ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ូ វីរៈ៖ ខ្ញុំ​ចេញពី CCHR ដើម្បី​ផ្ញើ​សារ​ដល់​ប្រធាន​NGO ដែល​ក្រាញ​អំណាច
08, Jan 2015 , 6:57 pm        
រូបភាព
ដោយ:
អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បានសម្រេច​លាឈប់​ពី​តំណែង​ប្រធាន​ក្រុមប្រឹក្សា​មជ្ឈមណ្ឌល​នេះ​ជា​ផ្លូវការ​ហើយ ។ ការលាឈប់​ពី​តំណែង​របស់លោក​ពេលនេះ មិនមែន ដើម្បី​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ថ្មី​របស់​ក្រុម​បណ្តាញ​សង្គម ដែល​គ្រោង​នឹង​បង្កើត​នាពេលខាងមុខ​នោះទេ ហើយ​ថែមទាំង​មិនមែន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ​ដែរ។ តែ​ការលាឈប់​របស់លោក​លើ​ក​នេះ ដោយសារ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មាន​ធនធានមនុស្ស​គ្រប់គ្រាន់ ដើម្បី​កាន់តំណែង​ជំនួស​លោក ហើយ​ជាងនេះទៀត លោក​ចង់​ផ្ញើ​សារ​ដល់​មេដឹកនាំ​ស្ថាប័ន​មួយចំនួន​ជាពិសេស​អង្គការក្រៅរដ្ឋាភិបាល​ដែល​កាន់តំណែង​យូរ ។ ទាំងអស់នេះ ជាការ​អះអាង​របស់លោក អ៊ូ វីរៈ នៅក្នុង​បទសម្ភាសន៍​ជាមួយ លោក ជា ធី​រិ​ទ្ធ ការី​និពន្ធ​ព័ត៌មាន​ជាតិ​នៃ​សារព័ត៌មានថ្មីៗ ។



លោក ជា ធី​រិ​ទ្ធ៖  លោក អ៊ូ វីរៈ ការលាឈប់​ពី​តំណែង​នៅក្នុង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​របស់​លោក​ពេលនេះ បានធ្វើ​ឡើង ចំ​ពេលដែល​បណ្តាញ​ចលនា​សង្គម គ្រោង​នឹង​បង្កើត​បក្ស​ថ្មី។ ហើយ​ធ្វើ​ឲ្យ​មានការ​សង្ស័យថា រូបលោក​នឹង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ថ្មី​នេះ។ តើ​វា​ជាការ​ពិត​ទេ?

លោក អ៊ូ វីរៈ ៖ តាមពិតទៅ ការលាឈប់​របស់ខ្ញុំ​នេះ មាន​គេ​និយាយផ្សេងៗច្រើនណាស់។ ពេលខ្លះ​ខ្ញុំ​មិន​ចង់​បកស្រាយ​ទុក​ឲ្យ​គេ​និយាយ​ចុះ ព្រោះ​វាស​ប្បាយ​ម្យ៉ាងដែរ។ តែដោយសារ​លោក​សួរ​ទៅហើយ ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំ​មិន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ថ្មី​របស់​ក្រុម លោក កែម ឡី លោក យ៉ង សាំង​កុមារ នោះទេ ។ បើ​និយាយ​ដោយ​ខ្លី ខ្ញុំ​មិន​ចូល​ជាមួយ​គណបក្សនយោបាយ​ណា​ទាំងអស់។ តែ​ខ្ញុំ​ស្វាគមន៍ នឹង​ជជែក​ពិភាក្សា​ជាមួយ​គ្រប់ភាគី​បក្សនយោបាយ​ទាំងអស់ ប្រសិន​ចង់​ស្វែងរក​យន្តការ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ ។

លោក ជា ធី​រិ​ទ្ធ៖ ចុះ​ហេតុអ្វី​បាន​លោក​សម្រេច​លាឈប់​ពី​តំណែង​នៅ​មជ្ឈមណ្ឌល​នេះ?

