កីឡាជាតិ
ជាតិ
ស្តេចប្រ៊ុយណេប្រទាន១០០០ដុល្លារដល់រាល់សមាជិកក្រុមបាល់ទាត់ទាំងអស់
× ព្រះចៅស៊ុលតង់ប្រ៊ុយណេ Hassanal Bolkiha ព្រះជន្ម៦៨ព្រះវស្សា បានផ្តល់ប្រាក់រង្វាន់ទុកជាអនុស្សាវរីយ៍ដល់សមាជិកទាំងអស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Hassanal Bolkiah Trophy ឆ្នាំ២០១៤ នៅក្នុងប្រទេសប្រ៊ុយណេ ដោយម្នាក់ៗទទួលបានចំនួន១០០០ដុល្លារអាមេរិក។
លោក ឆាំង ពិសិដ្ឋ អ្នកដឹកនាំក្រុម U-21 កម្ពុជា បានប្រាប់គេហទំព័រថ្មីៗពីរាជធានីបង់ដាសិរិបេហ្គាវ៉ាន នៅរសៀលថ្ងៃអាទិត្យនេះ ថា ព្រះចៅស៊ុលតង់ប្រ៊ុយណេ បានប្រទានប្រាក់រង្វាន់លើកទឹកចិត្តដល់មន្ត្រី គ្រូបង្វឹកនឹងកីឡាទាំងអស់ម្នាក់១០០០ដុល្លារអាមេរិក។
លោកបានបញ្ជាក់ថា៖ «ក្រុមកម្ពុជាយើងមានចំនួន២៤នាក់ទទួលបានប្រាក់២៤០០០ដុល្លារអាមេរិក មានន័យថាម្នាក់ៗទទួលបាន១០០០ដុល្លារ។ ក្រុមផ្សេងៗក៏ទទួលបានដូចគ្នាផងដែរ ឧទាហរណ៍ឥណ្ឌូនេស៊ី ដែលមានគ្នា៣៤នាក់ ត្រូវទទួលបាន៣៤០០០ដុល្លារអាមេរិក»។
ព្រះចៅស៊ុលតង់នៃព្រះរាជាណាចក្រប្រេងក្នុងតំបន់អាស៊ីអាគ្នេយ៍អង្គនេះ បានផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍បាល់ទាត់ Bolkiah Hassanal ចាប់តាំងពីឆ្នាំ២០០២ មកម្ល៉េះ ហើយនេះជាព្រឹត្តិការណ៍លើកទី៥ ខណៈកម្ពុជាមានវត្តមានជាលើកទីបួន។
សម្រាប់កម្ពុជាក្រៅពីទទួលបានប្រាក់រង្វាន់ជាលក្ខណៈបុគ្គលម្នាក់១០០០ដុល្លារពីស្តេចប្រ៊ុយណេ ក្រុមទាំងមូលនឹងទទួលបានប្រាក់រង្វាន់យ៉ាងហោចណាស់១៥០០០ដុល្លារដែលជាការសន្យារបស់ ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC) និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។ BIDC សន្យាឧបត្ថម្ភ២០០០ដុល្លារ ខណៈ FFC ផ្តល់៣០០០ដុល្លារសម្រាប់រាល់ជ័យជម្នះនៃក្រុម U21កម្ពុជា ដែលកន្លងមកពួកគេបានឈ្នះម្ចាស់ផ្ទះប្រ៊ុយណេ សិង្ហបុរី និងឥណ្ឌូនេស៊ី។
យោងតាមការផ្សាយរបស់ទស្សនា Forbes កាលពីឆ្នាំ២០១១ ព្រះចៅស៊ុលតង់ Hassanal Bolkiah មានរាជសម្បត្តិជាង២០ពាន់លានដុល្លាអាមេរិក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺព្រះអង្គចូលចិត្តប្រមូលទិញរបស់របរដែលមានតម្លៃខ្ពស់កប់ពពកលើលោក ដូចជារថយន្ត Lamborghini , Bentley , Ferrari , Bugatti និង Rolls-Royce ជាដើម។
ព្រះអង្គមានទីលានកីឡាវាយកូនគោល កីឡាវាយសី អាងហែលទឹក Polo យន្តហោះ និងអចលនទ្រព្យ ផ្ទាល់ជាច្រើន។ ដំណាក់របស់ព្រះអង្គមាន១៨០០បន្ទប់ដែលមានទំហំធំជាងគេលើពិភពលោក។
កាលពីពេលថ្មីនេះ បណ្តាញព័ត៌មាននានាលើពិភពលោកបានរាយការណ៍ថា ស្តេចស៊ុលតង់បានដាក់លុយប្រមាណ២ពាន់លានដុល្លារអាមេរិកដើម្បីដេញថ្លៃទិញសណ្ឋាគារចំណាស់១០៧ឆ្នាំ New York’s Plaza Hotel និងសណ្ឋាគារ London's Grosvenor House ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com