កីឡាជាតិ
ជាតិ
លោក ថោង ខុន៖ រត់ពាក់កណ្ដាលម៉ារ៉ាតុននៅអង្គរវត្តនឹងរៀបចំឲ្យធំជាងរាល់លើក
× លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី ៣០ តុលា នេះនៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកថា ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុននៅមុខប្រាសាទអង្គរវត្ត នឹងរៀបចំឱ្យធំជាងលើកមុន នៅឆ្នាំ ២០១៥ ខាងមុខ។
ការរៀបចំឱ្យធំជាលើកមុនៗ នេះត្រូវបានលោកបកស្រាយថា គឺដើម្បីអបអរសាទរខួបទី ២០ ឆ្នាំនៃព្រឹត្តិការណ៍កីឡាជាលក្ខណៈទេសចរណ៍មួយនេះ។ លោកថាកាលពីឆ្នាំ ១៩៩៦ រាជរដ្ឋាភិបាលបានប្រគល់ឱ្យក្រសួងទេសចរណ៍ រួមដៃគ្នាជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដែលមានអ្នកចូលរួមប្រមាណតែ ៤០០ នាក់ប៉ុណ្ណោះ។
ចំណែកឯការរៀបចំនៅឆ្នាំនេះមាននឹងធ្វើនៅថ្ងៃទី ៧ ធ្នូ ឆ្នាំ ២០១៤ ខាងមុខ ស្របពេលទិន្នន័យអ្នកចុះឈ្មោះជាបណ្ដោះអាសន្នមានចំនួនជាង ៥ ០០០ នាក់ ក្នុងនោះជនបរទេសប្រមាណជាង ៤ ០០០ នាក់មកពី៥២ ប្រទេស។
លោក ហាស់ ផល្លារ តំណាងគណៈកម្មាធិការរៀបចំការប្រកួតបានលើកឡើងថា ចំនួនអ្នកចូលរួមនឹងកើនឡើងជាឆ្នាំមុន ព្រោះឆ្នាំនេះបានផ្សព្វផ្សាយទៅខាងក្រៅប្រទេសបានច្រើន ហើយចំពេលជិតបុណ្យចូលឆ្នាំសាកលផង។
ការទទួលពាក្យចុះឈ្មោះចូលរួមនឹងបញ្ចប់នៅថ្ងៃទី ១៥ វិច្ឆិកា សម្រាប់ជនបរទេសដែលចុះឈ្មោះតាមអនឡាញ។ ការប្រកួតនៅឆ្នាំនេះមាន ៣ ប្រភេទវិញ្ញាសារួមមាន ៣ គីឡូម៉ែត្រ, ១០ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត្រ (ពាក់កណ្ដាលម៉ារ៉ាតុន)។
ជនបរទេសត្រូវបង់ ៥៥ ដុល្លារដើម្បីចុះឈ្មោះចូលរួមប្រកួតវិញ្ញាសា ២១ គីឡូម៉ែត្រ ចំណែកជនជាតិខ្មែរបង់តែ ១៥ ដុល្លារនោះទេ។ សម្រាប់វិញ្ញាសា ១០ គីឡូម៉ែត្រ ជនបរទេសត្រូវ ៥០ ដុល្លារ ចំណែកខ្មែរតែ ១២ ដុល្លារ និង វិញ្ញាសា ៣ គីឡូម៉ែត្រ បរទេសបង់ ៣០ ដុល្លារ ហើយខ្មែរបង់ ៥ ដុល្លារ។ ចំពោះប្រិយមិត្តចង់ចុះឈ្មោះចូលរួមសូមចូលទៅកាន់គេហទំព័រ www.angkormarathon.org ឬ លេខទូរស័ព្ទ ០១៦ ៣៥៥ ០០៥ សម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ និងលេខមួយខ្សែទៀត ០៩៨ ៥៧៣ ១៣៦ ចំពោះអ្នកនៅខេត្តសៀមរាប៕
© រក្សាសិទ្ធិដោយ thmeythmey.com