កីឡាជាតិ
ជាតិ
វេ​ស្ទើន​ចូល​រួម​ប្រកួត​ដណ្តើម​​ពាន​សាកល​វិទ្យា​ល័យ​អាស៊ាន​នៅ​ខែ​ធ្នូ​ខាង​មុខ
30, Sep 2014 , 2:08 pm        
រូបភាព
ដោយ:
ក្លិប​បាល់ទាត់​វេស្ទើនយូនីអែហ្វស៊ី បាន​ប្រកាស​ថា​នឹង​ទៅ​ចូលរួម​​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​​កម្រិត​សកលវិទ្យាល័យ​ក្នុង​តំបន់​អាស៊ាន ដែល​រៀបចំ​នៅ​ទីក្រុង Palembang ​ប្រទេស​ឥណ្ឌូណេស៊ី ចាប់​ពី​ថ្ងៃ​ទៅ ១០ ដល់ ២១ ខែ ធ្នូ ឆ្នាំ ២០១៤ ចុង​ឆ្នាំ​នេះ។



ពានរង្វាន់​សាកល​វិទ្យាល័យ​អាស៊ាន មាន​ក្រុម​កីឡា​​មក​ពី​តាម​​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​ចូលរួម​ប្រកួត។ ចំណែក​ក្រុម វេស្ទើន ជា​ក្រុម​បាល់ទាត់​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ចេញ​ទៅ​ចូលរួម​ប្រកួត​នេះ​ក្រោយ​យក​ឈ្នះ​​ជើង​ឯក​កម្រិត​សាកលវិទ្យាល័យ​ក្នុង​ស្រុក​​នាពេល​កន្លង​មក។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្លិប ក្រុម​សកលវិទ្យាល័យ​ឯកជន​មួយ​នេះ​នឹង​បញ្ជូន​កីឡាករ​​សរុប​ចំនួន ២០ នាក់​ក្នុង​នោះ​មាន ៣ នាក់​ជា​និស្សិត​ជនជាតិ​បរទេស និង​ថ្នាក់​ដឹកនាំ​ចំនួន ៥ នាក់។

ប្រភព​ខាង​លើ​បន្ថែម​ថា ការ​ចេញ​ដំណើរ​នេះ​មិន​មាន​វត្ថមាន​លោក​គ្រូ​បង្គោល ប៉ែន ផាត នោះ​ទេ ព្រោះ​អតីត​វីរបុរស​ជម្រើស​ជាតិ​កម្ពុជា រូប​នេះ​​ដែល​កំពុង​រស់​នៅ​ប្រទេស​បារាំង​នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​វិញ​នៅ​​អំឡុង​ខែ​កុម្ភៈ ដើម​ឆ្នាំ ២០១៥ ឯណោះ។ ប៉ុន្តែ​ក្លិប​ក៏​បាន​ជូន​ដំណឹង​ដល់​ល្អ​ដល់​អ្នក​គាំទ្រ​ថា​លោក កែវ ភិរុណ អតីត​ជំនួយការ​របស់​ក្លិប​អាស៊ី​អឺរ៉ុប និង​ចូលរួម​ជាមួ​យ​ក្រុម​នៅ​ដើម​ខែ​តុលា​នេះ។

ពាន​រង្វាន់​សកលវិទ្យាល័យ​អាស៊ាន បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៨១ មក​ម៉្លេះ ដោយ​មាន​ដាក់​កីឡា​ជា​ច្រើន​ប្រភេទ​ឱ្យ​ចូលរួម​ប្រកួត ក្នុង​នោះ​​ក៏​មាន​បាល់ទាត់​ដែរ។ គិត​ត្រឹម​ពេល​នេះ​ប្រទេស​ថៃ ឈ្នះ​មេដាយ​​បាន​ច្រើន​ជាង​គេ ដោយ​សរុប​ជា​រួម​ឈ្នះ​មេដាយ​​មាស ១៧១ គ្រឿង ប្រាក់ ១២៨ និង សំរឹទ្ធ ១៣៩  ៕




© រក្សាសិទ្ធិដោយ thmeythmey.com