ជាតិ
សង្គមជាតិ
១៣៦នាក់​ស្លាប់​ដោយ​សា​រ​​គ្រោះ​ម​ហ​ន្ត​រា​យ​ធ​ម្ម​ជា​តិ​​​នៅ​​ឆ្នាំ​២​០​១​៤​
18, Jan 2015 , 5:00 pm        
រូបភាព
គ្រោះមហន្តរាយធម្មជាតិ ដូចជា​គ្រោះទឹកជំនន់  ខ្យល់ព្យុះ រន្ទះបាញ់ បាក់​ច្រាំង នឹង​គ្រោះរាំងស្ងួត​ជាដើម បាន​ឆក់យក​ជីវិត​មនុស្ស​ចំនួន១៣៦នាក់ កាលពី​ឆ្នាំ២០១៤កន្លងទៅ។ តួលេខ​នេះ បាន​ថយចុះ​ប្រមាណ៧០ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ២០១៣ ដែលមាន​អ្នកស្លាប់​ជាង៣០០នាក់។



បើតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ២០១៤ គ្រោះទឹកជំនន់ បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន៤៩នាក់​បាន​ស្លាប់ ខណៈ​កាលពី​ឆ្នាំ២០១៣មាន​ចំនួន១៥២នាក់។ ទឹកជំនន់ កាលពី​ឆ្នាំ២០១៤ បាន​ប៉ះពាល់​ដល់ ពលរដ្ឋ​ចំនួន១៦៥,៥១៦គ្រួសារ ប្រជាពលរដ្ឋ​ដែល​បាន​ភៀសខ្លួន​ទៅ​ទី​ទូល​មាន​សុវត្ថិភាព​ចំនួន១១,៦៧៥គ្រួសារ ផ្ទះ​ដែល​មានទឹក​លិច​មាន​ចំនួន៨៧,៣៣៣ខ្នង ហើយ​ផ្ទះ​ដែល​ខូចខាត​ទាំងស្រុង​ដោយសារ​ទឹកជំនន់ មាន​ចំនួន១៨៥ ខ្នង។ រីឯ​សាលារៀន​ចំនួន៣៩៧កន្លែង វត្ត១៥៤កន្លែង និង​មន្ទីរពេទ្យ៣២កន្លែង ត្រូវ​ទឹក​លិច។

ចំណែកឯ​ខ្យល់ព្យុះ បាន​កើតឡើង​ចំនួន១៦០លើក ដែល​បណ្តាល​ឲ្យ​មនុស្ស៩នាក់ ស្លាប់ របួស​ចំនួន៨៧នាក់ សាលារៀន​ជិត៤០អគារ និង​ផ្ទះ​ប្រជាពលរដ្ឋ​ជិត៦ពាន់​ខ្នង​រង​ការខូចខាត។ ដោយឡែក ករណី​រន្ទះបាញ់​វិញ បាន​កើតឡើង​ចំនួន៨៤លើក បណ្តាល​ឲ្យ​មនុស្ស ៧៥នាក់ ស្លាប់ ៥៥នាក់​របួស និង​ងាប់​គោក្របី​ចំនួន៥៨ក្បាល។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា គ្រោះ​បាក់​ច្រាំងទន្លេ បាន​កើតឡើង​រហូតដល់​ចំនួន២៤លើក ដែល​បណ្តាល មនុស្ស​ចំនួន៣នាក់ បាន​ស្លាប់ ខូច​ខាត់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន៣៤៣ខ្នង ហើយ​បាក់​ទាំងស្រុង​ចំនួន១៨ខ្នង។ រីឯ​គ្រោះរាំងស្ងួត​ក៏បាន​កើតឡើង​ផងដែរ មិនបាន​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ទេ ប៉ុន្តែ បណ្តាល​ឲ្យ​ខួច​ខាត​នូវ ស្រែ​របស់​ប្រជាពលរដ្ឋ រហូតដល់​ជាង​មួយ​ម៉ឺន​ហិកតា៕




© រក្សាសិទ្ធិដោយ thmeythmey.com