ជាតិ
សង្គមជាតិ
សង្គម​ស៊ីវិល​ស្នើឱ្យ​រដ្ឋាភិបាល​បង្កើត​គោលនយោបាយ​ច្បាស់លាស់​ចំពោះ​ពន្ធ​ប្រាក់ខែ
17, Jan 2015 , 4:30 pm        
រូបភាព

កាលពីពេលថ្មីៗនេះ នាយដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការអនុវត្ត​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធ​លើ​ប្រាក់​បៀរ​វត្ស​ដែល​បាន​កែប្រែ​សម្រាប់​ឆ្នាំ២០១៥ ។ ការបង់ពន្ធ​គឺជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​មាន​សំណួរ​ជាច្រើន​បាន​ចោទ​សួរថា តើ​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ផលប្រយោជន៍​អ្វីខ្លះ ពី​ការបង់ពន្ធ​នេះ? ដោយឡែក​អង្គការ​សង្គម​ស៊ីវិល ក៏បាន​បង្ហាញ​ក្តីបារម្ភ​ផងដែរ។



លោក រុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​បញ្ចេញ​ទស្សនៈ​ថា​នយោបាយ​យកប្រាក់​ពន្ធលើប្រាក់បៀវត្ស​រ៍​របស់​រដ្ឋាភិបាល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពស្រពិចស្រពិល និង​មិន​ពេញចិត្ត។ លោក រុង ឈុន បាន​ពន្យល់ថា៖«រដ្ឋាភិបាល​មិនបាន​បង្ហាញ​ឱ្យ​ច្បាស់លាស់​ថា តើ​ប្រាក់​ពន្ធ​កាត់​ពី​មន្ត្រីរាជការ​សាធារណៈ និង​ឯកជន​នោះ នឹង​យកទៅ​ទ្រទ្រង់ ឬ​ចំណាយ​លើ​វិស័យ​ណាមួយ​ឱ្យ​ពិតប្រាកដ ហើយ​ថា​តើ​វា​មាន​ប្រសិទ្ធិភាព​កម្រិតណា? ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​វិញ»។

«រដ្ឋាភិបាល​ត្រូវតែមាន​វិធានការ ឬ​គោលនយោបាយ​ឱ្យបាន​ច្បាស់លាស់ ក្នុងការ​ចាត់ចែង​ប្រាក់​ពន្ធលើប្រាក់បៀវត្ស​រ៍​នេះ ដើម្បី​ធានាឱ្យមាន​តម្លាភាព និង​ការជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ»។ នេះ​ជាការ​លើកឡើង របស់ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា។ លោក ព្រាប កុល បាន​បន្ថែមថា អ្វីដែល​លោក​ចង់ឃើញ​ពី​គោលនយោបាយ​ប្រមូល​ពន្ធលើប្រាក់បៀវត្ស​រ៍​នេះ គឺ​រដ្ឋាភិបាល​ត្រូវតែមាន​តម្លាភាព និង​ប្រសិទ្ធិភាព​ក្នុង​ការផ្តល់​សេវាសាធារណៈ​ដែលជា​ផលប្រយោជន៍​ទៅដល់​ប្រជាពលរដ្ឋ ដែល​ធ្វើការ​ក្នុង​វិស័យ​ឯកជន ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល។

