ជាតិ
បទវិភាគ
សេដ្ឋកិច្ច
ហេតុអ្វីបានជាពលរដ្ឋមិនសូវសប្បាយចិត្តនឹងការបង់ពន្ធ?
× ភ្នំពេញ៖ ថ្មីៗកន្លងមកនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់បៀវត្សដែលបានកែប្រែសម្រាប់ឆ្នាំ២០១៥នេះ ។ ពន្ធលើប្រាក់ខែមានកម្រិតក្នុងចន្លោះពី៥ទៅ២០ ភាគរយ។ ក្រៅពីពន្ធលើប្រាក់ខែ ពលរដ្ឋត្រូវបង់ពន្ធយានជំនិះ ពន្ធលើអចលនទ្រព្យ និងពន្ធដទៃៗទៀត។ ការប្រកាសដកពន្ធ ពីប្រជាពលរដ្ឋ គឺជាគោលនយោបាយត្រឹមត្រូវរបស់រដ្ឋាភិបាល។ ប៉ុន្តែពលរដ្ឋដែលត្រូវបានរដ្ឋបង្ខំអោយបង់ពន្ធវិញ បានចោទជាសំណួរថា តើពួកគេទទួលបានផលអ្វីមកវិញ ពីការបង់ពន្ធនោះ។ ពលរដ្ឋជាច្រើនបានសម្តែងការមិនពេញចិត្តចំពោះចំណាត់ការយកពន្ធផ្សេងៗនិងជាពិសេស ពន្ធលើប្រាក់ខែ។
ស្តាប់សំឡេង
ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាចាប់ផ្តើមរឹតបន្តឹងច្បាប់បង់ពន្ធបន្តិចម្តង។ ជាក់ស្តែង ឥឡូវនេះ រដ្ឋាភិបាល បានជំរុញបន្ថែមទៀតអោយប្រជាពលរដ្ឋបង់ពន្ធលើប្រាក់ខែ។ អ្នកដែល ទទួលបានប្រាក់ខែក្នុងចន្លោះពី២០០ដុល្លារដល់ជាង៣ពាន់ដុល្លារអាមេរិកត្រូវជាប់កាតព្វកិច្ចបង់ពន្ធក្នុងចន្លោះពី៥ទៅ២០ភាគរយ។ តែអ្នកដែលទទួលបានប្រាក់បៀវត្សរ៍ក្រោមពី២០០ដុល្លារអាមេរិក មិនតម្រូវអោយបង់ពន្ធឡើយ។
ក្រៅពីការបង់ពន្ធលើប្រាក់ខែ ប្រជាពលរដ្ឋត្រូវបង់ពន្ធលើអចលនទ្រព្យ ពន្ធលើយាន្តជំនិះ ពន្ធលើប្រាក់ចំណេញ និងពន្ធដារផ្សេងៗទៀត។ ការបង់ពន្ធ គឺជារឿងធម្មតាសម្រាប់ប្រទេសជឿនលឿន ប៉ុន្តែ សម្រាប់ប្រទេសក្រីក្រកម្ពុជាវិញ ការបង់ពន្ធហាក់បីដូចជារឿងថ្មី ហើយពួកគេមិនចង់ចូលរួមបង់ពន្ធទេ។ តើនេះបណ្តាលមកពីមូលហេតុអ្វី?
កាលពីពេលមុន រដ្ឋាភិបាលនៃប្រទេសកម្ពុជាពឹងផ្អែកខ្លាំងទៅលើប្រាក់ចំណូលបានពី ពន្ធគយសម្រាប់ការអភិវឌ្ឍន៍ជាតិ ប៉ុន្តែដោយសារពន្ធគយត្រូវបាន ប្រទេសក្នុងតំបន់អាស៊ានព្រមព្រៀងគ្នាកាត់បន្ថយបន្តិចម្តងៗក្នុងចំណោមសមាជិកបស់ខ្លួននោះ រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាចាប់ផ្តើមសម្លឹងមើលប្រភពចំណូលផ្សេង ក្រៅពីប្រាក់ចំណូលពន្ធគយ។
ប្រាក់ចំណូលដែលរដ្ឋាភិបាលកម្ពុជាបាននិងកំពុងសម្លឹងមើលសម្រាប់ បំពេញថវិកាជាតិនាពេលខាងមុខនោះ គឺប្រាក់ចំណូលពន្ធដារ។ ចំណូលពន្ធដារគឺជាប្រាក់ចំណូលដែលរដ្ឋាភិបាល ប្រមែប្រមូលក្នុង ប្រទេស ដូចជា៖ពន្ធលើប្រាក់ខែ ពន្ធលើមធ្យោបាយដឹកជញ្ជូន ពន្ធលើប្រាក់ចំណេញនិងពន្ធលើសេវាកម្មមួយចំនួនផ្សេងទៀត។
អ្វីដែលជាការកត់សម្គាល់ គឺថា នៅគ្រាចុងក្រោយនេះ រដ្ឋាភិបាលបានជំរុញការប្រមូលពន្ធលើអចលនទ្រព្យដីធ្លីផ្ទះសម្បែង ពន្ធលើយាន្តជំនិះ និងពន្ធលើប្រាក់ខែ។ ប្រភេទពន្ធទាំងនេះមិនថ្មីទេសម្រាប់ប្រទេសជឿនលឿនគោរពច្បាប់ប៉ុន្តែ សម្រាប់ប្រទេសក្រីក្រកម្ពុជា ទើបងើបចេញពីសង្គ្រាម ប្រភេទពន្ធនេះហាក់បីដូចជាអំរែកថ្មីមួយទៀតសម្រាប់ប្រជាជន។ ហើយពន្ធលើប្រាក់បៀវត្សរ៍ក៏ជាការដាក់សម្ពាធបន្ថែមទៀតសម្រាប់បុគ្គលិក កម្មករ និងមន្ត្រីរាជការ។
