កីឡាជាតិ
ជាតិ
King’s Cup ថៃ៖ សី​ប៉ា​ក់តា​ក្រ​បុរស​កម្ពុជា​ឈ្នះ​មេដាយមាស​កម្រិត Division 1
09, Aug 2014 , 10:00 am        
រូបភាព
កីឡាករ រៀម សុភា​រម្យ ថត selfie ជាមួួយមិត្ត​រួមក្រុម​របស់​ខ្លួន​
កីឡាករ រៀម សុភា​រម្យ ថត selfie ជាមួួយមិត្ត​រួមក្រុម​របស់​ខ្លួន​
ដោយ:
យ៉ាងហោចណាស់​ក្រុម​កីឡាករ​ជម្រើសជាតិ​សី​ប៉ា​តា​ក្រ​កម្ពុជា អាច​នាំ​មេដាយមាស១ ត្រឡប់មក​ប្រទេស​វិញ ដោយ​ក្រុម​បុរស៣ទល់៣ បាន​ដណ្តើម​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​ព្រឹត្តិ ការណ៍​ដណ្តើមពាន​រង្វាន់​ស្តេច​ថៃ​លើក​ទី២៩ (29th King’s Cup Sepaktakraw World Championship 2014) នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ កាលពី​ថ្ងៃទី៧ ខែសីហា កន្លងមក។



កីឡាករ រៀម សុភា​រម្យ សមាជិក​ម្នាក់​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​បញ្ជាក់​ពី​ការប្រឹងប្រែង​របស់​ក្រុម​កម្ពុជា​ដើម្បី​ដណ្តើមបាន​មេដាយមាស​ក្នុង​កម្រិត Division 1 ។

ការទទួលបាន​មេដាយមាស​របស់​ក្រុម​បុរស​លើ​វិញ្ញាសា​វាយ​បុរស៣ទល់៣ កម្ពុជា គឺ​បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្រុម​តៃវ៉ាន់ ២-១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​បំបាក់​បង់​ក្លា​ដេ​ស ២-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ពោលគឺ​ក្នុង​លទ្ធផល ២១/៨ និង២១/១២ ។ ចំណែក​វិញ្ញាសា​ផ្សេងទៀត​វាយ​គូ​បុរស វាយ​នារី ៣ ទល់ ៣ និង វាយ​គូ​នារី សុទ្ធតែ​ធ្លាក់​ចេញពី​បាន​រង្វាន់​នេះ​អស់ហើយ។

លោក ឈួន ឡេង អគ្គលេខាធិការ​សហព័ន្ធ​សី​ប៉ាក់​តា​ក្រ​កម្ពុជា​គឺជា​ប្រតិភូ​ដឹកនាំ​ក្រុម​កម្ពុជា អមដោយ​កីឡាករ កីឡាការិនី ១១ រូប អមដោយ​គ្រូបង្វឹក ២ រូប ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​នេះ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១ ដល់​ថ្ងៃទី ១០ សីហា ឆ្នាំ ២០១៤ ។

កាលពី​ឆ្នាំ ២០១៣ កន្លងទៅ​ក្រុម​កម្ពុជា ធ្លាប់​ដណ្ដើមបាន​មេដាយ ប្រាក់​មួយគ្រឿង (ក្រុម​បុរស) និង មេដាយ សំរឹទ្ធ ១ គ្រឿង ផ្នែក​នារី ក្នុង​ពានរង្វាន់​ខាងលើ។

ព្រឹត្តិការណ៍​ប្រកួត​សី​ប៉ា​កតា​ក្រ​ដណ្តើម​ពានរង្វាន់​ស្តេច​ថៃ (King’s Cup Sepaktakraw World Championship) បាន​លេចចេញ​ជា​រូបរាង​ចាប់តាំងពី​ឆ្នាំ១៩៨៧មក ដោយមាន​ការចូលរួម​ពី​ក្រុម​ជម្រើស​នៃ​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក។ ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ គឺ​ធ្វើ​សម្តែង​ការគោរព​ដល់​ព្រះមហាក្សត្រ​ថៃ ភូមិបុល អាប់​ឌុ​ត​យ៉ា​ដេ​ត៕




© រក្សាសិទ្ធិដោយ thmeythmey.com