ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ប្រកាស​ថែរក្សា​វប្បធម៌​សន្ទនា​គា្ន បន្ទាប់ពី​ការព្រមាន​របស់លោក ហ៊ុន សែន
23, Jan 2015 , 3:06 pm        
រូបភាព
មេដឹកនាំ​បក្សប្រឆាំង​លោក សម រង្ស៊ី បានប្រកាស​ពី​ការសហការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ។ នៅ​ចំពោះមុខ​អ្នកគាំទ្រ​ខ្លួន​រាប់ពាន់នាក់ ក្នុងស្រុក​មេមត់ លោក សម រង្ស៊ី បាន​អះអាងថា រូបលោក នឹង​ខំប្រឹង​ថែរក្សា​វប្បធម៌​ស​ន្ទនា​គ្នា​ជាមួយនឹង​គណបក្សកាន់អំណាច។ ជំហរ​ជាថ្មី​របស់លោក សម រង្ស៊ី នេះ​ធ្វើឡើង​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  ព្រមាន​លុបចោល​វប្បធម៌​សន្ទនា​គ្នា​ចោល។



ជាការ​ប្រកាស​ជំហរ​សារជាថ្មី​ម្តងទៀត ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានបង្ហាញ​ពីឥរិយាបថ​នយោបាយ​ទន់ភ្លន់ ដោយ​ចង់​សហការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា  ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ។ សម្រាប់​លោក​ប្រមុខ​បក្សប្រឆាំង​រូបនេះ វប្បធម៌​សន្ទនា​គ្នា​របស់​មេដឹកនាំ​បក្សប្រឆាំង​ជាមួយ​មេដឹកនាំ​បក្ស​កាន់អំណាច គឺជា​រឿង​ដែល​មិន​ខ្វះ​បានឡើយ​ក្នុងការ​ដោះស្រាយ​បញ្ហា​របស់​ជាតិ និង​ប្រជាពលរដ្ឋ ។ លោក សម រង្ស៊ី ក៏បាន​ប្តេជ្ញា​រក្សា​នូវ​វប្បធម៌​សន្ទនា​គ្នា​នេះ​ឲ្យ​បាន​គង់វង់ទៅមុខទៀត​ផងដែរ។

លោក សម ស​ង្ស៊ី បានបញ្ជាក់​ដូច្នេះ​ថា៖«យើង​ចាស់​ប៉ុណ្ណឹង​ហើយ​យើង​អត់​ត្រូវការ​អី​ទេ ។ ពួកយើង​អាណិត​ប្រជារាស្ត្រ ។ យើង​ចង់បាន​កិត្តិយស តាមរយៈ​ការសង្គ្រោះ​ជាតិ ជួយ​ប្រជារាស្ត្រ។យើង​បង្កើត​វប្បធម៌​ស​ន្ទា​នា​គ្នា ចាប់ដៃគ្នា ​ដោះស្រាយ​បញ្ហា​ជាតិ ។ បើ​និយាយ​ឲ្យ​ចំ​ទៅ​គឺ​សម្តេច ហ៊ុន សែន និង​ខ្ញុំ សម រង្ស៊ី បាន​ផ្តួចផ្តើម​បង្កើត​នូវ​វប្បធម៌​សន្ទនា​គា្ន​ឡើយ។ វប្បធម៌​សន្ទនា​គ្នា ខ្ញុំ​មិន​ឲ្យ​បាត់បង់​នោះទេ ។ ខ្ញុំ​នឹង​ខិតខំ​រក្សា​វា​ឲ្យ​បានល្អ​ប្រសើរ ឲ្យ​រលូន បើទោះបីជា​កន្លងមក មាន​ភាពរអាក់រអួល​បន្តិច​ក៏ដោយ »។

ជាមួយគ្នានេះ​លោក សម រង្ស៊ី ក៏បាន​ប្រកាស​ពី​គុណសម្បត្តិ​កន្លងមក ក្រោម​កិច្ចសន្ទនា​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មានដូចជា​ការបញ្ចុះ​តម្លៃ​ប្រេងសាំង​ជាដើម ។ «ឥឡូវនេះ​ការបញ្ចុះ​ថ្លៃ​ភ្លើង​ហើយ ទាល់​តែមាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​ពីក្រោយ រំលឹក ដាស់តឿន​ជំរុញ ។ ថ្លៃ​ប្រេងសាំង​ពី៥០០០រៀល ចុះក្រោម៤០០០រៀល​ហើយ។ នេះ​ដោយសារ​គណបក្ស​ទាំងពីរ បានផ្ដល់​ព័ត៌មាន​គ្នា​ទៅវិញទៅមក មាន​សួរនាំ​ដេញដោល​គ្នា​ទៅវិញទៅមក។ បើ​មាន​គណបក្ស​តែមួយ​មិនអាច​បញ្ចុះ​បានទេ លុះត្រា​​តែមាន​គណបក្សធំៗពីរ​ជំរុញ​គ្នា ទើបបាន​ចំណេញ​រាស្ត្រ។ នេះ​ទើប​ជា​លិ​ទ្ធិ​ប្រជាធិបតេយ្យ » ។ នេះ​ជាការ​អះអាង​របស់លោក សម រង្ស៊ី។

យ៉ាងណា​ក៏ដោយចុះ​ការអះអាង​របស់លោក​មេ​បក្សប្រឆាំង​បែបនេះ បានធ្វើ​ឡើង ក្រោយពី​លោក ហ៊ុន សែន បាន​ព្រមានខ្លាំងៗផ្ញើ​សារ​ទៅកាន់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី១៩មករា​ថា រូបលោក​នឹង​លែង​អនុវត្ត​វប្បធម៌​សន្ទនា​គ្នា​ទៀត ហើយ​ប្រកាស​វាយប្រហារ​គ្នា​តាម​ពាក្យសម្តី​ទៅវិញទៅមក ។ លោកនាយក​រដ្ឋមន្ត្រី បាន​ចោទ​លោក សម រង្ស៊ី និង​លោក កឹម សុខា ថា ជា​អ្នក​មិនបាន​គោរព​ទៅលើ​វប្បធម៌​សន្ទនា​គ្នា​ដែល​សន្យា​កន្លងមក​ឡើយ ក្រោយពី​លោក​ទាំងពីរ​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតាម​ខេត្ត៕


© រក្សាសិទ្ធិដោយ thmeythmey.com