នៅក្នុងប្រទេសគោរពច្បាប់ ការបង់ពន្ធគឺជាកាតព្វកិច្ចមិនអាចគេចវេះបានសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាវិញ កាតព្វកិច្ចបង់ពន្ធ មិនថាពន្ធគយឬពន្ធដារទេនៅមានភាពធូររលុង។ ឈ្មួញមួយចំនួនព្យាយាមមិនបង់ពន្ធក្នុងខណៈពេលដែលឈ្មួញមួយចំនួនផ្សេងទៀតសុខចិត្តបង់ពន្ធតាមការទាមទាររបស់រដ្ឋ។
ចំពោះពន្ធលើប្រាក់ខែ និងពន្ធលើអចលនទ្រព្យដីធ្លីផ្ទះសម្បែង គេសង្កេតឃើញថា ប្រជាជនមួយចំនួនចាប់ផ្តើមយល់ដឹងពីកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។ ពួកគេខ្នះខ្នែងបំពេញក្រដាសស្នាមខ្លួនឯង ហើយយកប្រាក់ទៅបង់ពន្ធជូនរដ្ឋ។ ប៉ុន្តែ ប្រជាពលរដ្ឋខ្លះទៀតនៅធ្វើព្រងើយកន្តើយនឹងរឿងនេះនៅឡើយ។ ភាពព្រងើយកន្តើយរបស់ប្រជាពលរដ្ឋនេះ គឺមិនមែនកើតឡើងដោយសារពួកគេនោះទេ។
តាមពិត គឺដោយសារប្រជាជនមួយចំនួននៅចោទជាសំណួរថា តើប្រាក់ដែលបង់ពន្ធជូនរដ្ឋនេះវាទៅទីណា? ហើយគេយកទៅធ្វើអ្វីពិតប្រាកដ? តើការប្រមែប្រមូលពន្ធមានតម្លាភាពដែរឬទេ?
ជាធម្មតា ការប្រមូលពន្ធមិនថា នៅប្រទេសជឿនលឿនគោរពច្បាប់ឬនៅកម្ពុជាទេ ជាគោលការណ៍គឺសម្រាប់បម្រើផលប្រយោជន៍របស់រដ្ឋ មានន័យថា ជាមួយនឹងទឹកប្រាក់ពន្ធនេះ រដ្ឋាភិបាលត្រូវយកទៅចំណាយសម្រាប់កសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យនិងសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។ ម្យ៉ាងវិញទៀត ទឹកប្រាក់មួយចំណែកត្រូវរក្សាទុកសម្រាប់ប្រាក់ចូលនិវត្តន៍នៃប្រជាពលរដ្ឋរបស់ខ្លួន។
សម្រាប់ប្រទេសកម្ពុជា ដោយសារតែការបង់ពន្ធជាវប្បធម៌ថ្មី និងដោយសារតែការមិនទុកចិត្តលើសេវារបស់រដ្ឋនោះ ប្រជាពលរដ្ឋនៅអល់អែក និងចោទជាសំណួរមិនចេះចប់មិនចេះហើយជុំវិញបញ្ហាបង់ពន្ធនេះ។ អ្នកខ្លះបន្តសំណួរថា ប្រសិនបើគេបង់ពន្ធជូនរដ្ឋគ្រប់ប្រភេទពន្ធទាំងអស់ តើពួកគេអាចទទួលបានអ្វីពីរដ្ឋវិញនៅពេលដែលពួកគេចូលនិវត្តន៍នោះ? ពន្ធចេះ តែបង់តែពេលចាស់ទៅរដ្ឋាភិបាលគ្មានបានគិតគូរអ្វីទាំងអស់។ សម្រាប់មន្ត្រីរាជការរដ្ឋ ពួកគេអាចទទួលបានប្រាក់ចូលនិវត្តន៍ខ្លះ តែចំពោះបុគ្គលិកអង្គការ ក្រុមហ៊ុនឯកជនវិញ តើពួកគេរំពឹងបានអ្វីពីរដ្ឋាភិបាល?
សរុបសេចក្តីមកវិញ ដើម្បីអោយប្រជាពលរដ្ឋមានទំនុកចិត្ត ហើយចូលរួមបង់ពន្ធដើម្បីកសាងប្រទេសជាតិ យន្តការនៃការប្រមូលពន្ធត្រូវធ្វើឡើងដោយតម្លាភាព ពន្ធត្រូវបម្រើផលប្រយោជន៍ជាតិ និងរបស់ប្រជាជន។ ប្រាក់ចំណូលបានមកពីពន្ធដារឬពន្ធគយត្រូវតែចូលទៅក្នុងបេឡារបស់រដ្ឋពោលគឺមិនមែនចូលក្នុងហោប៉ៅរបស់បុគ្គល៕
© រក្សាសិទ្ធិដោយ thmeythmey.com