កីឡាជាតិ
ជាតិ
អាហារ និង ប្រាក់ឧបត្ថម្ភ ជាប្រធានបទក្ដៅពេលរដ្ឋមន្ត្រីជួបក្រុមកីឡាករជម្រើសជាតិ
× ចំណីអាហារសម្រាប់ក្រុមជម្រើសជាតិកម្ពុជាអំឡុងពេលប្រមូលផ្ដុំ និង ប្រាក់ឧបត្ថម្ភនានា គឺជាប្រធានបទសំខាន់ពេលលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានជួបសំណេះសំណាលជាមួយកីឡាករទាំង ២១ ប្រភេទកីឡា នៅព្រឹកថ្ងៃទី ៤ វិច្ឆិកា កន្លងមក នៅវិមានពហុកីឡដ្ឋានជាតិ។
នៅតែបែងចែកមិនដាច់រវាងការបរិភោគអាហាជុំគ្នាដែលក្រសួងអប់រំ យុវជននិងកីឡា រៀបចំឱ្យ និង បើកប្រាក់យកទៅទិញម្ហូបសម្រាប់បរិភោគខ្លួនឯង សម្រាប់មតិរបស់កីឡាករជម្រើសជាតិនីមួយ។ ក្រសួងបានផ្ដល់កញ្ចប់ប្រាក់ចំនួន ២៨,០០០ រៀលសម្រាប់កីឡាករម្នាក់ ចំពោះអាហារ ៣ ពេលក្នុងមួយថ្ងៃ។
ក្នុងវេទិការដោះស្រាយបញ្ហា និង នាទីសំនួរចម្លើយ ខាងកីឡាទោចក្រយាន្ត បានទាមទារសុំប្រាក់ទិញម្ហូបខ្លួនឯងព្រោះមិនមានពេលត្រឡប់មក បាយជុំគ្នាដែលរដ្ឋរៀបចំឱ្យនោះទេ ព្រោះហាត់នៅតាមផ្លូវស្ងាត់ហើយប្រើចម្ងាយលើស ១០០ គីឡូម៉ែត្រ ឯណោះ។ ចំណែកខាងអត្តពលិកម្ម បានសុំឱ្យបាយជុំគ្នា តែត្រូវមានអ្នកជំនាញ ត្រួតពិនិត្យថាអាហារមានសារជាតិចិញ្ជិមគ្រប់គ្រាន់ដល់កីឡាឬអត់ ខណៈបច្ចុប្បន្នគ្មានអ្វីក្រៅពី ឆា ស្ងោ ចៀន ដែលមិនមែនជាអាហាសម្រាប់អ្នកកីឡាតែប៉ុណ្ណោះ។
ងាកទៅខាងក្រុមកីឡាប៉េតង់ បានឡើងសុំឱ្យលោករដ្ឋមន្ត្រីជួយសម្រួលដល់ប្រាក់ខែរបស់ជម្រើសជាតិឱ្យបើកបានទាន់ពេកវេលា បូកបន្ថែមទាំងពន្លឿនប្រាក់រង្វាន់ដែលទទួលបានមេដាយមកពីឆាកអន្តរជាតិ ជាដើម។ មិនភ្លេចដែរ ក៏មានការស្នើសុំឱ្យជួយបន្ថែមប្រាក់បេសកម្មនៅក្រៅប្រទេស ដោយកន្លងមកបានត្រឹមតែ ២០ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយបើកបានតែ ពាក់កណ្ដាលសិនតែប៉ុណ្ណោះ រហូតដល់ពេលត្រឡប់មកវិញ ទើបបើកពាក់កណ្ដាលទៀត។
ដំណាលគ្នានេះដែរ លោក ហង់ ជួនណារ៉ុន បានលើកឡើងថា នឹងពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិចារណារឿងដើម្បីដំឡើងប្រាក់ខែដល់កីឡាករដែលសព្វថ្ងៃត្រឹម ២៥ ម៉ឺនក្នុងមួយខែ រួមទាំងប្រាក់ចំណីអាហារ និង ប្រាក់បេសកកម្មទៅប្រកួតនៅក្រៅប្រទេសដល់កីឡាករឱ្យបានច្រើនជាងមុនអាចទទួលយកបាន។ លោកក៏កំពុងតែពិចារណាថានឹងបន្តឱ្យកីឡាករដែលកំពុងប្រមូលផ្ដុំបរិភោគរួមគ្នា ឬ ផ្ដល់ជាប្រាក់សម្រាប់ទិញម្ហូបខ្លួនឯង វិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com