កីឡាអន្តរជាតិ
អន្តរជាតិ
Zamora ជួយ​ឲ្យ QPR វិល​ទៅលេង​ក្របខ័ណ្ឌ Premier League វិញ
25, May 2014 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុម Queens Park Rangers ដែល​នៅសល់​សមាជិក​ត្រឹមតែ១០នាក់ បាន​ឈានទៅ​ប្រកួត​ក្របខ័ណ្ឌ Premier League ក្រោម​បរិយាកាស​ដ៏​រំភើប ខណៈដែល​គ្រាប់​បាល់ទាត់​បញ្ចូល​ទី​នៅ​ជិត​បញ្ចប់​ការប្រកួត​របស់​ខ្សែប្រយុទ្ធ Bobby Zamora បាន​ជួយ​ឲ្យ​ពួកគេ​ទទួល​ជ័យជម្នះ ១-០ លើ​ក្រុម Derby County ក្នុងការ​ប្រកួត​ជម្រុះ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Championship នៅ​កីឡដ្ឋាន Wembley កាលពី​ថ្ងៃ​សៅរ៍។ 


ក្រុម​របស់លោក Harry Redknapp ត្រូវបាន​កាត់បន្ថយ​នៅសល់​សមាជិក​ត្រឹមតែ១០នាក់​ប៉ុណ្ណោះ​ក្នុង​រយៈពេល៣០នាទីចុងក្រោយ បន្ទាប់ពី​ការទទួល​កាត​ក្រហម​របស់​ខ្សែបម្រើ Gary O'Neil ។ ប៉ុន្តែ Zamora បានដាក់​ទណ្ឌកម្ម​ទៅលើ​កំហុស​មួយ​ពី​សំណាក់​ខ្សែការពារ Richard Keogh ដើម្បី​នាំ​ជ័យជម្នះ​ដល់​ក្រុម​ខ្លួន​តែម្តង និង​ដើម្បី​ធានាថា ក្រុម​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងលិច​មួយ​នេះ នឹងធ្វើ​ការវិលត្រឡប់​យ៉ាង​រហ័ស​ទៅកាន់​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​ក្រោយពី​ការ​កាត់ចេញ​កាលពី​រដូវ​កាល​មុន។   

វា​ជាការ​វាយ​សម្រុក​ដ៏​ពិតប្រាកដ និង​យ៉ាង​រំភើប​ពី​សំណាក់ QPR ដែល​បាន​ជួប​ភាព​ត្រដាបត្រដួស​យ៉ាងខ្លាំង​ក្នុងការ​ស្វែងរក​ទម្រង់​លេង​ដ៏​ល្អ​របស់ខ្លួន​នៅមុន​ពេល​ការបណ្តេញចេញ​របស់ O'Neil ទៅទៀត ប៉ុន្តែ បើទោះបី Derby បាន​គ្រប់គ្រង​ការប្រកួត​នេះ​ក៏ដោយ ប៉ុន្តែ ពួកគេ​បានធ្វើ​ឲ្យ​ខ្ជះខ្ជាយ​នូវ​ការ​ឱកាស​នៅ​ពីមុខ​ទី​ជាច្រើន។   

ការទទួល​ជ័យជម្នះ​របស់ QPR បានធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​ក្រុមទី១ក្នុង​រយៈពេល១៦ឆ្នាំ ក្នុង​ការវិល​ទៅកាន់​ក្របខ័ណ្ឌ​កំពូល​វិញ ក្រោយពី​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ៤ក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី២ ៕ 
ប្រែ​សម្រួល​ដោយ ផេង សំណាង    


© រក្សាសិទ្ធិដោយ thmeythmey.com