ជាតិ
សង្គមជាតិ
ថ្នាក់ដឹកនាំ​បណ្តាញ​សង្គម​របស់លោក កែម ឡី ជួបគ្នា​នៅ​ថ្ងៃទី២៧ធ្នូ២០១៤
21, Dec 2014 , 9:17 am        
រូបភាព
ភ្នំពេញ៖ បណ្តាញ​សង្គម«ខ្មែរ​ដើម្បី​ខ្មែរ»គ្រោង​ជួបគ្នា​នៅ​ថ្ងៃទី២៧ខែធ្នូ​ឆ្នាំ២០១៤ខាងមុខនេះ នៅ​ទីក្រុង​ភ្នំពេញ។ រីឯ​គណបក្ស​មូលដ្ឋាន​ដែល​ផ្តួច​ផ្តើមគំនិត​ដោយ​លោក កែម ឡី អ្នកស្រាវជ្រាវ​សង្គម និង​លោក យ៉ង់ សាំង​កុមារ នាយក​អង្គការ​កសិកម្ម​សេ​ដាក់ នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ដើមឆ្នាំ២០១៥ ខាងមុខនេះ៕



សមាជិក​បណ្តាញ​សង្គម​របស់លោក កែម ឡី អ្នកស្រាវជ្រាវ​សង្គម​គ្រោង​នឹង​ជួបជុំគ្នា​ជា​លើកដំបូង ផ្លូវការ​នៅ​ថ្ងៃទី២៧ខែធ្នូ​ឆ្នាំ២០១៤ខាងមុខនេះ នៅ​ទីក្រុង​ភ្នំពេញ។ នេះ​គឺជា​លើក​ទី១ហើយ​ដែល​សមាជិក​បណ្តាញ​សង្គម«ខ្មែរ​ដើម្បី​ខ្មែរ»សម្រេច​ជួបជុំគ្នា​ជា​ផ្លូវការ​ក្រោយពេល​ដែលមាន​លេចលឺ​ព័ត៌មាន​ជាច្រើន​ជុំវិញ​ការបង្កើត​គណបក្ស​មូលដ្ឋាន​ដែល​អាចដឹកនាំ​ដោយ​លោក កែម ឡី និង​លោក យ៉ង់ សាំង​កុមារ នាយក​អង្គការ​កសិកម្ម​សេ​ដាក់។

លោក កែម ឡី បាន​ថ្លែងប្រាប់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា សមាជិក​ប្រមាណ​ជា១៥០ នឹងចូលរួម​កិច្ចប្រជុំ​លើក​ទី១របស់​បណ្តាញ​សង្គម។ នៅ​ដើមឆ្នាំ២០១៥ ខាងមុខនេះ គណបក្ស​មូលដ្ឋានចំនួន២៥ឃុំ​នឹង​ចាប់ផ្តើម​ដំណើការ មុននឹង​ឈានទៅ​ចុះឈ្មោះ​ជា​ផ្លូវការ​ដើម្បី​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០១៧ និង​បោះឆ្នោតជាតិ​នៅ​ឆ្នាំ២០១៨ ។

លោក កែម ឡី និង​លោក យ៉ង់ សាំង​កុមារ ដែលជា​អ្នក​ផ្តួចផ្តើម​គំនិត​អោយ​បង្កើត​គណបក្ស​មូលដ្ឋាន​ធ្លាប់បាន​បដិសេធថា លោក​ទាំងពីរ​នាក់​នឹងមិន​ក្លាយខ្លួន​ទៅជា​ប្រធាន​គណបក្ស​ថ្មី​នោះទេ។ អ្វីដែល​លោក​ទាំងពីរ​នាក់​កំពុង​ធ្វើ គឺ​គ្រាន់តែ​បង្រៀន​ពលរដ្ឋ​អោយ​ចេះ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​តែប៉ុណ្ណោះ៕




© រក្សាសិទ្ធិដោយ thmeythmey.com