អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
UN ស្នើរ​អោយ​អ៊ីស្រាអែល​ផ្ទេរ​លុយ​ពន្ធ​ទៅ​ប៉ា​ឡេ​ស្ទី​ន​ជា​ប្រញាប់
16, Jan 2015 , 3:49 pm        
រូបភាព
អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ទៅកាន់​រដ្ឋាភិបាល​ក្រុង​ជេ​រ៉ូ​សា​ឡិ​ម​អោយប្រញាប់​ផ្ទេរ​លុយ​ពន្ធ​ទៅអោយ​រដ្ឋាភិបាល​ប៉ា​ឡេ​ស្ទី​ន​វិញ។ អ៊ីស្រាអែល​បានសម្រេច​បង្កក​ការផ្ទេរ​លុយ​ពន្ធ​ទៅអោយ​រដ្ឋាភិបាល​ប៉ា​ឡេ​ស្ទី​ន​ក្រោយ​ពេលដែល​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ស្នើសុំ​ចូល​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ក្រៅ​ព​អង្គការ​សហ​ប្រជាជន​សហរដ្ឋអាមេរិក​បានប្រកាស​ប្រឆាំងនឹង​វិធានការ​នេះដែរ។


លោក សៅ ផល​និស្ស័យ លម្អិត​ព័ត៌មាន​នេះ!



ក្រោយ​ពេលដែល​រដ្ឋាភិបាល​ក្រុង​ជេ​រ៉ូ​សា​ឡិ​ម​បានសម្រេច​ព្យួរ​ការផ្ទេរ​លុយ​ពន្ធ​ទៅអោយ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន ម្សិលមិញ​នេះ​អង្គការសហប្រជាជាតិ​បានប្រកាស​ស្នើរ​អោយ​រដ្ឋាភិបាល​នេះ​ប្រញាប់​ផ្ទេរ​លុយ​ទៅអោយ​ប៉ា​ឡេ​ស្ទី​ន​វិញ។ ការឈាន​ទៅដល់​ការបង្ក​កលុយ​បង់ពន្ធ​ទៅអោយ​ប៉ា​ឡេ​ស្ទី​ន​នោះ​កើតឡើង ក្រោយ​ដែល​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ស្នើ​សុំចូល​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាលពីថ្មីៗកន្លង​នេះ។ ប្រមុខ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន បានបង្ហាញ​ក្តីបារម្ភ​ចំពោះ​បញ្ហា​នេះ ដោយ​លោក​គិតថា​ភាគី​ទាំងពីរ​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​កំពុងតែ​ផ្ចាញ់ផ្ចាល​គ្នា​ទៅវិញ​មក ហើយ​ធ្វើអោយ​ខូចខាត​ដល់​ដំណើរ​ការកសាង​សន្តិភាព​រវាង​ភាគី​ជម្លោះ​ទាំងពីរ​នេះ​ផងដែរ។

ថ្លែងប្រាប់​ទៅកាន់​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ អនុប្រធាន​អង្ក​ការ​សហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​នយោបាយ​លោក Jens Anders Toyberg-Frandzen បាន​អំពាវនាវ​អោយ​អ៊ីស្រាអែល​ផ្ទេរ​លុយ​ពន្ធ​ទៅអោយ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ជា​ប្រញាប់ ដើម្បី​ធានាថា ភាគី​ទាំងពីរ​អាច​ស្រុះស្រួល​គ្នា​ជជែក​ពិភាក្សា​លើក​ការដោះស្រាយ​ជម្លោះ​បន្តទៀត។  កាលពី​ប៉ុន្មាន​សប្តាហ៍​មុន អ៊ីស្រាអែល​ន​បាន​បញ្ជាក់ថា​ថវិកា​ពន្ធ​ប្រមាណ ១២៧លាន​ដុល្លារ​ដែល​ខ្លួន​ប្រមូល​ជំនួស​អោយ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​មិនត្រូវ​បញ្ជូនទៅអោយ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ឡើយ។  តាមពិតទៅ​អ៊ីស្រាអែល​ទទួលបន្ទុក​ប្រមូល​ពន្ធ​ជំនួស​អោយ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន ហើយ​ទំហំ​លុយ​ពន្ធ​ប្រមូលបាន​នេះ​អាច​និយាយបានថា​ស្មើនឹង​ពី​ភាគបី​នៃ​ថវិកា​សរុប​របស់​អាជ្ញា​ធរ​ប៉ា​ឡេ​ស្ទី​ន​ផងដែរ។  ការសម្រេច​មិន​បញ្ជូន​លុយ​ពន្ធ​ច្រើនសន្ធឹក​សន្ធាប់​ទៅអោយ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​នៅពេលនេះ​កំពុង​ធ្វើអោយ​ភាគី​ទាំងពីរ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំង ហើយ​ប៉ា​ឡេ​ស្ទី​ន​ហាក់បីដូចជា​មិន​រារែក​ក្នុង​ការបន្ត​ស្នើសុំ​ការទទួលស្គាល់​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​ដោយ​សហគមន៍​អន្តរជាតិ​ផងដែរ។

