ជាតិ
សង្គមជាតិ
សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ស្នើ​ឲ្យ​សភា​បញ្ឈប់​ការ​ចរាចរណ៍​ក្រដាសប្រាក់១០០រៀល​ថ្មី
18, Jan 2015 , 10:20 am        
រូបភាព

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយបាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ពិចារណា និង​ស​ម្រ​ច​ចិត្ត​សារជាថ្មី ចំពោះ​ការអនុញាត​ឲ្យ​ធ្វើការ​បោះពុម្ព​ក្រដាសប្រាក់​មួយរយ​រៀល ដែល​បានដាក់​រូប​ព្រះពុទ្ធ និង​រូប​ព្រះសង្ឃ​តំណាង​ដោយ​អតីតព្រះមហាក្សត្រ​នរោត្តម សីហនុ។  ក្រដាសប្រាក់​មួយរយ​រៀល នេះ​នឹង​ចរាចរ​នៅលើ​ទីផ្សា នាពេលឆាប់។



នៅក្នុង​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃទី១៦ខែមករា សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​សរសេរថា ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ដែល​ប្រជាជន​ខ្មែរ​គោរពបូជា រហូត​មានការ​សាងសង់​ទី​វត្ត​អារាម សម្រាប់​តម្កល់​ព្រះ​ពុទ្ធរូប ព្រះធម៌ និង​ព្រះសង្ឃ ដើម្បី​រម្លឹក​គុណ​ដល់​ពុទ្ធសាសនា។

លើសពីនេះ ព្រះ​ពុទ្ធរូប​ក៏ត្រូវ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដាក់​តម្កល់​ថ្វាយ ទៀន ធូប ផ្កា និង​ថ្វាយបង្គំ បួងសួង​សុំ​សេចក្តីសុខ ចម្រើន​តាម​ផ្ទះ​ផងដែរ។ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បាន​ចោទ​ជា​សំណួរ​ថា ចុះបើ​ពេលនេះ ព្រះ​ពុទ្ធរូប ត្រូវបាន​ដាក់​នៅលើ​ក្រដាស​លុប​បែបនេះ តើ​តម្លៃ​ព្រះពុទ្ធសាសនា នឹង​ទៅជា​យ៉ាងណា? ហើយ​នេះ​ក៏​ជា​រូបភាព​មួយ​ហាក់ដូចជា​មិន​ឲ្យ​តម្លៃ​ព្រះ​ពុទ្ធរូប ព្រះសង្ឃ ហើយ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ ប្រមាថ​ព្រះពុទ្ធសាសនា ដែលជា​ហេតុ​នាំ​ឲ្យ​មាន​អំពើ​បាប​ដោយ​មិនដឹង​ខ្លួន។

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ក៏បាន​អំពាវនាវ​ទៅកាន់​សភាជាតិ ចាត់វិធានការ​ណាមួយ ដើម្បី​បញ្ឈប់​កុំ​ឲ្យ​មាន​ក្រដាសប្រាក់​មួយរយ​រៀល​នេះ ចរាចរណ៍​នៅលើ​ទីផ្សា​ជាដាច់ខាត ប្រសិនបើ​នៅ​ចាត់ទុក​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ​តទៅទៀត៕

 


© រក្សាសិទ្ធិដោយ thmeythmey.com