កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ប្រឈម​មុខ​ការ​អំ​​ពាវ​នាវ​ឲ្យ​​លុប​ចោល World Cup នៅ​កា​​តា ក្រោយ​ពី​អំ​ពើ​ពុក​រលួយ
02, Jun 2014 , 3:03 pm        
រូបភាព
ដោយ: ថ្មីៗ
មន្ត្រី​ជាន់​ខ្ពស់​របស់​សហព័ន្ធ​​​កីឡា​បាល់​ទាត់​អន្តរ​ជាតិ​ហៅ​កាត់​ថា FIFA កំ​ពុង​តែ​ធ្វើ​ការ​ពិចារណា​ជា​លើក​ទី​​១​ទៅ​លើ​ការ​​រៀប​ចំ​សា​ជា​ថ្មី​ទៅ​លើ​ការ​បោះ​ឆ្នោត​សម្រាប់​សិទ្ធិ​រៀប​ចំ​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​២០២២ ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ស្តី​​ពី​អំ​ពើ​ពុក​រលួយ​ថ្មី​មួយ​ប្រឆាំង​នឹង​ប្រទេស​ម្ចាស់​ផ្ទះ​កា​តា​។



ខណៈ​ដែល​​រង់​ចាំ​លទ្ធ​ផល​នៃ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​បោះ​ឆ្នោត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​ការ​ប្រជែង​ដេញ​ថ្លៃ​ធ្វើ​​ជា​ម្ចាស់​ផ្ទះ​នៃ​យុទ្ធ​នា​ការ World Cup ឆ្នាំ​២០១៨ និង​២០២២ មន្ត្រី​កីឡា​បាល់​ទាត់​ជាន់​ខ្ពស់​​ដែល​នឹង​ធ្វើ​ដំ​ណើរ​ទៅ​ចូល​រួម​​ព្រឹត្តិ​ការណ៍​ឆ្នាំ​២០១៤ នៅ​ប្រទេស​ប្រេស៊ីល ត្រូវ​បាន​គេ​យល់​ឃើញ​ថា នឹង​ពិចារ​ណា​ទៅ​លើ​ការ​ឆ្លើយ​តប​របស់​ពួក​គេ ប្រសិន​បើ​​មាន​ការ​ណែ​នាំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ថ្មី​មួយ ដោយ​ផ្អែក​ទៅ​លើ​​អ៊ី​មែល​ និង​ឯក​សា​​រាប់​លាន​ស្តី​ពី​សំ​ណូក​។

គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​ប្រកួត​របស់​កា​តា​សម្រាប់​យុទ្ធ​នា​ការ World Cup ឆ្នាំ​២០២២ នឹង​ជួប​ជា​មួយ​នឹង​លោក Michael Garcia មន្ត្រី​ស៊ើប​អង្កេត​របស់ FIFA នៅ​ថ្ងៃ​ចន្ទ​នេះ ក្នុង​ប្រទេស​អូ​ម៉ង់​។ នេះ​បើ​យោង​ទៅ​តាម​ទូរ​ទស្សន៍ BBC​។

នៅ​ចក្រ​ភព​អង់​គ្លេស មាន​នូវ​ការ​ខ្វល់​ខ្វាយ​​សារ​ជា​ថ្មី​ពី​សំ​ណាក់​អ្នក​នយោ​បាយ និង​អតីត​ប្រធាន​ប្រតិ​បត្តិ​កីឡា​បាល់​ទាត់ ក្រោយ​ពី​កា​សែត Sunday Times បាន​ចោទ​ប្រកាន់​ថា លោក Mohamed bin Hammam សញ្ជាតិ​កា​តា ដែល​ជា​អតីត​សមា​ជិក​នៃ​គណៈ​កម្មា​ធិការ​ប្រតិ​បត្តិ​របស់ FIFA បាន​ចំ​ណាយ​ប្រាក់​៥​លាន​ដុល្លារ​អាមេ​រិក​ជា​ប្រាក់​សុទ្ធ និង​ជា​កា​ដូ​ដល់​មន្ត្រី​ជាន់​កីឡា​បាល់​ទាត់​ជាន់​ខ្ពស់​​ដើម្បី​ជួយ​ផ្តល់​ការ​គាំ​ទ្រ​ជា​រួម​គ្នា​មួយ​ពី​ក្រោយ​ការ​ដេញ​ថ្លៃ​របស់​កា​តា​៕

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com