អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Air Asia៖ Pilot បានស្នើ​សុំ​ចាក​ចេញពី​ផ្លូវ​ហោះហើរ ដោយសារ​អាកាសធាតុ​អាក្រក់
28, Dec 2014 , 3:10 pm        
រូបភាព
ចំនុច​ខ្វែង​ក្រហម ជា​កន្លែង​ដែល​យន្តហោះ​បាត់ការទាក់ទង​
ចំនុច​ខ្វែង​ក្រហម ជា​កន្លែង​ដែល​យន្តហោះ​បាត់ការទាក់ទង​
គេ​នៅ​ទាន់​រកឃើញ​យន្តហោះ​នៃ​ក្រុមហ៊ុន Air Asia ដែល​បាន​បាត់​ទាក់ទង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ព័ត៌មាន​ចុងក្រោយ​មួយ​ដែល​ប្រកាស​ដោយ​ក្រុមហ៊ុន​Air Asia ផ្សាយ​ថា អ្នកបើក​យន្តហោះ​នោះបាន​ស្នើសុំ​ចាកចេញ​ពី​ផ្លូវ​ហោះហើរ​របស់ខ្លួន ដោយសារតែ​ផ្លូវ​ហោះហើរ​របស់ខ្លួន​មាន​អាកាសធាតុ​អាក្រក់។


លោក ជាវ សំណាង លម្អិតព័ត៌មាននេះ



រហូតដល់​រសៀល​ថ្ងៃអាទិត្យ​នេះ គេ​នៅតែ​មិនទាន់​រកឃើញ​យន្តហោះ​នៃ​ក្រុមហ៊ុន Air Asia ដែល​បាន​ចាក​ចេញពី​​ក្រុង Surabaya នៃ​ប្រទេស​ឥណ្ឌូនេស៊ីទៅប្រទេស​សិង្ហ​បុរី ហើយ​ដែល​បាត់​ការទាក់ទង​នោះ នៅឡើយ​ទេ។ ក្រុមហ៊ុន​អាកាសចរណ៍ Air Asia បាន​ផ្សាយ​ឲ្យ​ដឹងថា មុន​ការបាត់ ការទាក់ទង​គ្នា​នេះ អ្នកបើក​យន្តហោះ​បានស្នើ​សុំ​មក​មូលដ្ឋាន​ចរាចរណ៍​ផ្លូវការ​អាកាស​របស់​ឥណ្ឌូនេស៊ី ដើម្បី​ចាកចេញ​ពី​ផ្លូវ​ហោះហើរ​របស់ខ្លួន​ដោយសារ​អាកាសធាតុ​អាក្រក់។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

គួរ​បញ្ជាក់ថា មាន​មនុស្ស​សរុប១៦២នាក់​នៅក្នុង​យន្តហោះ​ដែល​បាន​បាត់​ដំណឹង​នោះ ដោយ​ក្នុងនោះ​រួមមាន៖ អ្នកដំណើរ១៥៥នាក់ អ្នកបើក​យន្តហោះ២នាក់ និង​ក្រុម​អ្នកបម្រើ​លើ​យន្តហោះ​ចំនួន៥នាក់។ ហើយ​ក្នុងចំណោម​ជនរងគ្រោះ​នៅលើ​យន្តហោះ​នោះ មាន​ជនជាតិ​ឥណ្ឌូនេស៊ី១៥៦នាក់ ជនជាតិ​កូរ៉េខាងត្បូង៣នាក់ ជនជាតិ​បារាំង១នាក់ ជនជាតិ​ម៉ាឡេស៊ី ១នាក់ និង​ជនជាតិ​សឹង្ហ​បុរី១នាក់។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​សឹង្ហ​បុរី ដែល​បាន​ចែករំលែក​ការព្រួយបារម្ភ​ជាមួយ​ក្រុមគ្រួសារ​អ្នកដំណើរ​ទាំង១៦២នាក់​នោះ បានប្រកាស​ផ្តល់ជំនួយ​សម្រាប់​ប្រតិបត្តិ​ការស្វែងរក​យន្តហោះ​បាត់​ដំណឹង​នោះ។

យន្តហោះ​នៃ​ក្រុមហ៊ុន Air Asia ជើងហោះហើរ​លេខ QZ8501 បាន​ចាក​ចេញពី​ទីក្រុង Surabaya នៃ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ម៉ោង ៥និង៣៥នាទី​ព្រឹក​ថ្ងៃអាទិត្យ​នេះ ហើយ​បាន​បាត់​ការទាក់ទង​នៅ​ម៉ោង៧និង២៤នាទី៕



© រក្សាសិទ្ធិដោយ thmeythmey.com