ជាតិ
សង្គមជាតិ
យុវជន​​មួយ​ចំនួន​​នៅ​​ក្រុង​​ស្ទឹងសែន​​មិន​ទាន់​​យល់​​ពី​​អំពើ​ពុករលួយ​
19, Jan 2015 , 10:42 am        
រូបភាព
ដោយ:
កំពង់ធំ៖ យុវជន​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ នៅ​មិនទាន់​យល់ដឹង​ច្បាស់​នៅឡើយ​ពី​បញ្ហា​អំពើ​ពុករលួយ​នោះទេ។ អ្នកខ្លះ​មិនដែល​ចាប់អារម្មណ៍​ពី​ការផ្សព្វផ្សាយ​អំពី​បញ្ហា​នេះ​ទាល់តែ សោះ។ រីឯ​អ្នក​ខ្លះទៀត ពួកគេ​យល់ថា គម្លាត​រវាង​អ្នក និង​អ្នកក្រ ប្រហែល​មកពី​អំពើពុករលួយ?


ជា​កម្មករសំណង់ យុវជន អៀ​ប ទំនងជា​គ្មាន​ពេល​ស្វែងយល់​អំពី​បញ្ហា​អំពើពុករលួយ​នោះឡើយ។ ប៉ុន្តែ​យុវជន​រូបនេះ​បាន​ប្រាប់​ឲ្យ​ដឹងថា រូបគេ​ពិតជា​ធ្លាប់​បានឮ​ពាក្យ​អំពើពុករលួយ​នេះ។ អៀ​ប បាន​និយាយ​យ៉ាង​ដូច្នេះ៖«ខ្ញុំ​មិន​ចង់ដឹង​ពី​បញ្ហា​នេះឡើយ ខ្ញុំ​ក៏​មិន​ចង់ដឹងថា តើ​វា​ប៉ះពាល់​យ៉ាងណា​ដល់​សង្គម​នោះទេ»។

ខុសពី​យុវជន​ជា​កម្មករសំណង់​រូបនេះ ភា​រុណ​ដែល​កំពុង​បម្រើការ​ក្នុង​ភោជនីយដ្ឋាន​កំពង់ធំ ចង់​ស្វែងយល់ និង​សិក្សា​អំពី​អំពើពុករលួយ។ ភា​រុណ និយាយថា ខ្លួន​មិនដែល​ធ្លាប់​ឮ​ការផ្សព្វផ្សាយ​អំពី​ការប្រឆាំង​អំពើពុករលួយ​នោះទេ។ ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ បើតាម​ការអះអាង​រប​ស់លោក​ភា​រុណ លោក​ចង់​ចូលរួម​សិក្សា និង​ផ្សព្វផ្សាយ​សារ​ប្រឆាំង​អំពើ ពុករលួយ​នេះ ប្រសិនបើ​វា​អាចជួយ​ប្រទេស​កម្ពុជា​ឲ្យ​បានល្អ​មែន​នោះ។ ភា​រុណ និយាយ​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​ចង់​ឲ្យ​ប្រទេស​យើង​មាន​ការងារ​ច្រើន​សម្រាប់​យុវជន។ បើ​គ្មាន​អំពើពុក រលួយ វា​អាចជួយ​យុវជន​មែន ខ្ញុំ​ចង់​រៀន​អំពី​វា​ឲ្យ​បាន​ច្បាស់»។

ពាក់ព័ន្ធ​នឹង​ប្រធានបទ​ដដែល​នេះ យុវ​សិស្ស​ថ្នាក់​ទី១២នៃ​វិទ្យាល័យ​កំពង់ធំ​ឈ្មោះ សាំង សីហា ក៏​បញ្ជាក់​មិន​ច្បាស់​អំពី​និយមន័យ​នៃ​ពាក្យ អំពើពុករលួយ​ដែរ។ នៅ​សួរ​អំពី​អំពើ ពុក រលួយ សីហា បាន​ព្យាយាម​ទស្សន៍ទាយ​ថា ការកាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់ ប្រហែល​អាចមកពី​បញ្ហា​អំពើពុករលួយ។ យុវ​សិស្ស​រូបនេះ​នៅតែ​មិន​ហ៊ាន​និយាយ​ច្បាស់ លាស់​អំពី​ករណី​មួយចំនួន ដែល​ខ្លួន​បានឃើញ ថា​អាចជា​បច្ច័យ​នៃ​អំពើពុករលួយ។ សីហា បន្ត​សួរ​ខ្លួនឯង​យ៉ាង​ដូច្នេះ​ថា៖«នៅក្នុង​ភូមិ​ខ្ញុំ មាន​អ្នកមាន​ទ្រព្យសម្បត្តិ និង​អ្នកក្រ​ខ្លាំង។ នេះ​ប្រហែលជា​មកពី​អំពើពុករលួយ​ដែរ។ ពីព្រោះ​ខ្ញុំ​យល់ថា អ្នកមាន អ្នកធំ គេ​រាប់អាន​តែ​គ្នា​គេ។ ចំណែកឯ​អ្នកក្រ​វិញ គ្មាន​ឱកាស​រកស៊ី​ដូច​ពួក​អ្នកធំ​មានអំណាច​ឡើយ»។     សីហា និយាយថា រូបគេ​ចង់​រៀន និង​ចង់​យល់ដឹង​ឲ្យ​ច្បាស់លាស់​អំពី​បញ្ហា​អំពើពុករលួយ៕



© រក្សាសិទ្ធិដោយ thmeythmey.com