ជាតិ
​​​ន​យោ​បាយ​ជាតិ​
កង​វិស្វកម្ម​១៨៤​នាក់ ត្រូវ​បញ្ជូន​ទៅធ្វើ​បេសកម្ម​មនុស្ស​ធម៌​នៅ​លីបង់
18, Dec 2014 , 8:27 am        
រូបភាព
នៅព្រឹក​ថ្ងៃ​ទី១៨​ខែធ្នូ​នេះ កងកម្លាំង​វិស្វកម្ម​ចំនួន​១៨៤​នាក់ ដែលក្នុង​ចំណោម​នោះ​មានស្ត្រី​១១​នាក់ ត្រូវបាន​បញ្ជូនទៅប្រទេស​លីបង់ដើម្បី​អនុវត្ត​ការងារ​សាងសង់​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល ដោះមីនដោយ​ដៃ និង​ដោយ​គ្រឿងចក្រ។ ពិធីជូនដំណើរ​​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា ត្រូវបាន​រៀបចំ​ធ្វើ​នៅ​មូលដ្ឋាន​ទ័ពអាកាស ក្រោម​វត្តមានរបស់​អ្នកស្រី Clair Van Der Vaeren អ្នក​សម្របសម្រួល​នៃអង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​លោកនាយឧត្តមសេនីយ៍​ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ។


អ្នកសម្របសម្រួលនៃអង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា អ្នកស្រី Clair Van Der Vaeren បាន​ថ្លែង​នៅ​ក្នុងពិធី​បញ្ជូន​កងកម្លាំង​រក្សាសន្តិភាព​របស់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះថា៖«ភារកិច្ច​ដែល​កម្ពុជាបានចូលរួមនេះ បាន​ឆ្លុះបញ្ចាំង​អោយ​ឃើញ​ពីភាព​ជោគជ័យ​ដ៏ត្រចះត្រចង់​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ហើយវាក៏ជា​កិត្តិយស​ដ៏ធំធេង​របស់កម្ពុជា​ដែលជាប្រទេស​មួយ​ប្រកប​ដោយ​សន្តិភាព សន្តិសុខ និង​មិត្តភាព។ តាម​រយៈការ​ចូលរួមចំណែក​ក្នុង​បេសកកម្ម​រក្សា​សន្តិភាពរបស់​អង្គការ​សហប្រជាជាតិ បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​គំរូ​មួយ​សម្រាប់ពិភពលោក»។

នេះគឺជាលើកទី​៥ហើយ ដេល​កម្ពុជា​បាន​បញ្ជូនកងកម្លាំង​វិស្វកម្ម​ទៅប្រទេស​លីបង់។ កម្ពុជា​បានចូលរួម​ក្នុង​សកម្មភាព​រក្សាសន្តិភាព​នេះ ផ្នែក​មនុស្សធម៌នេះ តាំងពីឆ្នាំ​២០០៦​មក។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បាន​ថ្លែងថា សមិទ្ធផល​នេះ​បានឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ដ៏មោះមុត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចូលរួម​គាំទ្រ​វិស័យ​រក្សា​សន្តិភាព​មនុស្សធម៌ ដើម្បី​ស្វែងរក​សុខសន្តិសភាព ជូន​ប្រជាជនក្នុង​ពិភពលោក៕








© រក្សាសិទ្ធិដោយ thmeythmey.com