ជាតិ
លោក សុខ អាន ជំរុញ​ឲ្យ​ក្រសួង​វប្បធម៌​បង្កើន​សក្ដានុពល​វប្បធម៌
23, Jan 2015 , 12:13 pm        
រូបភាព
ដោយ: ថ្មីៗ
លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​ជំរុញ​ឲ្យ​ក្រសួង​វប្បធម៌​ពង្រឹង និង​បង្កើន​សក្ដានុពល​វប្បធម៌ ឲ្យ​មាន​ប្រសិទ្ធិភាព​បន្ថែមទៀត ដើម្បី​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​ឲ្យ​បានល្អ​គង់វង្ស។ ថ្លែង​នៅក្នុង​ពិធី​បូកសរុប​ការងារ​វប្បធម៌ និង លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៥ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃទី២២មករា លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​ជំរុញ​ឲ្យ​ក្រសួង​វប្បធម៌​អនុវត្ត​ការងារ​រួមមាន៖



១ជំរុញ​ការបណ្ដុះបណ្ដាល និង​អភិវឌ្ឍន៍​សមត្ថភាព​ធ​ន​ធាន​មនុស្ស​ក្នុង​វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ២ពង្រឹង​ការគ្រប់គ្រង និង​ការរៀបចំ​តំបន់​បេតិកភណ្ឌ​វប្បធម៌ រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត ក្នុង​គោលដៅ​ទេសចរណ៍វប្បធម៌។

៣ បង្កើន​ធនធានមនុស្ស សម្រាប់​ការគ្រប់គ្រង​និង​លើកស្ទួយ​សកម្មភាព​វប្ប​ធម៌​របស់​ជនជាតិដើម​ភាគតិច ជាពិសេស​នៅតាម​តំបន់​ដាច់ស្រយាល៤បង្កើត​មជ្ឈមណ្ឌល​វប្បធម៌​នៅតាម​រាជធានី ខេត្ត ដើម្បី​បង្ហាញ​ពី​ប្រពៃណី ទំនៀមទម្លាប់ និង​របៀប​រស់នៅ​រប​ស់​ប្រជាជន​ខ្មែរ៥បង្កើន​ការផលិត និង​ការផ្សព្វផ្សាយ​ផលិតផល​វប្បធម៌ សិល្បៈ​ទស្សនីយភាព​សិល្បៈ​សូន​រូប និង​សិល្បៈ​សិប្បកម្ម តាមរយៈ​ការតាំងពិព័រណ៍ និង​ការបង្ហាញ​ស្នាដៃ​ថ្មី ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ។

ជាពិសេស​លើកទឹកចិត្ត​ដល់​ការផលិត​ខ្សែភាពយន្ត និង​សិល្បៈ​ខ្មែរ​ទាំង​បរិមាណ និង​គុណភាព ក្នុង​គោលដៅ​កាត់បន្ថយ​ការនាំ​ចូល សិល្បៈ និង​ភាពយន្ត​បរទេស និង​ត្រូវ​សិក្សា​ស្រាវជ្រាវ​អំពី​បេតិកភណ្ឌ​វប្បធម៌​ទាំង​រូបី និង​អរូបី ដែល​កំពុង​ប្រឈម​នឹង​ការបាត់បង់​ដើម្បី​ចងក្រង​ទុកជា​ឯកសារ​សំដៅ​ថែរក្សា​អភិរក្ស​បេតិកភណ្ឌ​ដ៏​មានតម្លៃ​ទាំងនោះ​ឲ្យ​បាន​គង់វង្ស៕




© រក្សាសិទ្ធិដោយ thmeythmey.com