ជាតិ
បទវិភាគ
សង្គមជាតិ
ឥទ្ធិពល​​វប្បធម៌​​បរទេស​​កំពុង​​ហូរ​​ចូល​​យ៉ាង​គំហុក​​មក​​ក្នុង​សង្គម​​ខ្មែរ​
12, Oct 2015 , 12:30 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ នៅ​ក្នុងសម័យ​សកលភាវូបនីយកម្ម​នេះ ឥទ្ធិពល​សេដ្ឋកិច្ច នយោបាយ និង​វប្បធម៌​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​ផ្សេងទៀត បានកើត​ឡើង​ដោយ​មិនអាច​ចៀសផុត​បាន។ តើ​ប្រទេស​កម្ពុជា​ធ្លាប់​ជះឥទ្ធិពល​វប្បធម៌​ទៅកាន់​ប្រទេស​ដទៃ​នៅពេលណា? និង​ធ្លា​ប់រង​ឥទ្ធិពល​វប្បធម៌​បរទេស​វិញ​នៅពេលណា?



ការជះឥទ្ធិពល​នៃ​វប្បធម៌​របស់​ប្រទេសមួយ​ទៅលើ​ប្រទេស​មួយទៀត មិនមែនជា​រឿង​ចម្លែក ទេ​នៅក្នុង​ពិភពលោក។ ឥទ្ធិពល​បែបនេះ តែង​តែង​ប្រព្រឹត្តទៅ​រវាង​ប្រទេស​ដែល​នៅ​ជិតគ្នា។ ជាធម្មតា ប្រទេសមួយ​ដែល​ខ្លាំង​និង​រីកចម្រើន​ជាង តែងតែ​ជះឥទ្ធិពល​ទៅលើ​ប្រទេសមួយ ដែល​ខ្សោយ​និង​មិនសូវ​រីកចម្រើន។ ឆ្លងតាម​ប្រវត្តិសាស្ត្រ ប្រទេស​កម្ពុជា​ធ្លាប់​ទទួល​ឥទ្ធិពល វប្បធម៌​របស់​ប្រទេស​ឥណ្ឌា​ក្នុង​អតីតកាល។ ប៉ុន្តែ កម្ពុជា​ក៏​ធ្លាប់​ជះឥទ្ធិពល​វប្បធម៌​ទៅលើ ប្រទេស​សៀម និង​ប្រទេសជិតខាងផ្សេងៗទៀត ដែលជា​ប្រទេស​ទន់ខ្សោយ​ជាង ខ្លួន​នៅក្នុង អតីតកាល​ដែរ។

ចាប់តាំងពី​កម្ពុជា​ចុះខ្សោយ​មក កម្ពុជា​បានទទួល​ឥទ្ធិពល​បរទេស​ជាច្រើន ជាពិសេស ពី​ប្រទេសជិតខាង​និង​ប្រទេស​ជឿនលឿន​ក្នុង​ពិភពលោក លើ​វិស័យ​ជាច្រើន ដែល​ក្នុងនោះ មាន​ទាំង​វិស័យ​វប្បធម៌​ផងដែរ។ បច្ចុប្បន្ន ដោយសារ​កម្ពុជា​ជា​ប្រទេសមួយ​ដែលមាន ការអភិវឌ្ឍ​តិចតួច និង ដោយសារ​សំពាធ​នៃ​សាកលភាវូបនីយកម្ម​ផង​នោះ បាន​ជំរុញ​សង្គម​ខ្មែរ​ទទួលយក​ឥទ្ធិពល​បរទេស​យ៉ាងគំហុក​ទាំង​ល្អ​ទាំង​អាក្រក់។

ក្រោយ​ឥទ្ធិពល​នៃ​សង្គ្រាមត្រជាក់​និង​សង្គ្រាមស៊ីវិល​រយៈពេល​ជាង៣០ឆ្នាំ កម្ពុជា​បាន​ធ្លាក់ចុះ​ស្ទើរតែ​គ្រប់​វិស័យ​ដល់​កម្រិត​មួយ​ទាប់​បំផុត។ ក្នុងខណៈ​នេះ សង្គម​ខ្មែរ​ទាំងមូល​ហាក់ដូចជា​កំពុង​សម្លឹង​ទៅ​ប្រទេសជិតខាង ប្រទេស​ក្នុង​តំបន់ និង ប្រទេស​នានា​ក្នុង​ពិភពលោក ដែល​ខ្លាំង​និង​រីកចម្រើន​ជាង​ខ្លួន ក្នុង​ក្រសែភ្នែក​មួយ​ដែលថា អ្វីៗដែល​ប្រទេស​ទាំងនោះ​មាន គឺ​សុទ្ធតែ​ល្អ​ទាំងអស់ អ៊ីចឹង​ហើយ​បានជា​យើង​សង្កេតឃើញថា ពលរដ្ឋ​ខ្មែរ​មួយចំនួន បាន​ស្ម័គ្រចិត្ត​ទទួលយក​ឥទ្ធិពល​នៃ​វប្បធម៌​បរទេស​មក​ធ្វើជា​មូលដ្ឋាន​ក្នុង​ការគិត ការសម្រេចចិត្ត និង ការប្រព្រឹត្ត​របស់ខ្លួន។

