កីឡាអន្តរជាតិ
អន្តរជាតិ
Atletico Madrid ឈ្នះ​ពាន La Liga ខណៈ​​គ្រូបង្វឹក Barcelona ចាកចេញ
18, May 2014 , 11:08 am        
រូបភាព
ដោយ: ថ្មីៗ
Atletico Madrid បានឈ្នះ​ពានរង្វាន់​ក្របខណ្ឌ​កីឡាបាល់ទាត់​កំពូល​របស់​អេ​ស្ប៉ា​ញ (La Liga) ជា​លើក​ទី១០ កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ ជា​លើក​ទី១ក្នុង​រយៈពេល១៨ឆ្នាំ ក្រោយពី​បានធ្វើការ​វាយបក​ដេញតាម​ពីក្រោយ​ដើម្បី​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ នៅលើ​ទឹកដី​របស់​ក្រុម​ប្រជែង​ដណ្តើមពាន Barcelona។ ការខកខាន​លើក​ពាន​របស់ Barcelona បាន​នាំ​ឲ្យ​លោក Gerardo Martino ប្រកាស​ចាក​ចេញពី​តួនាទី​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ។



ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់​ខ្សែប្រយុទ្ធ Alexis Sanchez បាន​ជួយ​ឲ្យ Barcelona នាំមុខ​នៅ​នាទី ទី៣៣ ប៉ុន្តែ ការ​តែ​តបាល់​បញ្ចូល​ទី​របស់​កីឡាករ Diego Godin នៅ​នាទី ទី៤នៃ​តង់​ទី២ គ្រប់គ្រាន់​ក្នុងការ​ធ្វើ​ឲ្យ Atletico ទទួលបាន​ពិន្ទុ​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ក្លាយជា​ក្រុមទី១ដែលមាន​មិនមែនជា​ក្រុម Barcelona និង Real Madrid ក្នុងការ​ឈ្នះ​ពាន La Liga ក្នុង​រយៈពេល១០ឆ្នាំ។

ការទទួលបាន​មួយ​ពិន្ទុ​ដូចគ្នា​សម្រាប់​ក្រុម​ទាំងពីរ បានធ្វើ​ឲ្យ Barcelona បញ្ចប់​រដូវ​កាល​ដោយ​ឈរ​នៅលើ​ក្រុម​លេខ៣ Real Madrid ដោយមាន៨៧ពិន្ទុ​ដូចគ្នា ខណៈដែល Atletico របស់លោក Diego Simeone រកបាន៩០ពិន្ទុ។

ដោយឡែក​ការចាកចេញ​របស់លោក Martino ត្រូវបាន​ប្រកាសភ្លាមៗ បន្ទាប់ពី Barcelona ខកខាន​ឱកាស​លើក​ពាន។ លោក Martino ដែល​បាន​ដឹកនាំ Barcelona ចាប់តាំងពី​ខែកក្កដា ឆ្នាំ២០១៣ មក​នោះ បាន​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ និង​ថ្នាក់ដឹកនាំ​ក្លិប​ដែល​បាន​ទុកចិត្ត​លើ​លោក​នា​រយៈពេល​កន្លងមក៕


ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com