ជាតិ
សង្គមជាតិ
កង​កម្លាំង​ប្រដាប់​អាវុធ​​ចម្រុះ ​ចុះ​​សម្អាត​​បរិស្ថាន​​ក្រុង​​ស្ទឹង​សែន​
19, Jan 2015 , 11:52 am        
រូបភាព
ដោយ:
កំពង់ធំ៖ នៅ​ព្រឹក​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ កម្លាំងប្រដាប់អាវុធ​ចម្រុះ​មាន​នគរបាល កង​រាជ​អាវុធហត្ថ និង​ទាហាន បាន​ចុះ​សម្អាត និង​ធ្វើ​អនាម័យ​ក្នុង​ក្រុង​ស្ទឹងសែន។ ប្រតិបត្តិការ​នេះ ត្រូវបាន​ចូលរួម​ដោយ​កម្លាំង ប្រមាណ៥០នាក់ ដោយ​អនុវត្តតាម​បញ្ជា​របស់​អភិបាលខេត្ត​កំពង់ធំ។


មិនមែនជា​លើកទីមួយ​ឡើយ​ដែល​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ​នៃ​ក្រុង​ស្ទឹងសែន​បានធ្វើ​សកម្មភាព​សម្អាត​ទីក្រុង។ វា​គឺជា​ការងារ​ប្រចាំ​រៀងរាល់​មួយខែ​ម្តង ដែលជា​ការអនុវត្ត​បញ្ជា​របស់​អភិបាលខេត្ត កំពង់ធំ លោក អ៊ុត សំអន។ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ សកម្មភាព​សម្អាត​ក្រុង​ស្ទឹងសែន​ត្រូវបាន​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ ញ៉ែម ឈុនលី អធិការនគរបាល​ក្រុង​ស្ទឹងសែន។

ការអនុវត្ត​សកម្មភាព​សម្អាត​ទីក្រុង​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​ក្រុង​ស្ទឹងសែន មិនមាន​គោលដៅ​សម្រាប់តែ​ថែរក្សា​បរិស្ថាន​នោះឡើយ ប៉ុន្តែ​វា​ក៏​ជា​គម្រោង​អនុវត្ត​ប្រឡង​ទីក្រុង​ស្អាត​របស់​រដ្ឋាភិបាល​ផងដែរ។ នេះ​បើតាម​ការអះអាង​របស់​លោក​អធិការ​ក្រុង​ស្ទឹងសែន។ លោក ញែ​ម ឈុនលី បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​ថា៖«សកម្មភាព​លើក​ក្រោយ យើង​នឹង​ពិនិត្យមើល​សណ្តាប់ធ្នាប់​នៃ​ការលក់ដូរ​តាម ចិញ្ចើមថ្នល់​ម្តង។ យើង​បង្រៀន​ឲ្យ​បងប្អូន​អ្នកលក់ដូរ​ចូលរួម​ថែរក្សា​អនាម័យ​ទីក្រុង»។

ទាក់ទង​នឹង​ការសម្អាត​ក្រុង​ស្ទឹងសែន លោក សឹម ពិសិដ្ឋ ជា​មន្ត្រីនគរបាល​ក្រុង​ស្ទឹងសែន បាន​និយាយ​គាំទ្រ និង​ពេញ​ចិត្តនឹង​សកម្មភាព​នេះ។ មន្ត្រីនគរបាល​រូបនេះ ចង់​ឲ្យ​សកម្មភាព​របស់​អង្គភាព​កម្លាំងប្រដាប់អាវុធ​ក្លាយជា​គំរូ​របស់​ប្រជាពលរដ្ឋ។

ពលរដ្ឋ​នៃ​ក្រុង​ស្ទឹងសែន​ម្នាក់ គឺ​លោក ស៊ុយ រតនៈ បាន​សំដែង​អារម្មណ៍​សប្បាយចិត្ត​ចំពោះ​សកម្មភាព​របស់​កម្លាំង​ប្រដាប់អាវុធ ដែល​មិន​ត្រឹមតែ​អនុវត្ត​ការងារ​រក្សា​សន្តិសុខ​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ។ លោក រតនៈ និយាយថា៖ «យើង​ដឹង​ហើយ​ថា សំរាម​មិន​ត្រឹមតែ​ធ្វើឱ្យ​ខូច​សោភ័ណភាព​ក្រុង និង​បរិស្ថាន​នោះទេ វា​ក៏​ធ្វើឱ្យ​ប៉ះ​ដល់​សុខភាព​ផងដែរ»។ ដូច្នេះ​លើសពី​ដឹកនាំ​ប្រជាពលរដ្ឋ​ឲ្យ​មានគំនិត​ថែរក្សា​បរិស្ថាន លោក​រតនៈ បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​វេច​ខ្ចប់​សំរាម​ឲ្យ​មាន​របៀបរៀបរយ និង​ទុកដាក់​សំរាម​ឲ្យ​សណ្តាប់ធ្នាប់​ទៀតផង៕



© រក្សាសិទ្ធិដោយ thmeythmey.com