ជាតិ
សង្គមជាតិ
លោក ហង់ ជួនណា​រ៉ុ​ន៖ កង្វះ​អាហារ​រូប​ត្ថ​ម្ភ នៅតែ​ជា​បញ្ហា​ប្រឈម​មួយ​នៅ​កម្ពុជា
17, Jan 2015 , 7:00 pm        
រូបភាព
ក្រសួង​អប់រំ​យុវជន និង​កីឡា បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ក្របខណ្ឌ​លទ្ធផល​សម្រាប់​ផែនការ​សកម្មភាព​ជាតិ ស្តីពី​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច​ឆ្នាំ២០១៤-២០១៨ ។ សិក្ខាសាលា​នេះ បានចាប់ផ្តើម​តាំងពី​ថ្ងៃទី១៥ខែ​កម​រា នៅ​សណ្ឋាគារ​អប្សរា​អង្គរ ក្រុង​សៀមរាប និង​បញ្ចប់​នៅ​ថ្ងៃទី១៧ខែមករា​នេះ។



សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណង​បង្ហាញ​សេចក្តីព្រាង​ក្របខណ្ឌ​លទ្ធផល​សម្រាប់​ផែនការ​សកម្មភាព​ជាតិ ស្តីពី​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច​ឆ្នាំ២០១៤-២០១៨ និង​ផ្តល់​ធាតុ​ចូលរួម​បន្ថែម ពី​សំណាក់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​របស់​ក្រសួង-ស្ថាប័ន និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​នានា ដើម្បី​រៀបចំ​សេចក្តីព្រាង​ចុងក្រោយ​សម្រាប់​ដាក់ជូន​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​ពិនិត្យ និង​អនុម័ត​នាពេលឆាប់ៗខាងមុខ។

ថ្លែង​នៅក្នុង​សិក្ខាសាលា​នោះ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​មានប្រសាសន៍ថា៖«កង្វះ​អាហារ​រូប​ត្ថ​ម្ភ នៅតែ​ជា​បញ្ហា​ប្រឈម​ចម្បង​មួយ​នៅក្នុង​ប្រទេស​កម្ពុជា»។ នៅ​ឆ្នាំ២០១០ មាន​កុមារ​កម្ពុជា​ប្រមាណ៤០ភាគរយ ស្ថិតក្នុង​ស្ថានភាព​ក្រិន ដែល​តួលេខ​នេះ បានធ្វើឱ្យ​កម្ពុជា ស្ថិតនៅក្នុង​ប្រទេសមួយ ដែលមាន​អត្រា​កុមារ​ក្រិន​ខ្ពស់​នៅក្នុង​តំបន់។

លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្តថា៖«កុមារ​ក្រិន​រៀន​មិនសូវ​ពូកែ​ទេ ដោយសារតែ​ពួកគេ​ទទួលរង​ការខូចខាត​ប្រព័ន្ធ​ស្រូបយក​ចំណេះដឹង និង​មាន​កុមារ​ប្រមាណ២.៣០០នាក់ បាន​បាត់​បង់ជីវិត​ក្នុងមួយឆ្នាំៗ ដោយសារ​តែមាន​ជំងឺ​រាករូស ព្រោះ​ផឹកទឹក​មិន​ស្អាត និង​គ្មាន​អនាម័យ​គ្រប់គ្រាន់ ដែលជា​ហេតុ​ធ្វើឱ្យមាន​បញ្ហា​ខ្សោយ​ពោះវៀន និង​ធ្វើឱ្យ​ពួកគេ​ពិបាក​ក្នុងការ​ស្រូបយក​សារធាតុ​ចិ​ញ្ចឹ​មា​នានា»។

បើតាម​ការអង្កេត​សុខភាព​នៅ​ឆ្នាំ២០១០ អត្រា​មរណភាព​ទារក​មានការ​ថយចុះ ពី៩៥មក​នៅ៤៥ករណី​ក្នុង១ពាន់​កំណើត​រស់ ហើយ​អត្រា​មរណភាព​កុមារ​អាយុ​ក្រោម៥ឆ្នាំ មានការ​ថយចុះ​ពី ១២៤មក៥៤ករណី ក្នុង១ពាន់​កំណើត​រស់។  ដោយឡែក របាយការណ៍​របស់​ក្រសួងសុខាភិបាល ក្នុង​ឆ្នាំ២០១៣កន្លងទៅ  ក៏បាន​បង្ហាញថា ស្ត្រី​មានគភ៌​ដែល​បាន​សម្រាលកូន នៅ​មូលដ្ឋាន​សុខាភិបាល​មានការ​កើនឡើង​យ៉ាងច្រើន​គឺ​ពី៣៩ភាគរយ​នៅ​ឆ្នាំ២០០៨ ទៅដល់៨០ភាគរយ​នៅ​ឆ្នាំ២០១៣ ៕


© រក្សាសិទ្ធិដោយ thmeythmey.com