ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា​ថ្កោលទោស​ការវាយប្រហារ​ទីស្នាក់ការ​ទស្សនា​វ​ដ្តី ​Charlie Hebdo
09, Jan 2015 , 12:39 pm        
រូបភាព
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ហោ ណាំហុង​ផ្ញើ​សារ​រំលែក​ទុក្ខ​ពីរ​ផ្សេងគ្នា​ទៅកាន់​មេដឹកនាំ​នៃ​ប្រទេស​បារាំង បន្ទាប់ពី​មាន​សោកនាដកម្ម​សម្លាប់​អ្នកកាសែត និង​ប៉ូលីស១២នាក់។


លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ទៅ​សម​ភាគី​បារាំង​លោក Manuel Valls ជាមួយនឹង​ការ​ថ្លែង​ថ្កោលទោស​យ៉ាងខ្លាំងបំផុត ការវាយប្រហារ​ពី​សំណាក់​ភេរ​វករ ដែល​បាន​វាយប្រហារ​ទីស្នាក់ការ​ទស្សនា​វ​ដ្តី ឆា​លី ហេ​បដូ (Charlie Hebdo) កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ ។ នៅក្នុង​លិខិត​ចុះ​ថ្ងៃទី៨មករា លោក ហ៊ុន សែន បានសរសេរ ថា៖«ទង្វើ​ដ៏​ឃោរឃៅ​របស់ ពួក​ជ្រុលនិយម វា​ក៏​ជាការ​វាយប្រហារ​ផងដែរ​ប្រឆាំងនឹង​លទ្ធិប្រជាធិបតេយ្យ និង សេរីភាព អ្នកកាសែត»។

នៅក្នុង​សារ​រំលែក​ទុក្ខ​របស់​ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​បាន​សរសេរ​ផ្ញើ​ទៅកាន់​សម​ភាគី​បារាំង​លោក ឡូ​រ៉ង់ ហ្វា​ប្យ៊ូ​ស ក្នុង​អត្ថន័យ​ស្រដៀង​នឹង​លោកនាយក​រដ្ឋមន្ត្រី​ដែរ៖«ខ្ញុំ​សូម​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ចំពោះ​ការវាយប្រហារ របស់​ភេរ​វករ​ប្រឆាំងនឹង​ទីស្នាក់ការ​ទស្សនា​វ​ដ្តី ឆា​លី អេប​ដូ។ ក្នុងពេល​ដ៏​ឈឺចាប់​នេះ ខ្ញុំ​សូម​សំដែង​នូវ​ការរំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ជូន​ចំពោះ​ក្រុមគ្រួសារ សាច់ញាតិ​នៃ​ជនរងគ្រោះ និង​ប្រទេស​បារាំង»។

សារព័ត៌មាន​ប្រចាំ​សប្តាហ៍​បារាំង Charlie Hebdo នៅ​ផ្លូវ Nicolas-Appert ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ត្រូវបាន​វាយប្រហារ​ដោយ​ក្រុម​ភេរវជន កាលពី​រសៀល​ថ្ងៃទី៧ ខែមករា ហើយ​បានសម្លាប់​មនុស្ស១២នាក់​ដែល​ភាគច្រើន​គឺជា​អ្នកកាសែត​ល្បីឈ្មោះ​ដែល​ក្នុងចំណោម​នោះ ក៏​អ្នក​គូររូប​ត្លុក៥នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com