ចំណែកឯ​លោក វន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​មានប្រសាសន៍ប្រាប់​សារព័ត៌មានថ្មីៗនៅថ្ងៃនេះ​ថា​ថ្វីដ្បិតតែ​លុយ​ពន្ធ​ត្រូវ​ចូល​ជា​ថវិការដ្ឋ​មែន ប៉ុន្តែ​ក្នុងនាម​លោក ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​បារម្ភ​ថា នឹងមិន​ទទួលបាន​ផលប្រយោជន៍ សមស្រប​ទៅតាម​អ្វីដែល​ខ្លួន​បាន​បង់ពន្ធ​ជូន​រដ្ឋ។ លោក វន ពៅ​បញ្ជាក់​បន្ថែមថា ៖«រដ្ឋាភិបាល​ត្រូវ​ធានា​ឱ្យ​ប្រាកដថា ប្រាក់​ពន្ធ​ដែល​រដ្ឋាភិបាល​កាត់​ពី​មន្ត្រីរាជការ និង​ឯកជន ពិតជា​បាន​ចូលទៅក្នុង​ថវិការដ្ឋ និង​ប្រាក់​ទាំងអស់នោះ ទៅ​បម្រើ​ដល់​ប្រជាពលរដ្ឋ​វិញ តាមរយៈ​ការផ្តល់សេវា​សាធារណៈ​នានា កសាង​ហេដ្ឋារចនាសម្ព័ន្ធ ឬ​ជួយ​ទំនុកបំរុង​ជា​ប្រាក់កាស​នៅពេលដែល​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​ដូច​នៅ​បរទេស​ជាដើម»។
មិនមែន​តែ​សង្គម​ស៊ីវិល​នោះទេ ដែល​បានបង្ហាញ​ក្តីបារម្ភ  ចំពោះ​នយោបាយ​យកពន្ធ​ខាងលើនេះ សូម្បីតែ បុគ្គលិក​ក្រុមហ៊ុន​ឯកជន  និង​ម្ចាស់​អាជីវកម្ម​មួយចំនួន​ក៏បាន​លើកឡើង​ពី​កង្វល់​របស់ខ្លួន​ដែរ។

ប្រធាន​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​សុំ​មិនអោយ​បញ្ចេញ​ឈ្មោះ ប្រតិកម្ម​ថា ក្រុមហ៊ុន​របស់លោក​ប​ង់​ពន្ធ​ប្រាក់ខែ​ជាប្រចាំ​ជូន​រដ្ឋ។ ប៉ុន្តែ ពួកគេ​មិនដឹងថា តើ​ត្រូវ​ទទួលបាន​អ្វី​មកវិញ នៅពេលដែល​បុគ្គលិក​បង់ពន្ធ​ទាំងនោះ​មាន​បញ្ហា។នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ជឿនលឿន ដូចជា ប្រទេស​អាមេរិក បារាំង។ល។ ពលរដ្ឋ​បង់ពន្ធ​លើ​ប្រាក់ខែ​មែន ប៉ុន្តែ​ត្រឡប់មកវិញ ពួកគេ​ទទួលបាន​ប្រាក់​ចូលនិវត្តន៍ ឬ​ទទួលបាន​ប្រាក់កាស​ខ្លះ​នៅពេល​ពួកគេ​អត់​មានការ​ងារ​ធ្វើ​ជាដើម។ «ចុះ​នៅ​កម្ពុជា​វិញ យើង​ទទួលបាន​អ្វីខ្លះ?»។ នេះ​គឺជា​សំណួរ​របស់​ម្ចាស់​ក្រុមហ៊ុន​ខាងលើ។ 

លោក ប៉ែន សំណាង ធ្វើ​ការអោយ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីក្រុង​ភ្នំពេញ​សម្តែង​អារម្មណ៍​មិន​ចង់​បង់ពន្ធ​លើ​ប្រាក់ខែ​ទាល់តែសោះ ពីព្រោះ រូបគេ​មិនដឹងថា នឹង​ទទួលបាន​អ្វី​មកវិញ។ លោក​សួរ​សំណួរ​ថា បើ​លោក​បង់ តើ​លោក​បាន​អ្វី​មកវិញ?។ អ្នកស្រី ជា ដា​ណែ​ត នាយក​វិទ្យុ​ស្ត្រី FM 102 បាន​ត្អូញត្អែរ​នៅក្នុង​គណនី​យ​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកស្រី​ថា៖«ឆ្នាំ​ថ្មី នេះ ខ្ញុំ​ត្រូវ​បង់ពន្ធ​លើ​ប្រាក់ខែ​ដល់​ទៅ២០ភាគរយ។ វា​ច្រើន​ហួសហេតុ​ពេក​ហើយ...ព្រោះ​ខ្ញុំ​មិនមាន​បានទទួល​អ្វី​ពី​រដ្ឋាភិបាល​វិញ​ទេ​នៅពេល​រ៉ឺ​ត្រែ ត...បើជា​មន្ត្រីរាជការ ពួកគេ​នឹង​បាន​លុយ​រ៉ឺ​ត្រែ​ត នៅពេល​ចាស់​ឈប់​ធ្វើការ»។

