ជាតិ
«គូ, គូរ និង គូស» មានន័យខុសគ្នាបែបណា?
10, Dec 2021 , 7:29 am        
រូបភាព
វចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ន័យពាក្យទាំងបីនេះ ដាច់ដោយឡែកពីគ្នា។ សារព័ត៌មានថ្មីៗ សូមដកស្រង់មកផ្សាយដូចខាងក្រោម៖



១. «គូ» មានន័យថា ស្នាមភ្លោះព័ទ្ធជុំវិញបន្ទាយឬវាំង; ពាក្យបុរាណ ហៅ កសិណ ដូចយ៉ាងកសិណព័ទ្ធជុំវិញនគរវត្តជាដើម ជាប់ហៅរៀងមករហូតមកដល់សព្វថ្ងៃនេះ ។ រីឯន័យមួយទៀត គឺ ចំនួនពីរផ្ទឹមគ្នា។ មួយគូ, ពីរគូ ។

គូកម្ម គឺបុរសនិងស្ដ្រីដែលបានគ្នាជាប្ដីប្រពន្ធ ហើយព្រាត់គ្នាទៅវិញក្នុងកាលរហ័សឆាប់ ។ គូព្រេង គឺបុរសនិងស្ដ្រី ដែលយល់ថាបានកសាងជាមួយគ្នាអំពីអតីតជាតិមកហើយ បានគ្នាជាប្ដីប្រព្ធនៅឋិតថេរជាមួយគ្នាជាសុខតទៅហៅថា បុព្វេសន្និវាស ។ គូស្រករ  គឺប្ដីប្រពន្ធដែលមានអាយុស្រករគ្នា : មានគូស្រករ ។

២. «គូរ» ដែលជាកិរិយាសព្ទ មានន័យថា ធ្វើឲ្យកើតជាគំនូរតំណាងរូបរាងសរពើ ដោយដីខ្មៅ, ប៉ាកកា ឬ ជក់
គូររូប, គូរគំនូរ, គូរវាស, គូរផែនទី ។ គូរក៏ជាបរិវារសព្ទដែលប្រើប្រាស់សម្រាប់និយាយផ្សំជាមួយពាក្យគិតផងដែរ ៖គិតគូរ, គិតហើយសឹមគូរ ។

៣. «គូស» ជាកិរិយាសព្ទ ដែលមានន័យថា ធ្វើឲ្យមានជួរស្នាម, ឲ្យមានជាគំនូស។ គូសថ្នាំងដៃ, គូសដី ៕



© រក្សាសិទ្ធិដោយ thmeythmey.com