ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​អំណាច​ខ្មែរ៖ ការ​កាត់ទោស​លោក សួន សេរី​រដ្ឋា មិន​ប៉ះពាល់​ដល់​ការបង្កើត​បក្ស​ទេ
16, Jan 2015 , 3:57 pm        
រូបភាព
អគ្គលេខាធិការ គណបក្ស​អំណាច​ខ្មែរ​លោក សៀង សុភា​រក្ស បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី១៦មករា​នេះ​ថា លោក សួន សេរី​រដ្ឋា ប្រធាន​ស្ថាបនិក​អំណាច​ខ្មែរ ដែល​ត្រូវ​តុលាការ​សាលាដំបូង​ក្រុងភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ៧ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន២៥លាន​រៀល​នោះ គឺ​មិន​ប៉ះពាល់​ដល់​ការចុះបញ្ជីឈ្មោះ គណបក្ស​អំណាច​ខ្មែរ ទៅកាន់​ក្រសួងមហាផ្ទៃ​ឡើយ។



លោក សៀង សុភា​រក្ស បញ្ជាក់ថា តាមច្បាប់​រដ្ឋធម្មនុញ្ញ នៃ​ប្រទេស​កម្ពុជា គឺ​មិនបាន​ហាមប្រាម ឬ​បិទ​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ​ណា​ម្នាក់ ក្នុងការ​បង្កើត​គណបក្ស​នយោបាយ​ឡើយ។ ហើយ​លោក​ថា សាលក្រម​សាលាដំបូង​នាពេលនេះ មិនមែនជា​សាលក្រម​ស្ថាពរ​បិទផ្លូវ​តវ៉ា​នេះ​ទេ។ ដូចនេះ​លោក សួន សេរី​រដ្ឋា មាន​សិទ្ធិ​ប្ដឹង​ឧទ្ធរណ៍ ជំទាស់​នឹង​សាលក្រម​នេះ។

សារព័ត៌មានថ្មីៗ មិនទាន់​អាចទាក់ទង​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ សុំ​ការអត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​នៅឡើយ​នោះទេ។

តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពីពេលថ្មីៗនេះ​បានចេញ​សាលក្រម​សម្រេច​កាត់ទោស​លោក សួន សេរី​រដ្ឋា ប្រធាន​ស្ថាបនិក​អំណាច​ខ្មែរ ឲ្យ​ជាប់ពន្ធនាគារ៧ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន២៥លាន​រៀល និង​ចេញ​ដីការ​តាម​ចាប់ខ្លួន​ផងដែរ ដោយ​ចោទប្រកាន់​លោក សួន សេរី​រដ្ឋា ពីបទ​រួមគំនិត​ក្បត់ជាតិ​ក្នុងអំឡុងពេល​បោះឆ្នោត​តំណាងរាស្ត្រ កាលពី​ខែកក្កដា​ឆ្នាំ២០១៣កន្លងទៅ៕




© រក្សាសិទ្ធិដោយ thmeythmey.com