យោងតាម​មាត្រា៤៧ថ្មី នៃ​ច្បាប់​ស្តីពី​សារពើពន្ធ និយោជិត​ជា​និវាស​ន​ជន ពោលគឺ​សំដៅលើ​បុគ្គល​មាន​ចំណូល​ទាំង​ក្នុង និង​ក្រៅប្រទេស ត្រូវ​បង់ប្រាក់​ពន្ធ​ប្រចាំខែ និង​ត្រូវ​កាត់​ទុក​ដោយ​និយោជក តាម​អត្រាកំណើន​តាម​ថ្នាក់។

ប្រាក់​ពន្ធលើប្រាក់បៀវត្ស​រ៍​ដែល​និវាស​ន​ជន ត្រូវ​បង់​ប្រចាំខែ​និង​ត្រូវ​កាត់​ទុក​ដោយ​និយោជក តាម​អត្រាកំណើន​ដូចតទៅ​ចាប់ពី០រៀល ដល់៨សែន ឬ២០០ដុល្លារ(មិន​ជាប់ពន្ធ) ពី៨សែន ឬ២០០ដុល្លារ ដល់១លាន២សែន៥ពាន់ ឬ៣០១ដុល្លារ(ជាប់​ព​ន្ថ៥ភាគរយ) ចាប់ពី១លាន២សែន៥ពាន់ ឬ៣០១ដុល្លារ ដល់៨លាន៥សែន ឬ២,១២៥ដុល្លារ(ជាប់ពន្ធ១០ភាគរយ) ចាប់ពី៨លាន៥សែន ឬ២,១២៥ដុល្លារ​ដល់ ១២លាន៥សែន ឬ៣,១២៥ដុល្លារ(ជាប់ពន្ធ១៥ភាគរយ) និង​លើសពី១២លាន៥សែន ឬ៣,១២៥ដុល្លារ (ជាប់ពន្ធ២០ភាគរយ)។

សូមបញ្ជាក់ថា យុទ្ធនាការ​យកពន្ធ​លើ​ប្រាក់ខែ​នេះ​ទំនងជា​ប៉ះពាល់​ធ្ងន់ធ្ងរ​តែ​ទៅលើ ពលរដ្ឋ​ដែលមាន​ការងារ​ធ្វើល្អៗនៅ​ទីប្រជុំជន ជាពិសេស នៅ​ទីក្រុង​ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ កំពង់ចាម។ល។ បុគ្គលិក​ក្រុមហ៊ុន បុគ្គលិក​អង្គការ​ជាតិ និង​អន្តរជាតិ អាច​ត្រូវ​បង់ពន្ធ​លើ​ប្រាក់បៀវត្សរ៍​ច្រើន។

តែ​ចំពោះ​ពលរដ្ឋ​ដែល​ទទួលបាន​ប្រាក់ខែ​ច្រើន​រយ ឬ​ពាន់​ដុល្លារ​ដែល​ធ្វើការ​នៅ​តំបន់​ដាច់ស្រយាល​ដោយ​ក្រុមហ៊ុន​គ្មាន​ចុះបញ្ជី​ស្នាម ពួកគេ​ពិតជា​អាច​គេចផុត ពី​ការបង់ពន្ធ៕


© រក្សាសិទ្ធិដោយ thmeythmey.com