ជាតិ
​​​ន​យោ​បាយ​ជាតិ​
យុវជននៅតែ​បញ្ចេញ​ទស្សនៈ​ផ្សេងគ្នា​ ចំពោះ​ទិវា ៧មករា
07, Jan 2015 , 8:13 am        
រូបភាព
ថ្ងៃ ៧មករា ឆ្នាំ១៩៧៩-២០១៥ ជា​ខួប​លើក​ទី៣៦នៃ​ការអបអរ​ថ្ងៃជ័យ​ជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត។ យុវជន​កម្ពុជា​មួយចំនួន​បាន​បញ្ចេញ​ទស្សនៈផ្សេងៗគ្នា ទាក់ទង​នឹង​ថ្ងៃទី៧មករា​នេះ។


«៧មករា ជា​ថ្ងៃកំណើត​ទី​ពីរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រួច​ផុតពី​របប​ប៉ុលពត»។ នេះ​ជាការ​លើកឡើង​របស់ យុវតី ឆាំង ម៉ា​រ៉ុង ជា​និស្សិត​សង្គមវិទ្យា​ឆ្នាំ​ទី៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ កញ្ញា ឆាំង ម៉ា​រ៉ុង បាន​បន្ថែមថា៖«ប្រជាជន​កម្ពុជា​មិនគួរ​មើលរំលង​ថ្ងៃជ័យ​ជម្នះ៧មករា​ឆ្នាំ១៩៧៩នោះទេ ព្រោះ​ជា​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍​កម្ពុជា​ប្រជាធិបតេយ្យ ដែលជា​របប​ដែល​កាប់ សម្លាប់​ប្រជាជន​ខ្លួនឯង​យ៉ាង​ព្រៃផ្សៃ​នោះ»។

យុវជន ម៉េង សុធា​រិ​ទ្ធ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ បាន​រៀបរាប់ថា ការ​រំលឹក​គុណ​ថ្ងៃ៧មករា ជាការ​ល្អ។ យុវជន​រូបនេះ បាន​និយាយថា៖«ប្រសិនបើ​មិនមាន​ថ្ងៃ៧ មករា​ទេនោះ ប្រទេស​កម្ពុជា ក៏​មិនមាន​សុខ សន្តិភាព ប្រជាជនមាន​ភាពសម្បូ​រណ៍​សប្បាយ ប្រទេស​មានការ​អភិវឌ្ឍ និង​រីកចម្រើន​ដូច​សព្វថ្ងៃ​នេះដែរ»។

«ថ្ងៃ៧កម​រា គឺជា​ថ្ងៃ​ធម្មតា​សម្រាប់​ខ្ញុំ»។ នេះ​ជា​ទស្សនៈ​របស់​កញ្ញា​ឧសភា។ ឧសភា ដែលជា​បុគ្គលិក​ក្រុមហ៊ុន​ធនាគារ​ក្នុង​រាជធានី​ភ្នំពេញ បាន​រៀបរាប់ថា៖«ខ្ញុំ​គិតថា វា​ជា​ថ្ងៃ​ធម្មតា ខ្ញុំ​មិនសូវ​ចាប់អារម្មណ៍​ឡើយ។ ខ្ញុំ​គឺជា​ក្មេងជំនាន់ក្រោយ​មិនបាន​ឆ្លងកាត់​ទិដ្ឋភាព​ជាក់ស្តែង​កាលសម័យ​នោះ ដូច្នេះហើយ​ទើបបានជា មិនសូវមាន​រូបភាព​ដែល​អាចធ្វើឱ្យ​ដក់​ជាប់​នៅក្នុង​អារម្មណ៍​នោះទេ»។
អ្នក​ដែល​មិន​ចាប់អារម្មណ៍​ទិវា៧មករា​ដែល​រម្លឹក​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ក៏មាន​យុវជន លាង​ហេង អាយុ២៤ឆ្នាំ​ដែរ។ អតីត​និស្សិត​ផ្នែក​សេដ្ឋកិច្ច​រូបនេះ​បាន​ពន្យល់ថា៖« ថ្ងៃ៧មករា គឺ​មិនសូវមាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ខ្ញុំ​នោះទេ ដោយសារតែ​ខ្ញុំ​មិនសូវ​បានដឹង​ច្បាស់​អំពី​ប្រវត្តិ​ទាក់ទង​នឹង​ថ្ងៃ៧មករា​នេះ ថា​វា​បាន​កើតឡើង​យ៉ាងដូចម្តេច? ហើយ​តាម​ការស្រាវជ្រាវ​របស់​ខ្ញុំ​កន្លងមក​ក៏​មិនមាន​ឯកសារ​ណាមួយ​និយាយ​ឱ្យ​លំអិត​អំពី​ប្រវត្តិសាស្ត្រ​នៅក្នុង​ពេលនោះ»។ យុវជន​កូនកាត់​ចិន​រូបនេះ បាន​បន្តថា៖ «ប្រវត្តិសាស្ត្រ​មាន​អាថ៌កំបាំង​ច្រើនណាស់។ យុវជន ត្រូវ​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ឱ្យបាន​ច្បាស់ មុននឹង​ជឿជាក់​លើ​ព្រឹត្តិការណ៍​អ្វីមួយ ហើយ​រាជរដ្ឋាភិបាល​ក៏​មិនគួរ​មាន​ចេតនា​លាក់លៀម​ប្រវត្តិសាស្ត្រ​ជាតិ​ខ្លួន​នោះដែរ»។

សម្រាប់​កញ្ញា ម៉ា​រ៉ុង​វិញ បើទោះបីជា​ខ្លួន​បាន​លើកសរសើរ និង​ដឹងគុណ​ថ្ងៃ៧មករា ក៏ដោយ ក៏​យុវតី​វ័យ២១ឆ្នាំ​រូបនេះ អំពាវនាវ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន យក​សមិទ្ធផល​នានា ទៅ​ប្រៀបធៀប​តែ​ជាមួយ​ឆ្នាំ១៩៧៩ រហូត​នោះទេ។ «ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​ធៀប​ទៅនឹង​ប្រទេស​ដទៃទៀត​ដែល​ធ្លាប់​ធ្លាក់​ក្នុង​សង្គ្រាមរ៉ាំរ៉ៃ ប៉ុន្តែ​ក្រោយមក ប្រទេស​ទាំង​នោះបាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​លឿន»។ នេះ​ជាការ​អំពាវនាវ​របស់​និស្សិត​ម៉ា​រ៉ុង៕


© រក្សាសិទ្ធិដោយ thmeythmey.com