ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាលាឧទ្ធរណ៍​ប្រកាស​សាលដីកាសកម្មជន​តវ៉ា១១នាក់​នៅ​ថ្ងៃទី២៦មករា
23, Jan 2015 , 11:03 am        
រូបភាព
ដោយ: ថ្មីៗ
សាលាឧទ្ធរណ៍​បានសម្រេច​លើក​ពេល​ប្រកាស​សាលដីកា​ប្រឆាំង​សកម្មជន​ដីធ្លី និង​ព្រះសង្ឃ ចំនួន១១នាក់/អង្គ ទៅ​ថ្ងៃទី២៦មករា ឆ្នាំ២០១៥ បន្ទាប់ពី​សាលាឧទ្ធរណ៍​បើកសវនាការ​ជំនុំជម្រះ​បណ្ដឹង​របស់​ស្ត្រី​សកម្មជន​ដីធ្លី១០នាក់ និង​ព្រះសង្ឃ១អង្គ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ដែល​បាន​ប្ដឹង​ទាស់​នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។



ស្ត្រី​ទាំង១០នាក់ និង​ព្រះសង្ឃ១អង្គ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាត់ទោស​ឲ្យ​ពួកគេ​ជាប់ពន្ធនាគារ​ម្នាក់១ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ម្នាក់២លាន​រៀល ដោយ​ចោទ​ពីបទ​តវ៉ា​បិទផ្លូវ​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​សាធារណៈ។

សូមបញ្ជាក់ថា ស្ត្រី​សកម្មជន​ដីធ្លី៧នាក់​នៅ​សហគមន៍​បឹងកក់​ត្រូវបាន​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈដែល​ពួកគេ​តវ៉ា នៅមុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​មាន​អន្តរាគមន៍​រំដោះ​ទឹកស្អុយ​ចេញពី​ភូមិ។  ចំណែកឯ​ស្ត្រី៣នាក់ និង​ព្រះសង្ឃ១អង្គ​ផ្សេងទៀត ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​បន្ទាប់ ខណៈដែល​ពួកគេ​តវ៉ា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​មានការ​ដោះលែង​សកម្មជន​ដីធ្លី៧នាក់​ខាងលើ៕




© រក្សាសិទ្ធិដោយ thmeythmey.com