ជាតិ
​​​ន​យោ​បាយ​ជាតិ​
ការធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនៅលើមាត់អាជ្ញាធរ
04, Jan 2015 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
ពាក្យថា «ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ »នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ត្រូវបានអាជ្ញាធរខ្មែរនិយាយស្ទើររៀងរាល់ថ្ងៃ ក្នុងគោលបំណងរារាំងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ ឬអ្នកគាំទ្រគណបក្សប្រឆាំងអាចជួបជុំគ្នាបាន។ តើការប្រើហេតុផល ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់សាធារណៈរបស់អាជ្ញាធរ នៅពេលដែលមានការតវ៉ារបស់ប្រជាពលរដ្ឋ ជាការត្រឹមត្រូវឬយ៉ាងណា?



នៅក្នុងប្រទេសកម្ពុជាឧបសគ្គធំនៃការជួបជុំឬការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន គឺនៅត្រង់ពាក្យថា ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ពាក្យនេះ គឺអំណះអំណាងដ៏ពេញនិយមរបស់អាជ្ញាធររដ្ឋាភិបាល ដើម្បីហាមឃាត់សកម្មភាពរបស់ប្រជាពលរដ្ឋកុំឲ្យប្រមូលផ្តុំគ្នា។ អំណះអំណាងរបស់អាជ្ញាធរបែបនេះ បានធ្វើឲ្យអង្គការផ្នែកសិទ្ធិមនុស្ស ជាតិ និងអន្តរជាតិខ្លះ បានសម្តែងការព្រួយបារម្ភពីសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។

ជុំវិញបញ្ហានេះ សាស្រ្តាចារ្យបង្រៀនផ្នែកនីតិសិទ្ធិមនុស្សនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច លោក ឆឹង ស៊ីនៀង បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗថា នៅក្នុងបរិបទប្រទេសកម្ពុជា គេពិបាកនឹងពន្យល់ណាស់ថា តើទង្វើបែបណាដែលគេចាត់ទុកជាការធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈណាស់? ពីព្រោះតែគ្មានច្បាប់ណាចែងឲ្យច្បាស់ និងគ្មានតុលាការណាបកស្រាយ ដោយគ្រាន់តែជាពាក្យអាជ្ញាធរនិយាយតែប៉ុណ្ណោះ។  ម្លោះហើយ វាប្រាកដណាស់ នឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។

យ៉ាងណាក៏ដោយលោក មេធាវី ឆឹង ស៊ីនៀង បានបញ្ជាក់ថា ការយកលេសខូចសណ្តាប់ធ្នាប់សាធាណៈរបស់អាជ្ញាធរ ដើម្បីហាមឃាត់មិនឲ្យប្រជាពលរដ្ឋធ្វើការជួបជុំតវ៉ា ឬធ្វើបាតុកម្មដោយអហិង្សា មិនមែនជាហេតុផលត្រឹមត្រូវនោះទេ ពោលគឺជាទង្វើខុសច្បាប់។ ពីព្រោះថា ការទាមទារ ការតវ៉ា ការដង្ហែក្បួន របស់ប្រជាពលរដ្ឋដោយអហិង្សា គឺជាទង្វើដែលច្បាប់ការពារ និងអនុញ្ញាត ដែលមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ ម្លោះហើយ អាជ្ញាធរមិនអាចយកលេសនេះ មកហាមឃាត់ប្រជាពលរដ្ឋបានឡើយ។ តែផ្ទុយទៅវិញ អាជ្ញាធរទៅវិញទេ ជាអ្នកមានភារកិច្ចក្នុងការជួយសម្រួល ជួយការពារប្រជាពលរដ្ឋ ឲ្យការជួបជុំនោះប្រព្រឹត្តទៅដោយរលូន។

អ្នកច្បាប់រូបនេះ បានពន្យល់ដោយលើកឧទាហរណ៍និងចោទជាសំណួរយ៉ាងដូច្នេះទៀតថា « យើងពិចារណាមើល ប្រសិនបើអាជ្ញាធរ គាត់ថា ការតវ៉ារបស់ប្រជាពលរដ្ឋដោយអហិង្សា ជាការធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ចុះគេការម្តងៗ មានអ្នកខ្លះធ្វើរោងការពេញផ្លូវ នោះមិនប៉ះពាល់ដល់សណ្តាប់សាធារណៈទេឬ? ចុះអ្នកធំខ្លះទៅណាម្តងៗ បិទផ្លូវស្ទះចរាចរណ៍រកទៅណាមិនកើត នោះមិនមែនប៉ះពាល់ដល់សណ្តាប់សាធារណៈទេឬ? ដូច្នេះហើយ បានជាបង្កើតអាជ្ញាធរមក គឺដើម្បីមើលការខុសត្រូវសណ្តាប់ធ្នាប់សាធារណៈនេះ ពោលគឺត្រូវជួយសម្រួលសណ្តាប់ធ្នាប់ ឬការពារ នៅពេលដែលមានការតវ៉ាអហិង្សា ឬមានពិធីអ្វីមួយម្តងម្កាលតាមបែបប្រពៃណី មិនអាចហាមឃាត់នោះទេ» ៕


© រក្សាសិទ្ធិដោយ thmeythmey.com