លោក អ៊ូ វីរៈ ៖
តាមពិត​ខ្ញុំ​បានធ្វើ​រឿង​ដែល​ខ្ញុំ​ត្រូវធ្វើ​នៅក្នុង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​បានល្អ​ច្រើន​ហើយ។ ពីព្រោះ​ខ្ញុំ​បាន​បណ្តុះ​ធនធានមនុស្ស​ជំនាន់​ក្រោយ​ដែលមាន​សមត្ថភាព ឲ្យ​កាន់តំណែង​ជំនួស​ខ្ញុំ​បាន ។ ខ្ញុំ​តែងតែ​ប្រកាន់​ជំហរ​មួយ​ថា ប្រសិនបើ​ខ្ញុំ​រកម​នុស្ស ឬ​បណ្តុះ​យុវជន​ជំនាន់​ក្រោយ​ឲ្យ​មាន​សមត្ថភាព កាន់តំណែង​ជំនួស​ខ្ញុំ​មិន​បានទេ មានន័យ​ស្មើនឹង​ខ្ញុំ​គ្មាន​សមត្ថភាព​ដឹកនាំ។ ជាងនេះទៅទៀត ខ្ញុំ​ចង់​ផ្ញើ​សារ​ទៅ​មេដឹកនាំ​ស្ថាប័ន​មួយចំនួន ជាពិសេស​មេដឹកនាំ​អង្គការ​ក្រាញ​អំណាច ដែល​តែង​រិះគន់​មេដឹកនាំ​រដ្ឋាភិបាល​ថា ជា​មេដឹកនាំ កាន់អំណាច​យូរ តែ​ខ្លួនឯង​ក៏​កាន់ដំណែង​យូរ​ដែរ។ ខ្ញុំ​គិតថា មានតែ​ការចាប់ផ្តើម​ពី​ខ្លួន​យើងម្នាក់ៗទេ ទើប​មានការ​ផ្លាស់ប្តូរ​ដ៏​មាន​ប្រសិទ្ធិភាព។ ហើយ​វា​ក៏​ជាការ​ផ្តល់ឱកាស​ដល់​យុវជន​ជំនាន់​ក្រោយ ដើម្បី​បញ្ចេញ​ចំណេះដឹង និង​សមត្ថភាព​របស់​ពួកគេ​ជូន​ជាតិ និង​ស្ថាប័ន​ផងដែរ។

លោក ជា ធី​រិ​ទ្ធ ៖
ជា​សំណួរ​ចុងក្រោយ លោក អ៊ូ វីរៈ បើ​ចូលធ្វើ​នយោបាយ​ជាមួយ​បក្ស​ថ្មី​ក៏​មិន​ធ្វើ ចូល​ជាមួយ​បក្សនយោបាយ​ដទៃ ក៏​មិន​ចូល ។ តើ​លោក​នឹងធ្វើ​អ្វី​បន្តទៀត​ក្នុង​ជីវិត?

លោក អ៊ូ វីរៈ ៖ 
ពីមុនមក​ខ្ញុំ​លាក់បាំង តែ​ពេលនេះ ខ្ញុំ​សូម​ជម្រាប​លោក​តែម្តងទៅ​ថា ខ្ញុំ​មានការ​ងារ​ខ្ញុំ​ច្រើន ពោលគឺ​ខ្ញុំ​នឹង​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោ​លន​យោន​បាយ​សាធារណៈ​មួយ​នៅពេលឆាប់ៗខាងមុខ​ដែលមាន​ឈ្មោះថា«វេទិកា​អនាគត» ។ ខ្ញុំ​ចង់​បង្កើត​ឲ្យ​មាន​ក្រុម​ស្រាវជ្រាវ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ ជាជាង​នាំគ្នា​និយាយ​តែ​ពី​បញ្ហា​គ្មាន​ដំណោះស្រាយ។ ជាក់ស្តែង​ដូច​ថ្ងៃ ៧ មករា ជាដើម គិតតែ​នាំគ្នា​រិះគន់គ្នា ឬ​កេងចំណេញ​ទៅវិញទៅមក តែ​មិន​នាំគ្នា​គិតថា ធ្វើ​យ៉ាងដូចម្តេច​ឲ្យ​កម្ពុជា​រីកចម្រើន​នោះឡើយ?




© រក្សាសិទ្ធិដោយ thmeythmey.com