ដោយឡែក​កាលពី​ម្សិលមិញ​ដែរ ប្រមុខ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​លោក ម៉ា​មូ​ត អាបាស បានស្នើ​សុំ​ទៅកាន់​សមាជិក​សម្ព័ន្ធ​អារ៉ាប់​ដែល​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៅក្នុង​ទីក្រុង គែរ​ប្រទេស​អេ​ហ្ស៊ី​ប អោយ​ផ្តល់​លុយ​ដល់​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន ១០០លាន​ដុល្លា​រៀងរាល់ខែ​ដើម្បី​ធានា​ពី​ដំណើរការ​នៃ​ស្ថាប័ន​ក្រោយ​អ៊ីស្រាអែល​មិន​ព្រម​ផ្ទេរ​លុយ​ដល់​ខ្លួន។ ក្រោយ​អ៊ីស្រាអែល​ព្យួរ​ការផ្ទេរ​ពន្ធ ប៉ា​ឡេ​ស្ទី​ន​ត្រូវ​បង្ខំចិត្ត មិន​បង់លុយ​បៀវត្ស​ន៍​ដល់​បុគ្គលិក​របស់ខ្លួន​ជាង ១៥ម៉ឺន​នាក់។ ក្រៅពីនេះ​ប្រមុខ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ខាងលើ​ក៏​ស្នើ​សុំអោយ​សម្ព័ន្ធ​អារ៉ាប់​ជួយ​សម្រួល​និង​រៀបចំ​ការស្នើសុំ​ជាថ្មី​អោយ​ក្រុមប្រឹក្សាសន្តិសុខ​ចេញ​ដំណោះស្រាយ​ថ្មី​បញ្ជា​អោយ​អ៊ីស្រាអែល​បញ្ចប់​អាណានិគម​របស់ខ្លួន​ត្រឹម​ឆ្នាំ ២០១។

គួរបញ្ជាក់​បន្តិច​ថា ការ​ឈានទៅ​ស្នើសុំ​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​របស់​ប៉ា​ឡេ​ស្ទី​ន​កើតមានឡើង​ក្រោយពេល​ក្រុមប្រឹក្សាសន្តិសុខ​បរាជ័យ​ក្នុងការ​អនុម័ត​ដំណោះស្រាយ​ព្រាង​ដោយ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន និង​បណ្តា​ប្រទេស​អារ៉ាប់ ។ ប៉ា​ឡេ​ស្ទី​ន​ខកចិត្ត​ចំពោះ​ការបរាជ័យ​ជាថ្មី​ម្តងទៀត​នេះ ក៏​សម្រេច​បន្តសកម្មភាពរ​បស់​ខ្លួន​ដោយ​ស្នើសុំ​ចូលរួម​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដើម្បី​ទាមទារ​អោយមាន​ការកាត់ទោស​មេ​ដឹកនាំ​អ៊ីស្រាអែល​ក្នុងការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​សង្គ្រាម៕


© រក្សាសិទ្ធិដោយ thmeythmey.com