ជាតិ
សុខភាព
លោក ម៉ម ប៊ុនហេង ប្រាប់​ឲ្យ​ពលរដ្ឋ​ការពារ​ប្រយ័ត្ន​ដូច​ករណី​ក្នុង​ឃុំ​រកា
16, Jan 2015 , 8:30 pm        
រូបភាព
ដោយ:
លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល បានធ្វើការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​កម្ពុជា ត្រូវតែ​ឈប់​រក​សេវា​ព្យាបាល​ពី​គ្រូពេទ្យ​មិនមាន​វិជ្ជាជីវៈ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ។ ការអំពាវនាវ​នេះ​គឺ ដើម្បី​ចៀសវាង​ការឆ្លង​មេរោគផ្សេងៗ ជាពិសេស​គឺ មេរោគ​អេដស៍ ដូច​ករណី​ដែល​ពលរដ្ឋ​ជាង ២០០នាក់ ក្នុង​ឃុំ​រកា ខេត្តបាត់ដំបង បាន​ឆ្លង​មេរោគ​មួយ​នេះ។



យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ AKP លោក ម៉ម ប៊ុនហេង​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ផ្លាស់ប្ដូរ​ទម្លាប់​ពី​ការទទួល​សេវា​ព្យាបាល​ពី​អ្នក​ព្យាបាល​គ្មាន​ច្បាប់​អនុញ្ញាត​នោះ ងាក​មកប្រើប្រាស់​សេវា​ព្យាបាល​របស់​គ្រូពេទ្យ​រដ្ឋ​វិញ ដោយហេតុថា គ្រូពេទ្យ​របស់​រដ្ឋ​សុទ្ធ​តែមាន​ជំនាញ​វិជ្ជាជីវៈ​និង​ឆ្លងកាត់​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​ក្រសួង សុខាភិបាល។

លោក​បាន​អំពាវនាវ​បែបនេះ នា​ពិធី​ចែក​អត្ដ​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ ក្នុង​ខណ្ឌ​សែន​សុខ នៅ​ថ្ងៃទី១៤ខែមករា ឆ្នាំ២០១៥កន្លងមកនេះ រដ្ឋមន្ត្រី​សុខាភិបាល​រូបនេះ បន្ថែមថា ការរក​សេវា ព្យាបាល​របស់​រដ្ឋ​គឺ ដើម្បី​ងាយស្រួល​ក្នុងការ​តាមដាន និង​ត្រួតពិនិត្យ​សកម្មភាព និង​ឥរិយាបថ​របស់​គ្រូពេទ្យ ដែល​បាន​ប្រ​ព្រឹ​ត្ដ​នូវ​អំពើ​ខុស​វិជ្ជាជីវៈ​ពេទ្យ។
លោក​ថា ការទារ​យកលុយ​លើសពី​តារាង​កំណត់​ប្រជាពលរដ្ឋ​អាច​សរសេរ​សំបុត្រ​រិះគន់ កែលម្អ​គ្រូពេទ្យ​នៅតាម​មណ្ឌល​សុខភាព​ទាំង​នោះបាន។

ការ​ក្រើនរម្លឹក​របស់ លោក ម៉ម ប៊ុនហេង នេះ​បន្ទាប់ពី​កើតមាន​ករណី​ឆ្លង​ជំងឺអេដស៍​ដល់ ពលរដ្ឋ​ជាង ២០០នាក់​ដែល​កំពុង​រស់នៅក្នុង​ឃុំ​រកា ខេត្តបាត់ដំបង ក្នុងចំណោម​ពលរដ្ឋ​ជាង ២ពាន់​នាក់​ដែល​បានធ្វើ​តេស្ត​ឈាម។

លោក យ៉ែម ជ្រិ​ន ដែលជា​ពេទ្យ​ប្រចាំ​ឃុំ​នោះ ត្រូវបាន​ចាត់ទុកថា​ជា​អ្នកចម្លង​មេរោគ​អេដស៍ តាមរយៈ​ការព្យាបាល​ប្រើប្រាស់​ម្ជុលចាក់​ថ្នាំ​រួមគ្នា។ បន្ទាប់ពី​ការ​ស៊ើបសួរ​រួចមក លោក​ត្រូវបាន​តុលាការខេត្ត​បាត់ដំបង​ចោទប្រកាន់​ពីបទ​ឃាតកម្ម​អំពើ​ឃោរឃៅ (មាត្រា ២០៥)នៃ​ក្រមព្រហ្មទណ្ឌ ការប្រព្រឹត្ត​ចម្លង​មេរោគ​ដេ​ស៍​ទៅ​អ្នកដទៃ (មាត្រា១៨និង​មាត្រា៥០) នៃ​ច្បាប់​ស្តីពី​ការបង្ការ​និង​ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍/ជំងឺអេដស៍ និង​បទ​ធ្វើ​អាជីវកម្ម​ពេទ្យ​ដោយ​គ្មាន​ការអនុញ្ញាត។ លោក​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ខេត្តបាត់ដំបង។ ក្រោម​បទចោទប្រកាន់​ទាំងនេះ លោក យ៉ែម ជ្រិ​ន អាច​ប្រឈមមុខ​នឹង​ជាប់ពន្ធនាគារ​មួយជីវិត​ទៀតផង។

បើតាម​សេចក្តីប្រកាស​រួម​រវាង​ក្រសួងសុខាភិបាល​កម្ពុជា​អង្គការ​សុខភាព​ពិភពលោក (WHO) និង អង្គការ UNAIDS កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥នេះ​មូលហេតុ​នៃ​ការឆ្លង​ជំងឺអេដស៍​របស់​អ្នក​ឃុំ​រកា ស្រុក​សង្កែ​ខេត្តបាត់ដំបង​នោះ គឺ​ដោយសារ​ការចាក់​ថ្នាំ និង​ការចាក់​សេរ៉ូម៕


© រក្សាសិទ្ធិដោយ thmeythmey.com