កីឡាជាតិ
ជាតិ
លោក Lee ផ្លាស់ប្តូរកីឡាករបីរូបក្នុងជម្រើសត្រៀមប្រកួតមិត្តភាពអន្តរជាតិនាពេលខាងមុខ កីឡាករ សួង វិរៈ (ឆ្វេង) និង ឈុន សុធារត្នន៍ មិនមានឈ្មោះក្នុងបញ្ជីសម្រាប់ការប្រកួតមិត្តភាពនាពេលខាងមុខឡើយ
× សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ជេញបញ្ជីឈ្មោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ចំនួន ២០ នាក់ ត្រៀមបេសកម្មចេញទៅប្រកួតមិត្តភាពចំនួន ២ លើកទៀតនៅឯក្រៅប្រទេសក្នុងពាក់កណ្ដាលខែវិច្ឆិកា នេះដោយត្រូវប៉ះម្ចាស់ផ្ទះហ្វីលីពីន មុនបន្តហោះទៅប៉ះសិង្ហបុរី។
ក្នុងចំណោមកីឡាករទាំង២០រូបនោះ មិនមានវត្តមាន ខ្សែបម្រើចម្ការកៅស៊ូបឹងកេត ឈុន សុធារត្នន៍ ខ្សែបម្រើត្រាយអាស៊ីភ្នំពេញ សួង វិរៈ និងខ្សែការពារណាហ្គាខប ស៊ុន សុវណ្ណរិទ្ធី ឡើយ។ អ្នកទាំងបីសុទ្ធតែស្ថិតក្នុងជម្រើសនាការប្រកួតជម្រុះ Suzuki Cup កន្លងមក។ ផ្ទុយទៅវិញ កីឡាករបីរូបត្រូវបានដាក់បញ្ចូលវិញ ដែលក្នុងនោះរួមមាន ខ្សែប្រយុទ្ធ មួង មករា ខ្សែបម្រើ ហូយ ផល្លីន នៃក្លិបស្វាយរៀង និងខ្សែការពារ ទូច បញ្ចរ៉ុង នៃក្លិបចម្ការកៅស៊ូបឹងកេត។
យោងតាមវេបសាយផ្លូវការរបស់សហព័ន្ធ ឈុតកីឡាករទាំង ២០ នាក់ និង ថ្នាក់ដឹកនាំចំនួន ៧ រូប ប្លែកពីវគ្គជម្រុះ AFF Suzuki Cup នាពេលកន្លងទៅនៅប្រទេសឡាវ ខ្លះ។ លោកគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tae Hoon នៅតែជាគ្រូបង្កោលដដែល ខណៈលោក ឆាំង ពិសិដ្ឋ ជាអ្នកចាត់ការទូទៅ រីលោក មាស ចាន់ណា, អ៊ុង កងយ៉ានិត, អ៊ុំ សាវង្ស ជាគ្រូជំនួយ ហើយលោក ប្រាក់ វណ្ណី ជាគ្រូបង្វឹកអ្នកចាំទី និង លោក ហៃ សក្ខរី ជាគ្រូពេទ្យ។
ចំណែកកីឡាករវិញមាន៖
អ្នកចាំទី៖ ស សុភា, ស៊ូ យ៉ាទី
ខ្សែការពារ៖ មូល ដារ៉ាវ័ន្ត, សឿយ វិសាល, ហុង ផេង, ទូច បញ្ចរ៉ុង, រស់ សំអឿន, សុខ សុវណ្ណ, សាយ ពិសិដ្ឋ
ខ្សែបម្រើ៖ ចាន់ វឌ្ឍនាកា, ឈិន ឈឿន, ស៊ុះ ស៊ូហាណា, គួច សុកុម្ភៈ, ងយ ស្រ៊ីន, ប្រាក់ មុន្នីឧត្តម, ហួយ ផល្លីន, មួង មករា,
ខ្សែប្រយុទ្ធ៖ សុខ ចាន់រស្មី, ឃួន ឡាបូរ៉ាវី, ភួង សុខសាណា
ប្រភពដដែលបានបញ្ជាក់ទៀតថា ជម្រើសជាតិកម្ពុជា ត្រូវប្រកួតប៉ះក្រុមហ្វីលីពីន នៅថ្ងៃទី ១៤ វិច្ឆិកា វេលាម៉ោង ៨ យប់ លើទីលានកីឡដ្ឋាន Rizal Stadium ក្នុងទីក្រុងម៉ានីល ហើយប្រកួតបន្ទាប់ប៉ះសិង្ហបុរី នៅថ្ងៃទី ១៧ វិច្ឆិកា វេលាម៉ោង ៨ យប់ដូចគ្នា នៅកីឡដ្ឋានជាតិប្រទេសអាស៊ានមួយនេះ។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទើបតែធ្លាក់ចេញពីវគ្គជម្រុះពានរង្វាន់ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2014 ក្រោយប្រកួតចាញ់ម្ចាស់ផ្ទះឡាវ ៣ ទល់ ២ តែទីម័រខាងកើត ៣ ទល់ ២ ហើយចាញ់មីយ៉ាន់ម៉ា ១ ទល់ ០ និង ចុងក្រោយឈ្នះប្រ៊ុយណេ ១ ទល់ ០ កាលពីខែ តុលា កន្លងទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com