសម្រួលដោយ សៅ ផល​និស្ស័យ



© រក្សាសិទ្ធិដោយ thmeythmey.com