កីឡាជាតិ
ជាតិ
HBT៖ U21កម្ពុជា​បាត់បង់​ឱកាស​ទៅកាន់​វគ្គ១/២ ក្រោយ​ចាញ់​វៀតណាម ៣-០
18, Aug 2014 , 9:32 pm        
រូបភាព
ដោយ: រួបរួម
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម២១ឆ្នាំ​របស់​កម្ពុជា បានទទួល​រង​នូវ​ការខកចិត្ត​នា​ការប្រកួត​ចុងក្រោយ​របស់ខ្លួន​នៅក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍ Hassanal Bolkiah Trophy នាល្ងាច​ថ្ងៃ​ចន្ទនេះ ក្រោយ​បរាជ័យ ៣-០ ដោយសារ​វៀតណាម​ដែល​ប្រើប្រាស់​ឈុត U19 ។



នា​ជំនួប​នៅលើ​ទីលាន Track & Field Sports Complex ក្នុង​រាជធានី​បង់​ដារ​សិរិ​បេ​ហ្គា​វ៉ាន​នេះ ក្រុម​កម្ពុជា​ត្រូវការ​ឈ្នះ​ជាដាច់ខាត ខណៈ​ម្ចាស់ផ្ទះ​ប្រ៊ុយណេ បាន​យកឈ្នះ​ម៉ាឡេស៊ី​នៅ​ចុង​ម៉ោង​ក្នុង​លទ្ធផល ២-១ ប៉ុន្តែអ្វីៗត្រូវបាន​បញ្ចប់​សម្រាប់​ក្រុម​របស់លោក Lee Tae Hoon។

ក្រុម​កម្ពុជា​បាន​អវត្តមាន​កីឡាករ​ឆ្នើម៤រូប​ក្នុង​ជម្រើស​ដំបូង​ដែល​ក្នុងនោះ​មាន​ប្រធាន​ក្រុម គួច សុគ​ម្ភៈ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ខ្សែបម្រើ ណុប តុលា និង សុះ ស៊ូ​ហា​ណា។ នៅក្នុង​តង់​ទីមួយ យុវជន​វៀតណាម​បាន​នាំមុខ ២-០ ហើយ​ពួកគេ​បន្ថែម​បាន១គ្រាប់​ទៀត​នៅ១០នាទីចុងក្រោយ​មុននឹង​បញ្ចប់​ការប្រកួត។

ជ័យជម្នះ​នេះ បាន​នាំ​ឲ្យ​វៀតណាម ចាប់ដៃ​ជាមួយ​ម៉ាឡេស៊ី​ក្នុងការ​ឈាន​បន្ត​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ម៉ាឡេស៊ី​មាន១៣ពិន្ទុ វៀតណាម​មាន១០ពិន្ទុ។ ម្ចាស់ផ្ទះ​ប្រ៊ុយណេ​មាន​ពិន្ទុ​ស្មើ​វៀតណាម ប៉ុន្តែ​ចាញ់​ចំនួន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី ខណៈ​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​បួន​ដោយមាន៩ពិន្ទុ។ នៅ​ថ្ងៃ​ដដែល​ឥណ្ឌូនេស៊ី​បាន​យកឈ្នះ​សិង្ហ​បុរី ៦-០ ដើម្បី​ទទួលបាន៤ពិន្ទុ​ត្រឡប់ទៅផ្ទះ​វិញ រីឯ​សិង្ហ​បុរី​ចាញ់​ទាំង៥ប្រកួត។

សម្រាប់​ការប្រកួត​នៅ​វគ្គ១/២ផ្តាច់ព្រ័ត្រ ម៉ាឡេស៊ី ត្រូវ​ជួប​ថៃ​ដែលជា​ក្រុម​លេខ​ពីរ​ពូ​ល A ខណៈ​វៀតណាម ប៉ះ​ក្រុម​លេខ​មួយ​ពូ​ល A មី​យ៉ាន់​ម៉ា៕



© រក្សាសិទ្ធិដោយ thmeythmey.com