ជាតិ
សង្គមជាតិ
លោក ​សុន ឆ័យ​ នឹង​ដឹកនាំ​ក្រុមការងារ​ត្រួតពិនិត្យ​តំបន់​អង្គរ​នៅ​ថ្ងៃស្អែក
20, Dec 2014 , 8:01 pm        
រូបភាព
អនុប្រធាន​គណៈកម្មាកា​រ​ទី២នៃ​រដ្ឋសភា លោក សុន ឆ័យ នឹង​ដឹកនាំ​ក្រុមការងារ​ចុះទៅ​តំបន់​អង្គរ នៅ​ថ្ងៃទី២១-២២ធ្នូ​នេះ ដើម្បី​ត្រួតពិនិត្យ​ពី​ចំណូល​អង្គរ និង​បញ្ហា​ជាក់ស្ដែង​ដែល​បានកើត​ឡើង​នៅ​តំបន់​នោះ។


បើតាម​ការអះអាង​លោក សុន ឆ័យ​កាល​ពេលថ្មីៗនេះ គោលបំណង​ចុះទៅ​នេះ​គឺ​លោក​ចង់​ពិនិត្យ​ជាក់ស្ដែង​ពី​តួនាទី​របស់​អាជ្ញាធរ​អប្សរា និង​បញ្ហា​ពាក់ព័ន្ធ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កន្លងមក ដែល​លោក​ទទួលបាន​រួមមាន បញ្ហា​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​សាងសង់​លំនៅដ្ឋាន​នៅ​ទីនោះ ការយក​ដី​ប្រជាពលរដ្ឋ​ទៅ​ឲ្យ​ក្រុមហ៊ុន ដំណើរការ​ជួសជុល​ប្រាសាទ និង​ការលក់​សំបុត្រ​នៅ​តំបន់​អង្គរ​ជាដើម។ លើសពីនេះ​លោក សុន ឆ័យ ក៍​នឹង​ជួប​ជាមួយ​អាជ្ញាធរខេត្ត ដើម្បី​ត្រួតពិនិត្យ​ពី​ការចាយវាយ​ថវិការ ការគ្រប់គ្រង​របស់​អា​ជ្ញា​ធរ​នៅ​តំបន់​នោះ និង​ការផ្លាស់ប្ដូរ​ទីតាំង​សាលាខេត្ត។

កន្លងមក​លោក​សុន ឆ័យ បាន​បញ្ជាក់ថា បើសិនជា​ការចុះ​ត្រួតពិនិត្យ​នេះ មាន​ភាពមិនប្រក្រតី មានការ​បាត់​ថវិការ​ជាតិ​នោះ មានការ​ពុករលួយ​ក្នុង​តំបន់​អង្គរ​នេះ លោក​នឹង​បន្ដ​យន្ដការ ដាក់ពាក្យ​ប្ដឹងទៅ​តុលាការ ដើម្បី​ស៊ើបអង្កេត​ស្នើរ​ឲ្យ​ដក​ក្រុមហ៊ុន (សុខ គង់) វិនិយោគ​នៅ​តំបន់​អង្គរ​នេះ។ ចំណែក​មន្ត្រី​នៅ​តំបន់​នោះ ដែល​មានការ​ពុករលួយ ពាក់ព័ន្ធ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​កេងប្រវ័ញ្ច​ចំណូល​ជាតិ លោក​នឹង​រៀបចំ​ឯកសារ​ដាក់​ទៅកាន់​អង្គការ​ភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ឲ្យ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់៕





© រក្សាសិទ្ធិដោយ thmeythmey.com