កីឡាអន្តរជាតិ
អន្តរជាតិ
រាត្រី​កាត់ក្តី​ FA Cup និងLa Liga ខណៈ​​អ្នកគាំទ្រ Arsenal ស្រុក​ខ្មែរ​ត្រៀម​​ពិធី​អបអរ
17, May 2014 , 5:22 pm        
រូបភាព
ដោយ: រួបរួម
នា​វេលា​ម៉ោង១១យប់​នេះ (ម៉ោង​នៅ​កម្ពុជា) ការប្រកួត​ដ៏​សំខាន់​ចំនួន​ពីរ​នឹង​ធ្វើឡើង​ដំណាលគ្នា ដោយ Arsenal ត្រូវ​ជួប​ជាមួយ Hull City នៅ​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup នៅ​កីឡដ្ឋាន Wembley ស្រប​ពេលដែល Barcelona ត្រូវ​ខំប្រឹងប្រែង​ឲ្យ​ឈ្នះ Atletico Madrid នៅលើ​ទឹកដី Camp Nou របស់ខ្លួន​ដើម្បី​មានឱកាស​លើក​ពានរង្វាន់ La Liga របស់​អេ​ស្ប៉ា​ញ។



Arsenal របស់លោក Arsene Wenger រំពឹង​បញ្ចប់​ការរង់ចាំ​របស់​ខ្លួន​រយៈពេល៩ឆ្នាំកន្លងមក​នៃ​ការមិន​ឈ្នះ​ពាន​អ្វី​ទាល់តែសោះ ពោលគឺ​ចាប់តាំងពី​ពួកគេ​បាន​យកឈ្នះ Manchester United នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ឆ្នាំ២០០៥ ខណៈ Hull City របស់លោក Steve Bruce បង្ហាញ​វត្តមាន​ជា​លើកដំបូង​នៅក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​លំដាប់​ទី​ពីរ​របស់​អង់គ្លេស​នេះ។

នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ឯណោះ​វិញ Barcelona ត្រូវការ​ជ័យជម្នះ​ដាច់ខាត​ដើម្បី​មានឱកាស​រក្សា​តំណែង​ជើងឯក​ក្របខណ្ឌ La Liga របស់ខ្លួន ខណៈ​លទ្ធផល​ត្រឹម​ស្មើនឹង​ជួយ​ឲ្យ Atletico Madrid លើក​ពាន​ជា​លើកដំបូង​បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៩៦មក។ យោងតាម​តារាង​ចំណាត់ថ្នាក់​ត្រឹម​សប្តាហ៍​ទី៣៧ Atletico មាន៨៩ពិន្ទុ ខណៈ Barcelona មាន៨៦ពិន្ទុ ប៉ុន្តែ​លើស​ចំនួន​គ្រាប់​បាល់​នៃ​ការ​ស៊ុត​បញ្ចូល​ទី។ រីឯ Real Madrid បាន​ខក​ឱកាស​ក្នុងការ​ដណ្តើម​ជើងឯក​ហើយ។

ងាក​មក​មើល​ក្រុម​អ្នកគាំទ្រ Arsenal ឯណោះ​វិញ ពួកគេ​មាន​គម្រោង​ហែរ​ពាន FA Cup នៅក្នុង​រាជធានី​ភ្នំពេញ​នា​ថ្ងៃអាទិត្យ ប្រសិនបើ​ក្រុម​សំណព្វ​របស់ខ្លួន​យកឈ្នះ​លើ Hull City នា​រាត្រី​នេះ។ លោក តុង សុ​ប្រាជ្ញ ដែលជា​អ្នក​ខ្វះ​ខ្វែង​រៀបចំ​គម្រោង​នេះ បាន​មានប្រសាសន៍ថា លោក​ចង់​ឲ្យ​ក្រុម​អ្នកគាំទ្រ​ទាំងអស់​ចូលរួម​សប្បាយ​ទាំងអស់គ្នា ក្រោម​ពាក្យស្លោក​ថា «ស្រឡាញ់​កីឡា ស្រឡាញ់​អា​សឺ​ណ​ល មិន​ត្រូវការ​គ្រឿងញៀន។



ការឆ្លើយ​ឆ្លងតាម​អ៊ី​ម៉ែ​ល​រវាង​លោក តុង សុ​ប្រាជ្ញ និង​អ្នកទទួលខុសត្រូវ​ផ្នែក​ក្រុម​អ្នកគាំទ្រ​ក្លិប Arsenal បានបង្ហាញ​ឲ្យ​ឃើញថា ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​គាំទ្រ​សកម្មភាព​របស់​អ្នកគាំទ្រ​កម្ពុជា ហើយ​កីឡាករ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​ដណ្តើម​យកពាន FA Cup៕


© រក្សាសិទ្ធិដោយ thmeythmey.com