ជាតិ
សង្គមជាតិ
អ្នករត់​រ៉ឺម៉កមាន​ទឹកមាត់​លេប​វិញ​នៅ​ខែ​សម្បូរ​ភ្ញៀវ
21, Jan 2015 , 8:57 am        
រូបភាព
សៀមរាប៖ អ្នករត់​រ៉ឺម៉ក​នៅ​ខេត្តសៀមរាប សុទ្ធតែ​និយាយដូចៗគ្នា​ថា មមាញឹក​នឹង​ការដឹក​ភ្ញៀវ។ ទាំំ​ង​អ្នករត់​រ៉ឺម៉ក​ប្រចាំ​នៅតាម​សណ្ឋាគារ និង​អ្នករត់​រាយ​ធម្មតា គឺមាន​ភ្ញៀវ​ដឹក​ច្រើន​ដូចគ្នា ដែល​ធ្វើ​ឲ្យ​ពួកគេ មាន​ទឹកមាត់​លេប​ឡើងវិញ បន្ទាប់ពី​ខែ​ភ្ញៀវ​ឡើង បានចាប់ផ្តើម​សម្រុក​ខ្លាំង​ចាប់ពី​ខែ១២មក។



ក្រុម​អ្នករត់​រ៉ឺម៉កបាន​និយាយថា ក្នុង​ខែមករា​នេះ ពួកគេ​អាច​រកប្រាក់​បាន​ច្រើនជាង​ខែផ្សេងៗ ។ ដោយសារ​ជា​ខែ​សម្បូរ​ភ្ញៀវ​នៅក្នុង​ឆ្នាំ ធ្វើ​ឲ្យ​អ្នករត់​រ៉ឺម៉ក​ខ្លះ ត្រូវ​ក្រោក​ពី​ព្រឹក​ព្រលឹម ដើម្បី​ដឹក​ភ្ញៀវ​ទៅកាន់​គោលដៅផ្សេងៗ ជាពិសេស​មើល​ថ្ងៃ​រះ​នៅ​ប្រាសាទអង្គរវត្ត។

លោក ស៊ឹម ចន្ថា កំពុង​អង្គុយ​លើ​រ៉ឺម៉ក​នៅ​ប្រាសាទបាយ័ន បាន​និយាយថា ក្នុង​ខែ​នេះ អ្នករត់​រ៉ឺម៉ក​មួយចំនួន មាន​ភាព​មមាញឹក​ច្រើន។ សម្រាប់​លោក ចន្ថា មួយថ្ងៃ​លោក​ដឹក​ភ្ញៀវ​ពី​តាម​សណ្ឋាគារ ដើរ​មើល​ប្រាសាទសំខាន់ៗ ដែល​រកចំណូលបាន​ពី១៥ដុល្លារ​ឡើងទៅ។ លោក​បន្ថែមថា ថ្ងៃ​ខ្លះ​លោក​អាច​រកបាន​ចន្លោះ​ពី៣០ ទៅ៥០ដុល្លារ​ឯណោះ ប្រសិនបើ​លោក​បន្ត​ដឹក​ភ្ញៀវ​រាយ​ខាងក្រៅ​បន្ថែមទៀត។ លោក ចន្ថា ពន្យល់ថា៖« ដឹក​ភ្ញៀវ​វេន​ដូច​ខ្ញុំ​ចឹ​ង មួយ​វេន១៥ដុល្លារ តែបើ​ភ្ញៀវ​ចង់​មើល​ថ្ងៃ​រះ យើង​គិត១០ដុល្លារ​បន្ថែម។ ពេលខ្លះ​ប៉ះ​ភ្ញៀវ​ទូលាយ គាត់​ឲ្យ​ខាងក្រៅ​ទៀត។ ខ្ញុំ​ចប់​ភ្ញៀវ​ម៉ោង៤ ចឹ​ង​ខ្ញុំ​មាន​ពេល​ដឹក​នៅតាម​ផ្សារ ឫ​ទីប្រជុំជន​ផ្សេងទៀត​បាន»។

យើង​ចេញពី​ប្រាសាទបាយ័ន មក​ប្រាសាទអង្គរវត្ត​វិញ​ម្តង។ នៅមុខ​ប្រាសាទអង្គរវត្ត លោក សុផល ទើបនឹង​ទម្លាក់​ភ្ញៀវ​ជនជាតិ​កូរ៉េ​របស់លោក ហើយក៏​កំពុង​យក​ថ្លៃ​ដឹក​ពី​ក្រុម​មគ្គុទ្ទេសក៍ ដែល​ជួល​មក​ផងដែរ។ លោក សុផល បាន​និយាយថា តាម​ដែល​រកបាន​ច្រើន​នៅ​ខែ​នេះ គឺជា​ភ្ញៀវ​ជា​ក្រុម ដោយឡែក​ភ្ញៀវ​រាយ​មិនសូវ​សម្បូរ​ទេ។ បន្ថែម​ពី​ដឹក​ភ្ញៀវ​មួយ​ជើងបាន៧ដុល្លារ លោក សុផល បញ្ជាក់ថា ជា​មធ្យម​លោក​រក​ពី​ភ្ញៀវ​រាយ​បាន១៥ដុល្លារ​ក្នុង​មួយថ្ងៃ។  

ចាប់ពី​ខែតុលា ដល់​ខែមេសា ជា​ខែ​ភ្ញៀវ​ឡើង (សម្បូរ​ភ្ញៀវ) ដោយសារ​ជា​រដូវប្រាំង។ ដោយឡែក​ចាប់ពី​ខែឧសភា ដល់​ខែកញ្ញា គឺ​ភ្ញៀវ​ចាប់ផ្តើម​ធ្លាក់ចុះ ព្រោះ​ជា​ខែ​ភ្លៀង ដូច្នេះ​ការធ្វើដំណើរ​កម្សាន្ត មានការ​ថយចុះ។ មិនថាតែ​អ្នករត់​រ៉ឺម៉ក់​នោះទេ អ្នករកស៊ី​ជាច្រើន​នៅ​ខេត្តសៀមរាប គឺ​ពឹង​លើ​ចំនួន​ភ្ញៀវ ប្រសិនណាបើ​ភ្ញៀវ​ស្ងាត់ នោះ​ការលក់ដូរ​របស់​ពួកគេ ក៏​ទៅតាម​ហ្នឹង​ដែរ។

គួររំលឹកថា ភ្ញៀវទេសចរ​ចិន និង​កូរ៉េ គឺ​ឈរ​នៅ​កំពូល ជា​ភ្ញៀវ​ដែល​មក​កម្សាន្ត​ខេត្តសៀមរាប​ច្រើនជាងគេ បើ​ប្រៀប​នឹង​ភ្ញៀវ​វៀតណាម ថៃ អង់គ្លេស រុស្ស៊ី បារាំង។ល។ នោះ។ បើទោះជា​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​អះអាងថា ចំនួន​ភ្ញៀវ​ក្នុង​ឆ្នាំ២០១៤ មានការ​កើនឡើង​យ៉ាងណាក្តី តែ​តាម​ការអះអាង​ពី​អ្នកធ្វើការ​លើ​វិស័យនេះ បញ្ជាក់ថា មានការ​ធ្លាក់ចុះ​ច្រើន មូលហេតុ​មាន ការធ្លាក់​យន្តហោះ បញ្ហានយោបាយ និង​ជម្លោះ​ប្រទេសជិតខាង​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com