ជាតិ
សុខភាព
នៅពេលដែល​សណ្តែកសៀង ពោត​ខូចគុណភាព និង​ម្សៅ​គីមី​ត្រូវបាន​ច្នៃ​ចេញ​ជា​កាហ្វេ!
21, Jan 2015 , 4:11 pm        
រូបភាព
រូបថត៖ ហ្វេសប៊ុក Khemara Yung
រូបថត៖ ហ្វេសប៊ុក Khemara Yung
ដោយ: រួបរួម
ហាង​កាហ្វេ និង​កាហ្វេ​ចល័ត​បាន​រីកដុះដាល​យ៉ាងខ្លាំង​នៅ​កម្ពុជា ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​នា​រយៈពេល​ចុងក្រោយ​នេះ។ ទន្ទឹមនឹង​ជម្រើស​ដ៏​ច្រើន​សន្ធឹកសន្ធាប់ អ្នក​និយម​ផឹក​កាហ្វេ​មួយចំនួន​ច្បាស់​ជា​លោះ​ព្រលឹង​ជាមិនខាន​ឡើយ បន្ទាប់ពី​បាន​មើលឃើញ​ព័ត៌មាន​នៃ​ការបង្ក្រាប​ទីតាំង​ស្តុក​កាហ្វេ​កែច្នៃ​ដ៏​ធំ​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ។



កាលពី​ថ្ងៃទី២០ ខែមករា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​រឹបអូស​សារធាតុ​គីមី​ជាង៣០តោន និង​ឃាត់​ជនជាតិ​វៀតណាម៤នាក់​នៅ​ទីតាំង​ស្តុក​កាហ្វេ​នៅ​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ តាម​ភស្តុតាង​ដែល​សមត្ថកិច្ច​រកឃើញ ក្រុម​ជនល្មើស​បាន​លួចលាក់​កែច្នៃ​សណ្តែកសៀង និង​ពោត​ខូចគុណភាព ដោយ​យកទៅ​លាយ​ជាមួយ​ស្ករត្នោត​កំឡោច​ម្សៅ និង​ប័​រ រួមទាំង​គ្រឿងផ្សំ​ជិត២០មុខ ដើម្បី​បង្កើត​ទៅជា​កាហ្វេ​ដ៏​មាន​ក្លិន​ឈ្ងុយ​ដាក់លក់​នៅលើ​ទីផ្សារ។

ប្រតិបត្តិ​ការដែល​ដឹកនាំ​ដោយ​លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ជំនាញ​ផ្សេងទៀត បាន​ឈានទៅដល់​ការឃាត់ខ្លួន​មនុស្ស៤នាក់​ដែល​ក្នុងនោះ​មានឈ្មោះ ស៊ា​ង ដា​រ៉ា ជនជាតិ​វៀតណាម អាយុ​ជាង៤០ឆ្នាំ ជា​មេក្លោង។

យោងតាម​កាសែត​ភ្នំពេញ ប៉ុស្តិ៍ សិប្បកម្ម​លួចលាក់​នេះ បាន​ដំណើរការ​អស់​ពេល​ជាង៦ឆ្នាំ​មកហើយ ដោយមាន​បណ្ណ​ប៉ាតង់​ត្រឹមត្រូវ​ពី​សាខា​ពន្ធដារ​ខណ្ឌ​សែន​សុខ។ ម៉ាក​កាហ្វេ​ដែល​ជនល្មើស​បាន​ផលិត និង​ដាក់លក់​នៅ​ទីផ្សា​រួមមាន កាហ្វេ​មេគង្គ , Diamond, Nam Nguyen, Tay Nguyen, Laos និង​កាហ្វេ​គ្មាន​ម៉ាក​សម្គាល់​មួយចំនួនទៀត។

លោក​វេជ្ជបណ្ឌិត  លី ចេង​ហ៊ុយ នាយក​គ្រប់គ្រង​គេហទំព័រ​សុខភាព​កម្ពុ​ជា បាន​និយាយប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា ការផលិត​កាហ្វេ​ក្លែងក្លាយ​ដោយ​ប្រើ​សារធាតុ​គីមី ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន ជាពិសេស​អាច​បង្ក​ឲ្យ​មាន​ជំងឺមហារីក​ផ្នែក​ណាមួយ​នៃ​សរីរាង្គ៕



© រក្សាសិទ្ធិដោយ thmeythmey.com