ជាតិ
សង្គមជាតិ
តំបន់​អង្គរ​មាន​ម៉ាស៊ីន​សម្រាប់​វាស់​កម្រិត​ផ្សែង​ពុល​ចេញពី​យានយន្ត
17, Jan 2015 , 4:05 pm        
រូបភាព
សៀមរាប៖ ចាប់ពីពេលនេះ​ទៅ នៅក្នុង​បរិវេណ​នៃ​តំបន់​អង្គរ នឹងមាន​ការត្រួតពិនិត្យ​កម្រិត​ផ្សែង​ពុល ដែល​បង្កឡើង​ដោយ​ផ្សែង​យានយន្ត និង​ផ្សែង​ដែល​កើតចេញពី​ការដុត​សំរាម។ ឧ​ប​ករណី​វាស់​កម្រិត​ផ្សែង​ពុល នឹង​តាមដាន រាល់​កម្រិត​ផ្សែង​ពុល​នានា ដែល​កំពុងមាន​នៅក្នុង​តំបន់​អង្គរ។ នេះ​បើ​យោងតាម​សេចក្តី​ជួន​ដំណឹង​របស់​អាជ្ញាធរ​អប្សរា កាលពី​ថ្ងៃទី១៤ ខែមករា។



ឧបករណ៍​វាស់​កម្រិត​ផ្សែង​ពុល​ចំនួន២ប្រភេទ ត្រូវបាន​ផ្តល់​ដោយ​ក្រុមហ៊ុន​របស់​ប្រទេស​បារាំង ផ្តល់ជូន​អាជ្ញាធរ​អប្សរា ដើម្បី​អនុវត្តន៍​ផែនការ​គ្រប់គ្រង​រមណី​យ​ដ្ឋា​ន​ទេសចរណ៍​របស់ខ្លួន។ តំណាង​ក្រុមហ៊ុន Bollere របស់​ប្រទេស​បារាំង បាន​និយាយថា ឧបករណ៍​វាស់​កម្រិត​ផ្សែង​ពុល ដែល​ខ្លួន​បាន​ឲ្យ​នៅពេលនេះ មាន​ចំនួន២ប្រភេទ គឺ​ម៉ាស៊ីន​សម្រាប់​វាស់​កម្រិត​ផ្សែង​ពុល​ក្នុង​បរិយាកាស​ទូទៅ​ដែល​កើត​ពី​ការដុត​សំរាម ឫ​ព្រៃឈើ និង​មួយ​ប្រភេទ​ទៀត គឺជា​ម៉ាស៊ីន សម្រាប់​វាស់​កម្រិត​ផ្សែង​ពុល​ដែល​ចេញពី​យានយន្ត​គ្រប់​ប្រភេទ។

ប្រធាន​ក្រុមការងារ​អនុវត្តន៍​ផែនការ​គ្រប់គ្រង​ទេសចរណ៍​អង្គរ និង​ជា​ប្រធាន​ក្រុមការងារ​សិក្សា និង​លើក​វិធានការ​ចំពោះ​ការបំពុល​បរិយាកាស​តំបន់​អង្គរ លោក សុខ សង្វា បាន​ទទួលយក​ម៉ាស៊ីន​ខាងលើ​ពី​តំណាង​ក្រុមហ៊ុន និង​បាន​និយាយថា ឧបករណ៍​នេះ​មាន​សារៈសំខាន់​ណាស់ ក្នុងការ​វាស់​កម្រិត​ផ្សែង​ពុល​នានា ក្នុងទិសដៅ​ការពារ​តុល្យភាព​បរិស្ថាន ក្នុង​រមណីយដ្ឋាន​អង្គរ៕






© រក្សាសិទ្ធិដោយ thmeythmey.com