ជាតិ
សង្គមជាតិ
អ្នកមាន​បញ្ហាដីធ្លី​ស្នើ​ឲ្យ លោក ស៊ូ​ប៊ែ​រ​ឌី ចូលរួម​សវ​នា​ស្ត្រី​បឹងកក់​នៅ​ថ្ងៃទី២២ខែមករា
18, Jan 2015 , 3:30 pm        
រូបភាព
សហគម​ន៍មាន​បញ្ហាដីធ្លី គ្រោង​នឹង​ជួប លោក សូ​រី​យ៉ា ស៊ូ​ប៊ែ​ឌី (Surya P. Subedi) អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា នៅក្នុងពេលឆាប់ៗខាងមុខនេះ។ បញ្ហា​ជាច្រើន នឹងត្រូវ​លើកឡើង នៅក្នុង​ជំនួប​នោះ ដូចជា​បញ្ហាដីធ្លី ការរំលោភ​សិទ្ធិមនុស្ស អំពើហិង្សា សេរីភាព​នៅក្នុង​ការបញ្ចេញ​មតិ និង​ការចាប់​ឃុំខ្លួន​សកម្មជន​ដីធ្លី និង​សិទ្ធិមនុស្ស ជា​ស្នើ​ឲ្យ​លោក ស៊ូ​ប៊ែ​ឌី អន្តរាគមន៍​ទៅកាន់​រដ្ឋាភិបាល​ដោះលែង សកម្មជន​ដីធ្លី​បឹងកក់ និង​សកម្មជន​សិទ្ធិមនុស្ស​ផ្សេងទៀត​ឲ្យ​មាន​សេរីភាព។



សហគម​ន៍មាន​បញ្ហាដីធ្លី​ចំនួន៤ ដែល​រួមមាន​សហគម​ន៍បុរី​កីឡា បឹងកក់ SOSប្រ​លាន​យន្តហោះ និង​សហគមន៍​អតីត​អ្នក​បឹងកក់ នឹង​ជួប​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សូ​រី​យ៉ា ស៊ូ​ប៊ែ​ឌី នៅក្នុងពេលឆាប់ៗខាងមុខនេះ។ នេះ​បើតាម​ការបញ្ជាក់​របស់ អ្នកស្រី យ៉ោ​ម បុប្ផា សកម្មជន​ដីធ្លី​តំបន់​បឹងកក់។

អ្នកស្រី​យ៉ោ​ម បុប្ផា បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅថ្ងៃនេះ​ថា៖«នៅក្នុង​ជំនួប​នាពេលខាងមុខ​នោះ សហគមន៍​មាន​បញ្ហាដីធ្លី នឹង​លើកយក​បញ្ហា​ជាច្រើន​ប្រាប់​ទៅ​លោក​ស៊ូ​ប៊ែ​ឌី  ដូចជា​បញ្ហាដីធ្លី ការរំលោភ​សិទ្ធិមនុស្ស អំពើហិង្សា សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ ការចាប់ខ្លួន​សកម្មជន​ដីធ្លី និង​សកម្មជន​សិទ្ធិមនុស្ស និង​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការយក​ប្រព័ន្ធតុលាការ​មក​ធ្វើជា​ឈ្នាន់ ក្នុង​ចាប់ឃុំខ្លួន​សកម្មជន​ទាំងនោះ ព្រមទាំង​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​ដែល​កំពុង​ជាប់ឃុំ ហើយ​ជាពិសេស គឺ​ស្នើ​ឲ្យ លោក ស៊ូ​ប៊ែ​ឌី ចូលរួម​តាមដាន​សវ​នា​នៅ​សាលាឧទ្ធរណ៍​របស់​ស្ត្រី បឹងកក់ នៅ​ថ្ងៃទី២២ ខែមករា​ខាងមុខ»។

តែ​យ៉ាងណាក៏ដោយ សកម្មជន​ដីធ្លី​តំបន់​បឹងកក់​រូបនេះ មិនអាច​បញ្ជាក់​ពីថ្ងៃ​ជួប ជាមួយ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​នៅឡើយ ប៉ុន្តែ​ជំនួប​នេះ នឹងធ្វើ​ឡើង​នៅមុន​ថ្ងៃទី២២មករា។

លោក សូ​រី​យ៉ា ស៊ូ​ប៊ែ​ឌី បានមក​បំពេញ​ទស្សនកិច្ច​រយៈពេល៩ថ្ងៃ នៅក្នុង​ប្រទេស​កម្ពុជា គឺ​ចាប់ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី២៥ខែមករា ឆ្នាំ២០១៥ ។ ដំណើរ​ទស្សនៈកិច្ច​នេះ គឺជា​បេសកកម្ម​ចុងក្រោយ​របស់ លោក ស៊ូ​ប៊ែ​ឌី ក្នុងនាម​ជា​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា។

បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស លោក ស៊ូ​ប៊ែ​ឌី នឹង​ជួប​ជាមួយ​អ្នកការពារ​សិទ្ធិមនុស្ស តំណាង​អង្គការ​សង្គម​ស៊ីវិល និង​ម្ចាស់ជំនួយ។ ក្នុង​កំឡុង​បេសកកម្ម​នេះដែរ គេ​រំពឹងថា​លោក​ស៊ូ​ប៊ែ​ឌី នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សមាជិក​ជាន់ខ្ពស់​មួយចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល​ផងដែរ។

ដំណើរ​បេសកកម្ម​នេះ ជា​ផ្នែក​មួយ​នៃ​ការវាយតម្លៃ​សរុប​ជារួម នូវ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន។ បើតាម​លោក ស៊ូ​ប៊ែ​ឌី៖«នៅក្នុង​បេសកកម្ម​ចុងក្រោយ​នេះ លោក នឹង​ផ្តោតលើ​ការរីកចម្រើន និង​ការសម្រេច​ធ្វើឱ្យ​ស្ថាប័នរដ្ឋ​មាន​ឯករាជ្យភាព ជាពិសេស​គឺ​ការ​កំណែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​តុលាការ»។ នៅ​ចុងបញ្ចប់​នៃ​បេសកកម្ម លោក ស៊ូ​ប៊ែ​ឌី នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ម៉ោង៣រសៀល ថ្ងៃទី២៣ខែមករា នៅឯ​ការិយាល័យ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា(OHCHR )។

សូមបញ្ជាក់ថា លោក​សុរិយា​ប្រាសាទ ស៊ូ​ប៊ែ​ឌី ត្រូវបានតែងតាំង​ជា​អ្នករាយការណ៍​ពិសេស​នៃ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​កាលពី​ខែមីនា ឆ្នាំ២០០៩ ហើយនឹង​ត្រូវ​បញ្ចប់​តំណែង​នៅ​ខែមីនា ឆ្នាំ២០១៥នេះ​ក្នុង​រយៈពេល​អាណត្តិ៥ឆ្នាំ​របស់លោក៕



© រក្សាសិទ្ធិដោយ thmeythmey.com