ជាតិ
សង្គមជាតិ
អ្នក​បឹង​កក់​បន្ត​​ទាមទារ​​រក​ដំណោះ​ស្រាយ​​ដីធ្លី​ ខណៈ​​សកម្មជន​​នឹង​ត្រូវ​​ឡើង​​តុលាការ ​
19, Jan 2015 , 11:22 am        
រូបភាព
ដោយ:
ភ្នំពេញ៖ បើទោះបីជា​ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់​ចំនួន ១០នាក់​នឹងត្រូវ​ឡើង​តុលាការ នា​ថ្ងៃទី២២ ខែមករា ខាងមុខនេះ​ក៏ដោយ ពលរដ្ឋ​តំបន់​បឹងកក់​នឹងមិន​ប​ញ្ឍ​ប់​ការទាមទារ​ជាដាច់ខាត។ ពួកគេ​បាន​បន្ត​ដាក់​ញត្តិ​ដល់​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ និង​គណកម្មការ​ទី១នៃ​រដ្ឋសភា ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហាដីធ្លី​ដ៏​រ៉ាំរ៉ៃ​ក្នុង​តំបន់​បឹងកក់​ដដែល។



ពលរដ្ឋ​មកពី​សហគមន៍​បឹងកក់​និង​បុរី​កីឡា​ប្រមាណ ៥០ នាក់ នៅតែ​បន្ត​ដាក់​ញត្តិ​ទាមទារ​រក​ដំណោះស្រាយ​ពី អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ និង​ស្វែងរក​ការជួយ​អន្តរាគមន៍​ពី​គណៈកម្មការ​ទីមួយ នៃ​រដ្ឋសភា នៅ​ថ្ងៃទី១៩ ខែមករា​នេះ។ តំណាង​ពលរដ្ឋ​បឹងកក់​ដែល​បាន​ផ្តិតមេដៃ​ទាមទារ​រក​ដំណោះស្រាយ លោក ចាន់ ពុទ្ធិ​ស័ក្ក ប្រាប់​ឲ្យ​ដឹង​នៅមុខ​សាលា​រាជធានី​ភ្នំពេញ​ថា បច្ចុប្បន្ននេះ សហគមន៍​បឹងកក់​សរុប​ជាង ១៥ គ្រួសារ ពុំទាន់​ទទួលបាន​ដំណោះស្រាយ​ណាមួយ​ពី​អាជ្ញាធរ​នៅឡើយ។ លោក​ថា៖«ដី​ផ្ទះ របស់​យើង​ត្រូវបាន​រដ្ឋាភិបាល​ផ្តល់​ទៅ​ឲ្យ​អោយ​ក្រុមហ៊ុន​សម្រាប់ធ្វើ​ការអភិវឌ្ឍ​ន៍»។

ទោះបីជា​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ចំនួន ១០នាក់ ត្រូវ​ជាប់​ក្នុង​ពន្ធនាគារ​ព្រៃ​ស ហើយនឹង​ត្រូវ ឡើង​សាលា​ឧ​ទ្ធ​ណ៍ នា​ថ្ងៃ២២ ខែមករា ខាងមុខនេះ​ក្តី តំណាង​សហគមន៍​បឹងកក់​ផ្សេងទៀត នឹងមិន​បញ្ឈប់​ការទាមទារ​រក​ដំណោះស្រាយ​ឡើយ។

លោក ចាន់ ពុទ្ធិ​ស័ក្ក បន្ថែម​យ៉ាងនេះ​ថា៖«យើង​ហ៊ាន​យក​ជីវិត​មក​បន្ត​ទាមទារ​ទំហំ​ដី​ចំនួន ១២,៤៤ ហិច​តា ដែល​រដ្ឋាភិបាល​បាន​កាត់​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្នុង​តំបន់​បឹងកក់»។ បើតាម​តំណាង បឹងកក់​រូបនេះ​ពលរដ្ឋ​ជាង ១៥គ្រួសារ​ដែល​មិនទាន់​ទទួលបាន​សំណង​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្តល់ ដី​ឲ្យ​ពលរដ្ឋ​សម្រាប់​ការអភិវឌ្ឍន៍​នៅនឹងកន្លែង។
ដើម្បី​ដោះស្រាយ​បញ្ហាដីធ្លី​ក្នុង​សហគមន៍​បឹងកក់ និង​សហគមន៍​បូរី​កីឡា​នេះដែរ នៅ​ថ្ងៃទី១៩ មករា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ហៅ​ឲ្យ​តំណាង​ពលរដ្ឋ​ទាំងនោះ​ចូលរួម​ប្រជុំ​រក​ដំណោះ ស្រាយភ្លាមៗផងដែរ។

គួររម្លឹកថា នៅក្នុង​សកម្មភាព​ព្យាយាម​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​រំដោះ​ទឹកស្អុយ​ចេញពី​ភូមិ ដោយមាន​ការបិទផ្លូវ​ធ្វើដំណើរ​នៅមុខ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ផង​នោះ អាជ្ញាធរ​រ​រាជធានី​បាន​ចាប់ខ្លួន​ស្ត្រី​សកម្មជន​ដីធ្លី​ចំនួន ១០នាក់ រួមមាន លោកស្រី ទេព វ​ន្នី លោកស្រី ផាន់ ឈុន​រ៉េត លោកស្រី គង់ ចន្ថា កញ្ញា សុង ស្រី​លាភ លោកស្រី បូ ឆវី លោកស្រី ង៉ែត ឃុន លោកស្រី ណង ស្រេង លោកស្រី អ៊ឹម ស្រី​ទូច លោកស្រី ភូ​ង ស្រី​ភាព និង​លោកស្រី ភួង ពេជ្រ។ ពួកគេ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ ១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ ២លាន​រៀល។ ស្រី្ត​ទាំង១០នាក់​នោះ នឹងត្រូវ​ឡើង​សាលាឧទ្ធរណ៍​សាជាថ្មី នៅ​រសៀល​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ខាងមុខនេះ ដើម្បី​សុំ​នៅក្រៅ​ឃុំ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com