ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ្រូពេទ្យ​សិង្ហ​បុរីកំពុងព្យា​បាល​ជំងឺ​​លោក ប៉ែន សុវណ្ណ​
19, Jan 2015 , 9:16 am        
រូបភាព
ដោយ:
ក្រុម​គ្រូពេទ្យ​ជំនាញ​ៗ​របស់​ប្រទេស​សិង្ហបុរី កំពុងព្យាបាលជំងឺ​អតីតនាយករ​ដ្ឋមន្រ្តី​ខ្មែរ​សម័យ​សាធារណរដ្ឋប្រជា​មានិតកម្ពុជា​លោក ប៉ែន សុវណ្ណ ដែល​មានជំងឺ​ស្ទះសរសៃ​ឈាម​។ នេះ​បើតាម​ប្រសាសន៍​របស់​លោក មុត ចន្ថា ​នាយកខុទ្ទកាល័យលោក កឹម សុខា ។ លោក មុត ចន្ថា ដែលជាអ្នក​មានភារកិច្ច​ទទួល​ជំនួយសម្រាប់​ឧបត្ថម្ភលោក ប៉ែន សុវណ្ណ​ផងនោះ ​បានអះអាងយ៉ាងនេះ​ថា៖ «​ក្រោយពីមានជំងឺស្ទះសរសៃឈាម លោក ប៉ែន សុវណ្ណ បានដឹកទៅសង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យក្នុង​ស្រុក តែបន្ទាប់ពីពិនិត្យឃើញស្ថានភាពមិនស្រួល យើងក៏សម្រេចបញ្ជូនគាត់ទៅព្យាបាលនៅប្រទេសសិង្ហបុរី » ។



បើតាមលោក មុត ចន្ថា លោក ប៉ែន សុវណ្ណ ត្រូវដឹកតាមយន្តហោះទៅសង្គ្រោះ​នៅក្នុង​ប្រទេសសិង្ហបុរី​កាលពី​យប់ម៉ោង ១ និង ១៥ នាទី រំលងអាធ្រាត្រឈានចូល​ថ្ងៃ​ទី ១៩ ខែ​ មករា ។ មន្រ្តីរូ​ប​នេះ បញ្ជាក់​ប្រាប់​សារ​ព័ត៌មាន​ថ្មីៗ​យ៉ាង​នេះ​ថា ៖ «ទម្រាំទៅដល់​ប្រទេស​សិង្ហ​បុរី ប្រើពេល ៤ ​ទៅ​ ៥ ម៉ោង​ ។ ខ្ញុំនៅ​មិនទាន់​ដឹង​ច្បាស់ថា អាការៈគាត់ពេល​នេះយ៉ាង​ណា​ឲ្យ​ច្បាស់​នោះ​ទេ ​តែ​យើងនៅ​រង់​ចាំ​មើល​ការ​ព្យា​បាល​របស់​គ្រូពេទ្យ​ជំនាញ​សិង្ហ​​បុរី» ។

ជាមួយគ្នា​នេះ ​លោក កឹម​ សុខា ​ក្នុង​នាម​អនុប្រធាន​ទី ១ ​នៃ​រដ្ឋ​សភា បាន​ចេញ​​លិខិត​អំពាវ​នាវ​រក​ជំនួយ​ជា​បន្ទាន់​ពីសំណាក់​សប្បុរស​ជនក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ ដើម្បី​ឧបត្ថម្ភ​ដល់​ថ្លៃ​ព្យាបាល​ជំងឺ​របស់​លោក ប៉ែន ​សុវណ្ណ ។ ​បើតាម​លោក កឹម សុខា គ្រាន់​តែថ្លៃ​ដឹក​ជញ្ជូន​លោក ប៉ែន ​សុវណ្ណ​ ​ទៅព្យាបាល​នៅ​សិង្ហបុរី ចំណាយថវិកា​អស់ ២៤ ០០០ ដុល្លារ​អាមេរិក៕

© រក្សាសិទ្ធិដោយ thmeythmey.com