ជាតិ
សង្គមជាតិ
អង្គការសហប្រជាជាតិ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ជនជាតិ​ម៉ុង​តា​ញ៉ា
20, Dec 2014 , 3:29 pm        
រូបភាព
រូបភាព៖ facebook
រូបភាព៖ facebook
ការិយាល័យ​ឧ​ត្ត​ស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន បានបង្ហាញ​ក្តីបារម្ភ​ខ្លាំង​ពី​បញ្ហា​សុខភាព និង​សុវត្ថិភាព​របស់​ជន​ជនជាតិភាគតិច​វៀតណាម​ម៉ុង​តា​ញ៉ា​ចំនួន១៣នាក់​ដែល​ភៀសខ្លួន​មក​កម្ពុជា ដែល​កំពុង​លាក់ខ្លួន​ក្នុងព្រៃ​អស់​ពេល​ច្រើនជាង៧សប្តាហ៍​ដោយ​មិនបាន​ទទួល​ជំនួយ​ឬ​ការការពារ​នោះ។



កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ក្រុមការងារ​រួមមួយ​ដែលមាន​ការសហការ​រ​វាង​ក្រសួងមហាផ្ទៃ ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​ជ​ន​ភៀសខ្លួន និង​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជា​តិ​បានធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​រតនគីរី ដើម្បី​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្វែងរក​ក៏ដូចជា​ជជែក​ជាមួយ​ក្រុម​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា។ គោលដៅ​នៃ​ក្រុមការងារ​រួម​នេះ​នឹង​សាកសួរ​ទៅ​ក្រុម​ជនភៀសខ្លួន​ទាំងនោះ ប្រសិនបើ​ពួកគេ​ចង់​ស្នើសុំ​សិទ្ធិ​ជ្រកកោន ក្រុមការងារ​នឹង​នាំ​ពួកគេ​មកកាន់​រាជធានី​ភ្នំពេញ​ដើម្បី​បំពេញបែបបទ​តាម​បំណង​របស់​ពួកគេ។

យ៉ាងណាក៏ដោយ បើទោះបីជា​មានការ​ណែនាំ​និង​ចង្អុលបង្ហាញ​ពី​សំណាក់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង អោយមាន​ការសហការ​ជាមួយ​ក្រុមការងារ​រួម​ក៏ដោយ គេ​សង្កេតឃើញ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​រតនគីរី បាន​បដិសេធ​អនុញ្ញាតអោយ​ក្រុមការងារ​ចុះទៅ​ជួប និង​នាំយក​ជនជាតិ​ម៉ុង​តា​ញ៉ា​ទាំងនោះ​មកកាន់​ទីក្រុង​ភ្នំពេញ​ឡើយ។ នៅ​ព្រឹក​ម្សិលមិញ អាជ្ញាធរខេត្ត​បាន​ហាមឃាត់​មិនអោយ​ក្រុមការងារ​អង្គការសហប្រជាជាតិ​ចុះទៅ​សហគមន៍​ជនជាតិភាគតិច​ចា​រ៉ា​យ​ថែម​ទៀតផង។ ក្រុមការងារ​បាន​ទាក់ទង​ទៅ​អភិបាលខេត្ត​ដើម្បី​សុំ​ការអន្តរាគមន៍ ប៉ុន្តែ​អភិបាលខេត្ត​មិនបាន​អន្តរាគមន៍​ឬ​សម្រួល​អោយ​ក្រុមការងារ​អាច​បន្តដំណើ​រ​ទៅកាន់​ទីតាំង​ដែល​គេ​ជឿជាក់ថា​ជនជាតិ​ម៉ុង​តា​ញ៉ា​កំពុង​លាក់ខ្លួន​ឡើយ។ គេ​ភ័យខ្លាច​ថា ជនជាតិ​ម៉ុង​តា​ញ៉ា​អាច​ប្រឈមមុខ​ជាមួយ​គ្រោះថ្នាក់​ប្រសិនបើ​មានការ​បញ្ជូន​ជន​ទាំងនោះ​ទៅកាន់​ប្រទេស​វៀតណាម​វិញ។

ដោយឡែក​នៅក្នុង​ទីក្រុង​ប៉ាង​កក​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​ជ​ន​ភៀសខ្លួន និង​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​ដោយ​ស្នើ​សុំអោយ​រដ្ឋាភិបាល​កម្ពុ​ជា​និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ជួយ​ធ្វើ​សកម្មភាព​អោយបាន​ឆាប់រហ័ស​ដើម្បី​ការពារ​សុវត្ថិភាព​ជនជាតិ​ម៉ុង​តា​ញ៉ា​ទាំងនោះ។ អង្គការសហប្រជាជាតិ​អំពាវនាវ​អោយ​កម្ពុជា​ជួយ​បញ្ជូន​ពួកគេ​ទៅកាន់​រាជធានី​ភ្នំពេញ​និង​ផ្តល់ឱកាស​អោយ​ពួកគេ​សុំ​សិទ្ធិ​ជ្រកកោន​ដោយ​អនុលោម​ទៅតាម​អនុសញ្ញា​ជនភៀសខ្លួន​ឆ្នាំ ១៩៥១ និង​អនុក្រឹត្យ​ស្តីពី​ជនភៀសខ្លួន​និង​អ្នក​សុំ​សិទ្ធិ​ជ្រកកោន៕ 



© រក្សាសិទ្ធិដោយ thmeythmey.com