កីឡាអន្តរជាតិ
អន្តរជាតិ
លោក Wenger ចង់​នៅ​បន្តទៀត បន្ទាប់ពី​ដឹកនាំ Arsenal លើក​ពាន FA Cup
18, May 2014 , 11:33 am        
រូបភាព
ដោយ: ថ្មីៗ
អ្នកចាត់ការ​ទូទៅ​ក្លិប Arsenal លោក Arsene Wenger បានប្រកាស​ពី​គម្រោង​នៅ​បន្តទៀត​ជាមួយ​ក្លិប បន្ទាប់ពី​ក្លិប​កាំភ្លើង​ធំ​របស់លោក​វាយបក Hull City ដើម្បី​លើក​ពាន FA Cup នៅ​កីឡដ្ឋាន Wembley កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ២ នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដែលមាន​រយៈពេល១២០នាទី​នៅ​កីឡដ្ឋាន Wembley។



ការទទួលបាន​ពាន FA Cup នេះ គឺជា​ការ​លុបលាង​នៅ​ការខកចិត្ត​អស់​រយៈពេល៩ឆ្នាំកន្លងមក​ដោយ​ពួកគេ​មិន​ទទួលបាន​អ្វី​ទាល់តែសោះ បើ​គិត​ចាប់តាំងពី​ឈ្នះ Manchester United ដើម្បី​លើក​ពាន FA Cup កាលពី​ឆ្នាំ២០០៥ ។

លោក Wenger បាន​និយាយ​ក្នុង​បទ​សម្ភាស​មួយ​ថា៖ «ខ្ញុំ​តែងតែ​លើកឡើងថា អនាគត​របស់ខ្ញុំ​មិន​ទាក់ទង​នឹង​ពានរង្វាន់​នេះឡើយ [FA Cup] ប៉ុន្តែ​ខ្ញុំ​តែងតែ​ចង់​នៅ​បន្ត​ជាមួយ​ក្លិប»។ ចំពោះ​ជ័យជម្នះ FA Cup លោក Wenger បាន​និយាយថា៖ «យើង​នឹង​ចង់ចាំ​ថ្ងៃនេះ​ជា​ប្រវត្តិសាស្ត្រ ចំពោះ​ការចាប់ផ្តើម​មិនល្អ និង​ការ​វាយ​វិញ​របស់​យើង...អបអរសាទរ​ដល់ Hull ផងដែរ ដែល​បាន​លេង​បាន​យ៉ាង​អស្ចារ្យ​នៅក្នុង​ការប្រកួត​ទាំងមូល»។


ខ្សែបម្រើ Aaron Ramsey បា​នរក​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​បន្ថែម ខណៈដែល Arsenal បានបញ្ចប់​រយៈពេល​នៃ​ការមិន​ឈ្នះ​ពាន​សោះ​ក្នុង​រយៈពេល៩ឆ្នាំ​របស់​ពួកគេ​តាមរយៈ​ការ​វាយបក​ដេញតាម​ពីក្រោយ​ពីរ​គ្រាប់​ដើម្បី​ផ្តួល​ក្រុម Hull City ក្នុង​លទ្ធផល ៣-២ ។

ខណៈដែល​ធ្វើការ​បង្ហាញខ្លួន​ជា​លើកដំបូង​របស់​ពួកគេ​ក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Hull បានធ្វើ​ឲ្យ Arsenal មានការ​ស្លន់ស្លោ​តាមរយៈ​ការរក​គ្រាប់​បាល់​នាំមុខ ២-០ ក្នុង​រយៈពេល​ត្រឹមតែ៨នាទី តាមរយៈ​ការ​គ្រាប់​បាល់​បញ្ចូល​ទី​របស់​ខ្សែការពារ​កណ្តាល James Chester និង Curtis Davies។

ប៉ុន្តែ ការ​ស៊ុត​បាល់​ពិន័យ​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អ​របស់​ខ្សែបម្រើ Santi Cazorla បាន​កាត់បន្ថយ​សម្ពាធផ្សេងៗនៅ​នាទី ទី១៧ ហើយ​ក្រោយពី​ខ្សែការពារ Laurent Koscielny បា​នរក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ដើម្បី​តាម​ស្មើ​នៅក្នុង​រយៈពេល១៩នាទីចុងក្រោយ​នៃ​ម៉ោង​ធម្មតា Ramsey ក៏បាន​រក​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​បន្ថែម​តែម្តង៕

ប្រែ​សម្រួល​ដោយ ផេង សំណាង






© រក្សាសិទ្ធិដោយ thmeythmey.com