ជាតិ
អភិបាលក្រុង​ឡូ​វែ​ល (Lowell) នឹង​ទៅកាន់​ពន្ធនាគារ នៅ​រសៀល​នេះ
16, Jan 2015 , 2:01 pm        
រូបភាព
ដោយ:
លោក Rodney M. Elliott អភិបាលក្រុង​ឡូ​វែ​ល (Lowell) នៅក្នុង​រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជួប​សួរសុខទុក្ខ​ស្ត្រី​សកម្មជន​ដីធ្លី​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​សទាំង១០នាក់ នៅវេលា​ម៉ោង ២:០០នាទី ថ្ងៃទី១៦ ខែមករា​នេះ។



តំណាងរាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បានដាក់​លិខិត​ស្នើសុំ​ការអនុញ្ញាត​ពី​លោក គុយ ប៊ុនសន អគ្គនាយក​នៃ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី១៤ ខែមករា ដើម្បី​ឲ្យ​រូបលោក ជាមួយ​សមាជិក​រដ្ឋសភា១រូប និង​សហការី ព្រមទាំង​គណៈប្រតិភូ​នៃ​ក្រុង​ឡូ​វែ​ល​ដែល​ក្នុងនោះ​មាន​លោក Rodney Elliot អភិបាលក្រុង​ឡូ​វែ​ល ដើម្បី​ចូល​សួរសុខទុក្ខ​ស្ត្រី​សកម្មជន​ទាំង១០នាក់។ នៅ​ថ្ងៃទី១៥ មករា ម្សិលមិញ​នេះដែរ អគ្គនាយក​នៃ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក គុយ ប៊ុនសន ក៏បាន​ចុះហត្ថលេខា​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ និង​គណៈប្រតិភូ​ចូល​សួរសុខទុក្ខ​តាម​ការស្នើសុំ​ផងដែរ។

ស្ត្រី​សកម្មជន​ដីធ្លី១០នាក់​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​នោះ រួមមាន លោកស្រី ទេព វ​ន្នី លោកស្រី ផាន់ ឈុន​រ៉េត លោកស្រី គង់ ចន្ថា កញ្ញា សុង ស្រី​លាភ លោកស្រី បូ ឆវី លោកស្រី ង៉ែត ឃុន លោកស្រី ណង ស្រេង លោកស្រី អ៊ឹម ស្រី​ទូច លោកស្រី ភូ​ង ស្រី​ភាព និង​លោកស្រី ភួង ពេជ្រ។ ពួកគេ​ត្រូវបាន​ចាប់ខ្លួន ដោយហេតុថា ពួកគេ​ព្យាយាម​តវ៉ា​បិទផ្លូវ ទាមទារ​ឲ្យ​មាន​អន្តរាគមន៍​រំដោះ​ទឹកស្អុយ​ចេញពី​ភូមិ នៅមុខ​សាលា​រាជធានី​ភ្នំពេញ កាលពី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ។   បន្ទាប់ពី​មានការ​ចាប់ខ្លួន និង​សាកសួរ ពួកគេ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់២លាន​រៀល។

នៅ​រសៀល ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៥ខាង​មុននេះ ស្រី្ត​ទាំង១០នាក់​នឹងត្រូវ​ឡើង​សាលា ឧទ្ធរណ៍​សាជាថ្មី​ទាក់ទិន​នឹង​បណ្តឹងសុំ​នៅក្រៅ​ឃុំ។

គួ​រម្លឹកថា កាលពី​ថ្ងៃទី១៥ម្សិលមិញ​នេះ សកម្មជន​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់ និង​សហគមន៍​ផ្សេងទៀត រួមជាមួយ ព្រះសង្ឃ​ជាង ១០០អង្គ នាក់ បាន​ដើរ​ចែក​លិខិតអញ្ជើញ​ជាង ៤ពាន់​សន្លឹក ដើម្បី​ឥ្យ​តំណាង​ស្ថានទូត សាធារណជន អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចូលរួម​ឃ្លាំមើល​ការជំនុំជម្រះ​ទោស​របស់​ចៅក្រម សាលាឧទ្ធរណ៍​លើ​ករណីនេះ​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com