លើសពីនេះ​ទៀត បើ​យើង​ពិនិត្យ​ឱ្យ​ស៊ីជម្រៅ យើង​អាច​មើលឃើញថា ក្រៅពី​ពលរដ្ឋ​ខ្មែរ​ទទួលយក​វប្បធម៌​បរទេស​ដោយ​ស្ម័គ្រចិត្ត ក៏មាន​កត្តា​មូលដ្ឋាន​ផ្សេងទៀត​ដែល​រួមចំណែក​ធ្វើឱ្យ​ឥទ្ធិពល​វប្បធម៌​បរទេស​ក​ហូរ​ចូលមកក្នុង​សង្គម​ខ្មែរ​ផងដែរ កត្តា​ទាំងនោះ​មានដូចជា ទំនាក់ទំនង​ការទូត​រវាង​ប្រទេសផ្សេងៗជាមួយ​កម្ពុជា ឥទ្ធិពល​ទំនាក់ទំនង​នយោបាយ និង ទំនាក់ទំនង​ពាណិជ្ជកម្ម ជាដើម។

ជាទូទៅ យើង​បាន​មើលឃើញថា ប្រទេសជិតខាង ប្រទេស​មហាអំណាច និង ប្រទេស​រីកចម្រើន​នានា​តែ​តែង​យក​វប្បធម៌​ធ្វើជា​មធ្យោបាយ​ក្នុង​បញ្ជ្រាប​មនោគមន៍វិជ្ជា​នយោបាយ​និង​ពង្រីក​ទីផ្សារ​របស់ខ្លួន។ ជា​ក្រឹត្យក្រម ប្រសើ​ន​បើ​សង្គម​ខ្មែរ​ចូលចិត្ត​វប្បធម៌ សិល្បៈ របស់​ចិន កូរ៉េ ថៃ...នាំឱ្យ​សង្គម​ខ្មែរ​ងាយ​គាំទ្រ​នយោបាយ​របស់​ប្រទេស​ទាំងនេះ និង ចូលចិត្ត​ទំនិញ​របស់​ប្រទេស​ទាំងនេះ​ផងដែរ។  

ឥទ្ធិពល​នៃ​វប្បធម៌​បរទេស​ដែល​សង្គម​ខ្មែរ​ទទួលយក មានដូចជា ភាសា ការ​ស្លៀកពាក់ ការតុបតែង​ខ្លួន ការហូបចុក ចំណីអាហារ ការរស់នៅ ល្បែង​កំសាន្ត ចម្រៀង របាំ ភាពយន្ត ជំនឿ សាសនា ប្រពៃណី និង ពិធីបុណ្យផ្សេងៗ ដូចជា ចូលឆ្នាំ​ចិន ចូលឆ្នាំ​សាកល បុណ្យ​នៃ​ក្ដី​ស្រលាញ់(បុណ្យ​សង្សា) បុណ្យ​ហា​ឡូ​វីន(Halloween) បុណ្យ​គ្រី​ស​ស្មឹ​ស ជាដើម។ ដោយមាន​ការជួយ​ផ្សព្វផ្សាយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នូវ​ប្រពៃណី ទំនៀមទម្លាប់ សិល្បៈ​បរទេស នាំឱ្យ​ឥទ្ធិពល​នៃ​វប្បធម៌​ទាំងនោះ​ដិតដាម​ជាប់​នឹង​អារម្មណ៍​របស់​យុវវ័យ​ស័​យ​ថ្មី និង បានធ្វើឱ្យ​ពួកគេ​ខ្លះ​យល់ថា វប្បធម៌​ទាំងនោះ​គឺជា​របស់ខ្លួន។ ដោយហេតុ​នេះហើយ ទើប​យើង​សង្កេតឃើញ​យុវវ័យ បាន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ទាំងនោះ​យ៉ាងសកម្ម។
លើសពីនេះទៅទៀត សូម្បីតែ​ពេល​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃ​របស់​ខ្មែរ ក៏​ពួកគេ​ស្លៀកពាក់​បែប​បរទេស​ដែរ ដូចជា​ក្នុង​ពិធីមង្គលការ ពី​ធី​បុណ្យចូលឆ្នាំ​ខ្មែរ ឬ ពិធីបុណ្យ​សាសនា​របស់​ខ្មែរ​ជាដើម។

ពិតណាស់ ការទទួលយក​ឥទ្ធិពល​វប្បធម៌​បរទេស មិនមែន​សុទ្ធតែជា​រឿង​អាក្រក់ទាំងអស់​នោះទេ ប៉ុន្តែ យើង​ត្រូវ​បែងចែក​ឱ្យ​ច្បាស់​ថា តើ​ជ្រុង​ណា​យើង​គួរ​ទ​ទួ​យក និង ជ្រុង​ណា​យើង​មិនគួរ​ទទួលយក ព្រមទាំង​ត្រូវ​បែងចែក​ឱ្យ​ច្បាស់​ថា តើ​ណាមួយ​ជា​វប្បធម៌​ខ្មែរ ណាមួយ​ជា​វប្បធម៌​បរទេស ជៀសវាង​ការ​អះអាងថា វប្បធម៌​បរទេស​ជា​របស់​ខ្មែរ និង មិន​ត្រូវយក​វប្បធម៌​បរទេស​មក​បញ្ចូល​គ្នា​ជាមួយ​វប្បធម៌​ខ្មែរ ដែលនាំឱ្យ​បាត់បង់​អត្តសញ្ញាណ​នៃ​វប្បធម៌​ខ្មែរ៕ 

ដោយ ឈ​ត ប៊ុន​ថង បណ្ឌិត​ទស្សនវិជ្ជា

  

© រក្សាសិទ្ធិដោយ thmeythmey.com