ជាតិ
អាជ្ញាធរ​ចាប់ផ្តើម​រឹតបន្តឹង​សន្តិសុខ​នៅតាម​ស្ថាប័ន​បារាំង​នៅ​កម្ពុជា
16, Jan 2015 , 1:43 pm        
រូបភាព
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលារាជ​ធានីភ្នំពេញ
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលារាជ​ធានីភ្នំពេញ
អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានចាប់ផ្តើម​រឹតបន្តឹង​សន្តិសុខ​នៅ​ជុំវិញ​ស្ថានទូត​បារាំង​នៅ​ភ្នំពេញ និង​នៅ​គ្រឹះស្ថានសាធារណៈ​របស់​បារាំង​នៅ​កម្ពុជា។ ចំណាត់ការ​នេះ​បានកើត​ឡើង បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ បានទទួល​ការណែនាំ​ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឱ្យ​ចាត់វិធានការ​ពង្រឹង​សន្តិសុខ​ស្ថាប័ន​នានា​របស់​បារាំង នៅក្នុង​ប្រទេស​កម្ពុជា។



​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មានថ្មីៗ នៅថ្ងៃនេះ​ថា៖«អាជ្ញាធរ​ខណ្ឌដូនពេញ គឺជា​ទទួលខុស​ត្រូវចំ​ពោះ ការពង្រឹង​សន្តិសុខ និង​ការ​យាមកាម នៅតាម​បណ្តា​ស្ថាប័ន​នានា​របស់​បារាំង​នៅ​ភ្នំពេញ ព្រោះ​វា​មាន​ទីតាំង​នៅក្នុង​ខណ្ឌដូនពេញ»។ ក្រៅពី​អា​ជ្ញា​ធរ​ខណ្ឌដូនពេញ កងកម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ជាច្រើន​នាក់ ក៏​ចូលរួម​ក្នុង​ប្រតិបត្តិការ​រឹតបន្តឹង​សន្តិសុខ​នេះ​ផងដែរ។

ស្ថានទូត​បារាំង​នៅ​ភ្នំពេញ  បាន​ស្នើសុំ​ទៅកាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា ជួយ​ពង្រឹង​សន្តិសុខ​នៅ​ស្ថានទូត​បារាំង និង​គ្រិះ​ស្ថាន​សាធារណៈ​បារាំង​សំខាន់​នៅ​កម្ពុជា ដូចជា វិទ្យាស្ថាន​ភាសា​បារាំង​នៅ​កម្ពុជា សាលា​បារាំង រី​នេ ដេ​កាត និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង(AFD)ជាដើម។ ការស្នើសុំ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​អំពើ​ភេរវកម្ម​វាយប្រហារ​ទៅលើ​ទីស្នាក់ការ​ទស្សនា​វ​ដ្តី Charlie  Hebdo នៅ​ក្រុងប៉ារីស កាលពី​ថ្ងៃទី៧ ខែមករា​កន្លងទៅ៕



© រក្សាសិទ្ធិដោយ thmeythmey.com